តិវិធេន រូបសង្គហោ ការរាប់នូវរូបដោយចំណែក ៣ គឺ៖
១. សនិទស្សនអប្បដិឃរូបំ រូបប្រកបដោយការឃើញផង ប្រកបដោយការប៉ះពាល់ផង១
២. អនិទស្សនសប្បដិឃរូបំ រូបមិនប្រកបដោយការឃើញផង មិនប្រកបដោយការប៉ះពាល់ផង២
៣. អនិទស្សនអប្បដិឃរូបំ រូបមិនប្រកបដោយការឃើញផង មិនប្រកបដោយការប៉ះពាល់ផង៣
( បិដកលេខ ១៩ ទំព័រ ១៣៩ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា តិវិធេន រូបសង្គហោ នេះតទៅ៖
ពាក្យថា តិវិធេន ប្រែថា ៣ ចំណែក ។ ពាក្យថា សង្គហោ សំដៅដល់ សង្គហៈ ៤ យ៉ាង គឺ ជាតិសង្គហៈ ១ សញ្ជាតិសង្គហៈ ១ កិរិយសង្គហៈ ១ គណនសង្គហៈ ១ ។ បណ្តាសង្គហៈទាំង ៤ យ៉ាងនោះ ការរួបរួមជាដើមថា “ក្សត្រទាំងអស់ចូរយាងមក” ដូច្នេះ ឈ្មោះថា ជាតិ-សង្គហៈ ( រួបរួមតាមជាតិកំណើត ) ។ ការរួបរួមជាដើមថា “អ្នកដែនកោសលទាំងអស់ ចូរមក” ដូច្នេះ ឈ្មោះថា សញ្ជាតិសង្គហៈ ( រួបរួមតាមសញ្ជាតិ ) ។ ការរួបរួមជាដើមថា “ហ្មដំរីទាំងអស់ ចូរមក” ដូច្នេះ ឈ្មោះថា កិរិយសង្គហៈ ( រួបរួមតាមអាការដែលធ្វើ ) ។ ការរួបរួមនេះថា “សួរថា អាយតនៈ គឺ ចក្ខុរាប់បញ្ចូលក្នុងខន្ធណា ឆ្លើយថា អាយតនៈ គឺ ចក្ខុ រាប់បញ្ចូលក្នុងរូបក្ខន្ធ សកវាទីពោលថា បើអាយតនៈ គឺ ចក្ខុរាប់បញ្ចូលក្នុងរូបក្ខន្ធ ដោយហេតុនោះ ដែលគួរនឹងពោលថា អាយតនៈ គឺ ចក្ខុ សង្គ្រោះចូលក្នុងរូបក្ខន្ធ” ដូច្នេះ ឈ្មោះថា គណនសង្គហៈ ( រួបរួមតាមការរាប់បញ្ចូលបាន ) ។ គណនសង្គហៈនោះ លោកប្រាថ្នាយកក្នុងទីនេះ ។ ព្រោះហេតុនោះ ពាក្យថា តិវិធេន រូបសង្គហោ ទើបមានសេចក្តីថា ការរាប់រូបជា ៣ ចំណែក ។
គប្បីជ្រាបវិនិច្ឆ័យក្នុងសនិទស្សនៈជាដើម៖
រូបព្រមទាំងនិទស្សនពោលគឺចក្ខុវិញ្ញាណដែលប្រព្រឹត្តទៅប្រារព្ធខ្លួន ឈ្មោះថា សនិទស្សន រូបព្រមទាំងបដិឃៈ ព្រោះអាចប៉ះខ្ទប់នឹងចក្ខុ ឈ្មោះថា សប្បដិឃ ។ សប្បដិឃនោះ ដោយអត្ថក៏គឺរូបាយតនៈនុ៎ះឯង ។ និទស្សន ពោលគឺ ចក្ខុវិញ្ញាណរបស់រូបនោះមិនមាន ហេតុនោះ ទើបឈ្មោះថា អនិទស្សន ។ រូបព្រមទាំងបដិឃៈ ព្រោះអាចប៉ះខ្ទប់នឹងសោត ឈ្មោះថា សប្បដិឃ ។ សប្បដិឃនោះ ដោយអត្ថ ក៏គឺ អាយតនៈ ៩ មានអាយតនៈគឺចក្ខុជាដើម ។ និទស្សនមានប្រការដូចដែលពោលមកហើយ របស់រូបនោះមិនមាន ហេតុនោះ ទើបឈ្មោះថា អនិទស្សន ។ បដិឃរបស់រូបនោះមិនមាន ហេតុនោះ ទើបឈ្មោះថា អប្បដិឃ ។ អប្បដិឃនោះ ដោយអត្ថ ក៏គឺ សុខុមរូបដ៏សេស វៀរលែងអាយតនៈ ១០ ។
១. បានដល់រូបាយតនៈតែមួយយ៉ាង
៣. បានដល់ សុខុមរូបក្រៅអំពីអាយតនៈទាំង ១០