Search

Loading

Content

08 January 2012

ធម៌​ ៣​ ប្រការ​ មាន​នៅ​ក្នុង​លោក​ ព្រះ​សម្មាសម្ពុទ្ធ​ទើប​កើត​ឡើង​ក្នុង​លោក

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ៖

ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏​មិន​គប្បី​កើតឡើង ក្នុងលោក​ឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសម្តែងហើយ ក៏​មិន​ភ្លឺ​ច្បាស់ក្នុងលោកដែរ, ធម៌ទាំង ៣ នោះ គឺ ជាតិ ១ ជរា ១ មរណៈ ១ ។

ធម៌ ៣ ដែលគួរលះបង់

ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់បន្តទៀតថា ៖

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះ​បង់ជរា លះបង់មរណៈ​បានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់រាគៈ ១ មិន​លះបង់ទោសៈ ១ មិនលះបង់មោហៈ ១ ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​កាល​មិន​លះ​បង់ធម៌ទាំង ៣ នេះចេញហើយមិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈ​បាន​ទេ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ ៣ ចេញហើយមិនគួរលះបង់រាគៈ លះ​បង់ទោសៈលះបង់មោហៈ បានទេ ។ ធម៌ទាំង ៣ តើដូចម្តេច គឺ មិនលះបង់ សក្កាយទិដ្ឋិ ១ មិនលះបង់វិចិកិច្ឆា ១ មិនលះបង់សីលព្វតបរាមាសៈ ១ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិន​គួរ​លះ​បង់​សក្កាយទិដ្ឋិ​ លះបង់វិចិកិច្ឆា លះបង់​សីលព្វតបរាមាសៈបានទេ ។ ធម៌ទាំង ៣ តើ​ដូច​ម្តេច ។ គឺមិនលះបង់នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ [​ អយោនិសោមន-សិការ ] ១ មិនលះបង់នូវកិរិយាសេពគប់ក្នុងផ្លូវខុស ១ មិន​លះ​បង់​នូវ​ភាព​រួញ​រា​នៃ​ចិត្ត ១ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិន​គួរ​លះ​បង់​នូវ​ការ​ធ្វើទុកក្នុងចិត្តដោយមិន​មែនឧបាយ លះបង់នូវកិរិយាសេពគប់ក្នុងផ្លូវខុស លះ​បង់​នូវ​ភាពរួញរានៃចិត្តបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច គឺមិនលះបង់ការភ្លេចស្មារតី
[ មុដ្ឋស្សតិ ] ១ មិនលះបង់សេចក្តីមិនដឹងខ្លួន [ អសម្បជញ្ញៈ ]​ ១ មិនលះបង់សេចក្តី​រវើរវាយនៃចិត្ត ១ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិន​គួរ​លះ​បង់​នូវ​ការ​ភ្លេច​ស្មារតី លះបង់នូវសេចក្តី​មិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ ។ ធម៌​ទាំង ៣ តើដូចម្តេច ។ គឺ លះបង់នូវភាពនៃសេចក្តី​ប្រាថ្នា ដើម្បី​មិន​ឃើញ​នូវ​ព្រះ​អរិយៈទាំងឡាយ ១ មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ មិនលះបង់នូវភាពនៃចិត្តប្រកាន់ ១ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិន​គួរ​លះ​បង់​នូវ​ភាព​នៃសេចក្តីប្រាថ្នា ដើម្បី​មិនឃើញនូវព្រះអរិយៈទាំងឡាយ លះ​បង់​នូវ​ភាព​នៃ​សេចក្តី​ប្រាថ្នាដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់នូវសេចក្តីរវើរវាយ ១ មិនលះបង់នូវសេចក្តី​មិន​សង្រួម ១ មិនលះបង់នូវភាពទ្រុស្តសីល ១ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិន​គួរ​លះ​បង់​នូវ​ចិត្ត​រវើរវាយ លះបង់នូវសេចក្តី​មិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឹ មិនលះបង់នូវភាពមិនមានសទ្ធា ១ មិន​លះ​បង់​នូវ​ភាព​មិន​ដឹង​នូវ​ពាក្យពោល ១ មិនលះបង់នូវសេចក្តីខ្ជិល ១ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិន​គួរ​លះ​បង់​នូវ​ភាព​មិនមានសទ្ធា លះបង់​នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់នូវសេចក្តី​មិនអើពើ ១ មិន​លះ​បង់​នូវ​ភាព​ជា​អ្នក​ប្រដៅក្រ ១ មិនលះបង់នូវភាពនៃបាបមិត្រ ១ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិន​គួរ​លះ​បង់​នូវ​សេចក្តីមិនអើពើ លះបង់នូវ​ភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ ។ ធម៌ទាំង ៣ តើដូចម្តេច ។ គឺមិនលះបង់នូវសេចក្តីមិន​អៀនខ្មាសនឹងអំពើទុច្ចរិត ១ មិន​លះបង់នូវសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីធ្វេស​ប្រហែស ១ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះជាអ្នកមិនមានសេចក្តីអៀនខ្មាស មិន​មាន​សេចក្តី​ក្តៅ​ក្រហាយ​នឹងអំពើទុច្ចរិត ជា​អ្នកប្រមាទ ។ កាលបើបុគ្គលនោះ ជាអ្នកប្រមាទហើយ មិន​គួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នក​ប្រដៅក្រ លះ​បង់​នូវ​ភាព​នៃ​បាបមិត្រ​បានទេ ។ កាលបើបុគ្គលនោះមានបាបមិត្រហើយ មិនគួរលះបង់នូវភាពមិន​មានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ ។ កាល​បើ​បុគ្គលនោះ មានសេចក្តី​ខ្ជិលហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះ​បង់​នូវ​សេចក្តី​មិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ ។ កាល​បើ​បុគ្គល​នោះ​មាន​ភាព​ជា​អ្នកទ្រុស្តសីលហើយ មិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញព្រះ​អរិយៈ​ទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះ​បង់​នូវ​ភាព​នៃ​ចិត្តប្រកួតប្រកាន់​បានទេ។ កាលបើបុគ្គលនោះ មាន​ភាព​នៃ​ចិត្ត​ប្រកួត​ប្រកាន់​ហើយ​ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវ​សេចក្តីមិនដឹងខ្លួន លះ​បង់​នូវ​ចិត្ត​រវើ​រវាយ​បាន​ទេ ។ កាលបើបុគ្គលនោះ មានចិត្តរវើរវាយហើយ មិនគួរលះបង់​នូវ​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះ​បង់​នូវ​សេចក្តី​រួញ​រា​នៃចិត្ត​បានទេ ។ កាលបើបុគ្គលនោះ មានចិត្តរួញរា មិនគួរលះបង់សក្កាយទិដ្ឋិ លះ​បង់​នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបានទេ កាលបើបុគ្គលនោះមានវិចិកិច្ឆា មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ ។ កាល​បើ​មិន​បាន​លះ​បង់​រាគៈ​ មិនបានលះបង់ទោសៈ មិនបានលះបង់មោហៈ មិនគួរលះបង់ជាតិ លះបង់ជរា លះ​បង់មរណៈបានឡើយ ៕

( សេចក្តីខាងលើនេះ ខ្ញុំ.ដកស្រង់មកដោយសង្ខេប សេចក្តីពិស្តារទាំងស្រុង សូមមើលនៅក្នុងបិដកខ្មែរ
លេខ ៥០ ទំព័រ ៣១៣ ដល់ ៣២៤ )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ