Search

Loading

Content

13 January 2012

ប្រយោជន៍​សម្រាប់​ជីវិត

គោលធម៌ដែលញ៉ាំងជីវិតឲ្យស្ថិតនៅក្នុងប្រយោជន៍ ដែលហៅថា អត្ថ មាន​បី​យ៉ាង គឺ៖

១. ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន ឬ​ប្រយោជន៍​ដែល​ទាក់​ទង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ជា​ប្រយោជន៍ដើម ជាកាំ​ជណ្តើរទី ១ ទាក់​ទង​នឹង​ការងារ​សម្រាប់​រស់ មានទ្រព្យ មាន​កេរ្តិ៍​ឈ្មោះ មានយស មានមិត្ត សុទ្ធតែល្អប្រសើរទាំង​ការ​ចិញ្ចឹមជីវិតក៏ស្មើ មាន​តុល្យភាព​ក្នុងចំណូលចំណាយ ជាពិសេសសំខាន់គឺ ប្រឹង​ប្រែង​ស្វែង​រក​ទ្រព្យ​ដោយ​ការ​ងារ​សុចរិត ។

២. សម្បរាយិកត្ថ ប្រយោជន៍ក្នុងលោកខាងមុខ ឬប្រយោជន៍​ខាង​ផ្នែក​គុណតម្លៃ​នៃ​ជីវិត គឺជារឿងមានជម្រៅ​សម្រាប់ជីវិត ដែល​មាន​ការ​ប្រព្រឹត្ត​ទៅ​តាមហេតុបច្ច័យ ។ ប្រយោជន៍ទី ២ នេះ ជាការចម្រើនផ្លូវចិត្ត មានសទ្ធា​ មាន​សីល មានចាគៈ មានបញ្ញា តម្កល់ខ្លួនក្នុងគុណធម៌ ពោល​គឺ​បាន​ប្រើ​ប្រាស់​នូវទិដ្ឋធម្មិកត្ថ ដែលជាប្រយោជន៍​ទី ១ ក្នុងផ្លូវធម៌ល្អប្រពៃ សម្រេច​ជា​គុណប្រយោជន៍រហូតដល់បានទៅជាអ្នកមាំទាំ នៅ​ក្នុង​សេចក្តីល្អរបស់ខ្លួន​ដល់​ពេលត្រូវលះលោកនេះទៅ ក៏​មាន​ចិត្ត​ស្ងប់​ដោយ​មិន​វង្វេង​មិន​ហួង​ហែង​កង្វល់​នឹងអ្វីៗ​ មិនភ័យចំពោះដំណើរ​ទៅកាន់លោកខាងមុខ ។

៣. បរមត្ថ ប្រយោជន៍ខ្ពង់ខ្ពស់ដ៏ក្រៃលែង ឬប្រយោជន៍​ដែល​ជា​សារៈ​ពិត​នៃ​ជីវិត គឺ​ជា​ទិសដៅចុងក្រោយបំផុត​ដែលជីវិតគួរតែបានចូលដល់ ។ ប្រយោជន៍​ទី ៣ នេះ សំខាន់​នៅ​ត្រង់បញ្ញាពលៈ​ គឺការដឹងច្បាស់ នូវ​សភាវធម៌​​តាមសេចក្តីពិត ជា​ការ​ដឹង​ទាន់​ដំណើរ​ធម្មតារបស់សង្ខារធម៌ មិន​ធ្លាក់​ចូលទៅក្នុងភាពជាទាសៈរបស់កិលេស រួច​ផុត​អំពី​ការ​ចាប់​ប្រកាន់​របស់​ឧបាទាន មានចិត្តជាឥស្សរៈ ស្អាតផូរផង់ ភ្លឺស្វាងរុងរឿង ស្ងប់​ប្រណីត បាន​ចូល​ដល់​សេចក្តីសុខពិត ហៅដោយខ្លីថា និព្វាន គឺ​រលត់​នូវ​កិលេស​ជា​គ្រឿង​​កង្វល់ហ្នឹងឯង ។

***អត្ថទាំង ៣ យ៉ាងនេះ ចាត់បែងចែកជាថ្មីមួយបែបទៀតគឺ ៖

១. អត្តត្ថ ប្រយោជន៍ខ្លួនឯង គឺការដែលបានហ្វឹកហាត់អប់រំខ្លួនដោយល្អ សម្រេច​ផល​អំពី​ការសិក្សា ចម្រើន​ដោយសតិបញ្ញា និងគុណធម៌ផ្សេងៗ ជា​អ្នក​សម្បូណ៌​ទៅ​ដោយ​វិជ្ជា និងចរិយា ពឹងខ្លួនឯងបាននៅក្នុងផ្នែក​សេដ្ឋកិច្ច​គ្រួសារ ការរស់នៅក្នុងសង្គម និង​ការ​មានសីលធម៌មាំមួន រហូតដល់បរមត្ថ គឺ​ប្រយោជន៍ដ៏ប្រសើរចុង​ក្រោយ ។

២. បរត្ថ ប្រយោជន៍ដល់អ្នកដទៃ គឺការមានមេត្តាករុណា ការ​មាន​សមត្ថភាព​រៀប​ចំ​ជីវិត​របស់ខ្លួន ឲ្យបានជា​ប្រយោជន៍​ទំនុក​បម្រុង​ដល់​អ្នក​ដទៃ ទោះជាផ្នែកខាងវត្ថុក្តី ផ្នែក​ខាងការសម្រួលផ្លូវចិត្តក្តី អ្នក​ដទៃ​អាច​ពឹង​ពាក់​​បាន ។

៣. ឧភយត្ថ ប្រយោជន៍រួមគ្នាទាំងពីរផ្នែក គឺ ប្រយោជន៍​ដែល​ជា​សាធារណៈ​ ដូច​ជា​សាលារៀន​ ផ្លូវថ្នល់ ស្ពាន​អណ្តូងទឹក សិល្បវិទ្យា និង​សីលធម៌​ជាដើម រៀប​ចំ​ដំណើរ​ជីវិត​របស់ខ្លួន ឲ្យ​ប្រព្រឹត្ត​ទៅ​ដើម្បី​ជា​ប្រយោជន៍​សុខ និងមានសេចក្តីល្អប្រពៃ ជា​សាធារណៈ​ដល់អ្នកដទៃ យ៉ាង​ហោចបំផុត គឺ មិនឲ្យការស្វែងរកនូវប្រយោជន៍ផ្ទាល់​ខ្លួន ប្រព្រឹត្ត​ទៅ​ដើម្បី​បៀតបៀន ឬប៉ះពាល់ឲ្យខូចខាតអន្តរាយ ដល់​ប្រយោជន៍​រួម​គ្នា​ឡើយ ។

( ខុទ្ទកនិកាយ ចូឡនិទ្ទេស ខគ្គវិសាណសូត្រ អធិប្បាយគាថា ព្រះបច្ចេកពុទ្ធ )

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ