Search

Loading

Content

14 January 2012

អំណាចប្រយោជន៍ ១០

ព្រះតថាគត បញ្ញត្តសិក្ខាបទ សម្តែងឡើងនូវបាតិមោក្ខ ដល់​សាវ័ក​ទាំង​ឡាយ​ ព្រោះ​អាស្រ័យ​អំណាចប្រយោជន៍ ១០ យ៉ាង គឺ

១. សង្ឃសុដ្ឋុតាយ                                ដើម្បីសេចក្តីល្អនៃសង្ឃ

២. សង្ឃផាសុតាយ                              ដើម្បីនៅសប្បាយនៃសង្ឃ

៣. ទុម្មង្កូនំ  បុគ្គលានំ  និគ្គហាយ        ដើម្បីសង្កត់សង្កិននូវបុគ្គល​ទាំង​ឡាយ ​ដែល​ទ្រុស្តសីល

៤. បេសលានំ  ភិក្ខូនំ  ផាសុវិហារាយ   ដើម្បីនៅជាសុខស្រួលនៃ​ភិក្ខុ​ទាំង​ឡាយ ​ដែលមានសីល​ជាទីស្រឡាញ់

៥. ទិដ្ឋធម្មិកានំ  អាសវានំ  សំវរាយ       ដើម្បីរារាំងនូវអាសវធម៌​ទាំង​ឡាយ  ​ក្នុង​បច្ចុប្បន្ន

៦. សម្បរាយិកានំ  អាសវានំ បដិឃាតាយ ដើម្បីកម្ចាត់​បង់​នូវ​អាសវធម៌​ទាំង​ឡាយ​ ក្នុងបរលោក

៧. អប្បសន្នានំ  បសាទាយ         ដើម្បីញ៉ាំងបុគ្គលទាំងឡាយ ដែល​មិន​ជ្រះ​ថ្លា ឲ្យ​ជ្រះ​ថ្លា​ឡើង

៨. បសន្នានំ  ភិយ្យោភាវាយ        ដើម្បី​ញ៉ាំង​បុគ្គល​ទាំង​ឡាយ​ ដែល​ជ្រះ​ថ្លា​ស្រាប់​ហើយ​ ឲ្យ​រឹងរឹតតែជ្រះថ្លាឡើង

៩.   សទ្ធម្មដ្ឋិតិយា                         ដើម្បីតាំងនៅមាំនៃព្រះសទ្ធម្ម

១០. វិនយានុគ្គហាយ                    ដើម្បីអនុគ្រោះដល់ព្រះ​វិន័យ

( វិនយបិដក​ ភាគ​ ១ ទំព័រ ៦៤-៦៥, សុត្តន្តបិដក​

ភាគ​ ៥០ ទំព័រ ១៥៤-១៥៥ )

អធិប្បាយ

ឈ្មោះ​ថា​ សង្ឃសុដ្ឋុតាយ​ បាន​ដល់​ ការ​ដែល​សង្ឃ​ហៅ​រក​គ្នា​ ដោយ​ពាក្យ​ជា​ទី​ស្រឡាញ់​ថា​ សុដ្ឋុ​​ ភន្តេ​ ប្រពៃ​ណាស់​ លោក​ម្ចាស់​ ។ ក៏សង្ឃ​ណា​ទទួល​ស្តាប់​ព្រះ​តម្រាស់​របស់​ព្រះ​តថាគត​​ ការ​ដែល​ទទួល​ស្តាប់​នោះ​ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ ដើម្បី​​សេចក្តី​សុខ​ ដល់​សង្ឃ​​នោះ​អស់​កាល​យូរ​ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ក៏​ដើម្បី​ឲ្យ​សង្ឃ​​ហៅ​រក​គ្នា​ដោយ​ពាក្យ​ជា​ទី​គាប់​ចិត្ត​ថា​ សុដ្ឋុ​ ភន្តេ​ ប្រពៃ​ណាស់​​ លោក​ម្ចាស់​ ព្រះ​មាន​ព្រះ​ភាគ​គ្រា​ទ្រង់​សម្តែង​ទោស​ក្នុង​ការ​មិន​ហៅ​រក​គ្នា​ ( ដោយ​ពាក្យ​ពីរោះ​ ) និង​អានិសង្ស​ក្នុង​ការ​ហៅ​រក​គ្នា​ ទើប​បញ្ញត្ត​សិក្ខាបទ​ ដើម្បី​ឲ្យ​សង្ឃ​ហៅ​រក​គ្នា​ដោយ​ពាក្យ​ថា​ សុដ្ឋុ​ ភន្តេ​ មិន​មែន​សង្កត់​សង្កិន​ដោយ​បង្ខិត​បង្ខំ​ ទើប​ទ្រង់​ត្រាស់​ថា​ សង្ឃសុដ្ឋុតាយ

បទ​ថា​ សង្ឃផាសុតាយ​ បាន​ដល់​ ដើម្បីការ​នៅ​សប្បាយ​ ដើម្បី​ការ​រស់​នៅ​រួម​គ្នា​នៃ​សង្ឃ​ អធិប្បាយ​ថា​ ដើម្បី​ប្រយោជន័​ដល់​ការ​នៅ​ជា​សុខ​ ។

ច្រើន​បទ​ថា​ ទុម្មង្កូនំ​ បុគ្គលានំ​ និគ្គហាយ​ គឺ​ បុគ្គល​ទ្រុស្ត​សីល​ ឈ្មោះ​ថា​ បុគ្គល​ដែល​ប្រដៅ​​ក្រ​ ពួក​ភិក្ខុ​ណា​ ដែល​ភិក្ខុ​ទាំង​ឡាយ​ ធ្វើ​ឲ្យ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ​ បាន​ដោយ​កម្រ​ កំពុង​ប្រព្រឹត្ត​កន្លង​ល្មើស​ ឬ​ប្រព្រឹត្ត​រួច​ហើយ​ រមែង​មិន​អៀន​ខ្មាស​ ដើម្បី​សង្កត់​សង្កិន​ភិក្ខុ​ទាំង​នោះ​ ។​ មែន​ពិត​ ភិក្ខុ​ទាំង​នោះ​ កាល​សិក្ខាបទ​មិន​មាន​ នឹង​បៀត​បៀន​សង្ឃ​ដោយ​ពាក្យ​ថា​ រឿង​អ្វី​ ដែល​ពួក​លោក​ឃើញ​ហើយ​? រឿង​អ្វី​ដែល​ពួក​លោក​ស្តាប់​ហើយ​?​ វត្ថុ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ហើយ?​ ពួក​លោក​លើក​អាបត្តិ​អ្វី?​ ក្នុង​វត្ថុ​អ្វី?​ សង្កត់​សង្កិន​ពួក​ខ្ញុំ ។​ កាល​សិក្ខាបទ​មាន​ សង្ឃ​នឹង​អាង​សិក្ខាបទ​ សង្កត់​សង្កិន​ភិក្ខុ​ទាំង​នោះ​ ដោយ​ធម៌​ ដោយ​វិន័យ​ ដោយ​សត្ថុសាសន៍​ ព្រោះ​​ហេតុ​នោះ​ព្រះ​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា​ដើម្បី​សង្កត់​សង្កិន​ពួក​បុគ្គល​ដែល​ប្រដៅ​ក្រ។

ច្រើន​បទ​ថា​ បេសលានំ​ ភិក្ខូនំ​ ផាសុវិហារាយ​ គឺ​ដើម្បី​ប្រយោជន៍​ដល់​ការ​នៅ​សប្បាយ​របស់​​ភិក្ខុ​អ្នក​មាន​សីល​ជា​ទី​ស្រឡាញ់ ។​ មែន​ពិត​ ភិក្ខុ​ទាំង​ឡាយ​អ្នក​មាន​សីល​ជា​ទី​ស្រឡាញ់​​ មិន​ដឹង​វត្ថុ​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ វត្ថុ​ដែល​មាន​ទោស​ និង​មិន​មាន​ទោស​ កំណត់​ខេត្ត​ដែន​ កាល​ព្យាយាម​ដើម្បី​សេចក្តី​បរិបូណ៌​នៃ​ត្រៃ​សិក្ខា​ កាល​សង្ស័យ​រមែង​លំបាក​ រមែង​រំខាន​ តែ​គ្រា​ដឹង​វត្ថុ​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ វត្ថុ​ដែល​មាន​ទោស​និង​មិន​មាន​ទោស​ កំណត់​ខេត្ត​ដែន​ហើយ​ កាល​ព្យាយាម​ដើម្បី​សេចក្តី​បរិបូណ៌​នៃ​ត្រៃ​សិក្ខា​ រមែង​មិន​លំបាក​ រមែង​មិន​រំខាន​ ព្រោះ​ហេតុ​​នោះ​ ការ​បញ្ញត្ត​សិក្ខាបទ​ ទើប​ប្រព្រឹត្ត​ទៅ​ដើម្បី​ការ​នៅ​សប្បាយ​ របស់​ពួក​ភិក្ខុ​នោះ ។​ ម្យ៉ាង​ទៀត​ ការ​សង្កត់​សង្កិន​បុគ្គល​ដែល​ប្រដៅ​ក្រ​ទាំង​នោះ​ ជា​ការ​នៅ​សប្បាយ​នៃ​ភិក្ខុ​នោះ ។​ ព្រោះ​ថា​ ឧបោសថ​ រមែង​មិន​តាំង​នៅ​ បវារណា​ រមែង​មិន​តាំង​នៅ​ សង្ឃកម្ម​ទាំង​ឡាយ​រមែង​មិន​ប្រព្រឹត្ត​ទៅ​ សេចក្តី​ព្រម​ព្រៀង​គ្នា​រមែង​មិន​មាន​ ព្រោះ​អាស្រ័យ​ពួក​បុគ្គល​ដែល​ទ្រុស្ត​សីល ។​ ភិក្ខុ​ទាំង​ឡាយ​ដែល​មាន​អារម្មណ៍​តែ​មួយ​មិន​បាន​ រមែង​មិន​អាច​ធ្វើ​នូវ​ឧទ្ទេស​ បរិបុច្ឆា​ និង​កម្មដ្ឋាន​ជា​ដើម ។​ ក៏​កាល​ពួក​បុគ្គល​អ្នក​​ទ្រុស្ត​សីល​ ត្រូវ​សង្កត់​សង្កិន​ហើយ​ ឧបទ្រព​ទាំង​អស់​មិន​មាន​ទេ​ កាល​នោះ​ ពួក​ភិក្ខុ​អ្នក​មាន​សីល​ជា​ទី​ស្រឡាញ់​ រមែង​នៅ​ជា​សុខ​សប្បាយ ។​ ក្នុង​ពាក្យ​ថា​ ដើម្បី​ការ​នៅ​សប្បាយ​របស់​ភិក្ខុ​ទាំង​ឡាយ​ អ្នក​មាន​សីល​ជា​ទី​ស្រឡាញ់​នេះ បណ្ឌិត​គប្បី​ជ្រាប​សេចក្តី​អធិប្បាយ​ដោយ​ន័យ​ទាំង​ ២​ នេះ ដោយ​ប្រការ​ដូច្នេះ ។​

ពាក្យ​ថា​ ទិដ្ឋធម្មិកានំ​ អនាសវានំ​ សំវរាយ​ ( ដើម្បី​ការ​ពារ​អាសវៈ​ទាំង​ឡាយ​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​បច្ចុប្បន្ន​ ) អធិប្បាយ​ថា​ ទុក្ខពិសេស​មាន​ប្រហារ​ដោយ​បាត​ដៃ​ ដោយ​ដំបង​ កាត់​ដៃ​ កាត់​ជើង​ ខូច​កេរ្តិ៍ឈ្មោះ​ អាប់​ឱន​កិត្តិយស​​ និង​សេចក្តី​ក្តៅ​ក្រហាយ​ស្តាយ​ក្រោយ​ជា​ដើម​ ដែល​អ្នក​តាំង​នៅ​ក្នុង​ការ​មិន​សង្រួម​ គប្បី​ដល់​ក្នុង​អត្តភាព​នេះ​ឯង​ ឈ្មោះ​ថា​ អាសវៈ ដែល​ប្រព្រឹត្ត​​ទៅ​ក្នុង​បច្ចុប្បន្ន​ ដើម្បី​រារាំង​ គឺ​បិទ​បាំង​ បាន​ដល់​ហាម​ឃាត់​ផ្លូវ​ជា​ទី​ហូរ​មក​នៃ​អាសវៈ​ដែល​ប្រព្រឹត្តទៅ​ក្នុង​បច្ចុប្បន្ននេះ​ ដោយ​ប្រការ​ដូច្នេះ ។

ពាក្យ​ថា​ សម្បរាយិកានំ​ អាសវានំ​ បដិឃាតាយ​ ( ដើម្បី​កម្ចាត់​បង់​នូវ​អាសវៈ​ទាំង​ឡាយ​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភព​ខាង​មុខ​ )​ មាន​សេចក្តី​ថា​ ទុក្ខវិសេស​មាន​បាបកម្ម​ដែល​ខ្លួន​ធ្វើ​ហើយ​ ជា​ឫស​គល់​ដែល​បុគ្គល​អ្នក​តាំង​នៅ​ក្នុង​សេចក្តី​មិន​សង្រួម​ គប្បី​ដល់​ក្នុង​អបាយ​មាន​នរក​ជា​ដើម​ ក្នុង​ភព​ខាង​មុខ​ ឈ្មោះ​ថា​ អាសវៈ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភព​ខាង​មុខ​​ ដើម្បី​ប្រយោជន៍​ដល់​ការ​កម្ចាត់​បង់​នូវ​អាសវៈ​ទាំង​នោះ​ មាន​ពាក្យ​អធិប្បាយថា​ ដើម្បី​ប្រយោជន៍​ដល់​ការ​រម្ងាប់​ ការ​ស្ងប់​រម្ងាប់​នៃ​អាសវៈ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភព​ខាង​មុខ​ទាំង​នេះ ។​

ពាក្យ​ថា​ អប្បសន្នានំ​ វា​ បសាទាយ​ ( ដើម្បី​ញ៉ាំង​បុគ្គល​ដែល​មិន​ទាន់​ជ្រះ​ថ្លា​ ឲ្យ​ជ្រះថ្លា​ឡើង )​ សេចក្តី​ថា​ កាល​មាន​ការ​បញ្ញត្ត​សិក្ខាបទ​ មនុស្ស​ជា​បណ្ឌិត​ទាំង​ឡាយ​ មិន​ទាន់​ជ្រះ​ថ្លា​ បាន​ដឹង​សិក្ខាបទ​បញ្ញត្តិ​ ឬ​បាន​ឃើញ​ភិក្ខុ​ទាំង​ឡាយ​ អ្នក​បដិបត្តិ​សិក្ខាបទតាម​ដែល​ទ្រង់​បញ្ញត្ត​ រមែង​ដល់​នូវ​សេចក្តី​ជ្រះ​ថ្លា​ថា​ អារម្មណ៍​ទាំង​ឡាយ​ណា​ ដែល​ជា​ទី​តាំង​នៃ​តម្រេក​ ប្រទូស្ត និង​វង្វេង​របស់​មហាជន​ក្នុង​លោក​ សមណសក្យបុត្រ​ទាំង​នេះ​ បែរ​ជា​អ្នក​វៀរ​ឆ្ងាយ​ចាក​អារម្មណ៍​ទាំង​នោះ​បាន ។​ ពួក​លោក​ធ្វើ​កិច្ច​ដែល​ធ្វើ​បាន​ដោយ​លំបាក​ហ្ន៎!​ ធ្វើ​កិច្ច​ដ៏​ធ្ងន់​ហ្ន៎!​ ដូច​ព្រាហ្មណ៍​មិច្ឆាទិដ្ឋិ​ អ្នក​ទ្រទ្រង់​នូវ​ត្រៃ​វេទ​ បាន​ឃើញ​គម្ពីរ​វិនយបិដក​ហើយ​ជ្រះ​ថ្លា​ដូច្នោះ ។​ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ទើប​ត្រាស់​ថា​ អប្បសន្នានំ​ វា​ បសាទាយ
ពាក្យ​ថា​ បសន្នានំ​ វា​ ភិយ្យោភាវាយ ( ដើម្បី​ញ៉ាំង​បុគ្គល​ដែល​ជ្រះ​ថ្លា​ហើយ​ ឲ្យ​រឹង​រឹត​តែ​ជ្រះ​ថ្លា​ឡើង​ )​ មាន​សេចក្តី​ថា​ កុលបុត្រ​ទាំង​ឡាយ​ សូម្បី​ជ្រះ​ថ្លា​ក្នុង​សាសនា​ បាន​ជ្រាប​សិក្ខាបទបញ្ញត្តិ​ ឬ​បាន​​ឃើញ​ភិក្ខុ​ទាំង​ឡាយ​បដិបត្តិ​តាម​សិក្ខាបទ​ដែល​ទ្រង់​បញ្ញត្ត​ រមែង​ជ្រះ​ថ្លា​ក្រៃ​លែង​ឡើង​ថា​ លោក​ម្ចាស់​ណា​ រក្សា​វិនយសំវរៈ​ ដែល​ជា​ព្រហ្មចរិយៈ​ មាន​ភត្តមួយ​ពេល​ អស់​មួយ​ជីវិត​ លោក​ម្ចាស់​នោះ​ មាន​ឈ្មោះ​ថា​​ជា​អ្នក​ធ្វើ​កិច្ច​ដែល​ធ្វើ​បាន​ដោយ​កម្រ​ គួរ​ជ្រះ​ថ្លា​ក្រែ​លែង ។​ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា​ បសន្នានំ​ វា​​ ភិយ្យោភាវាយ

ពាក្យ​ថា​ សទ្ធម្មដ្ឋិតិយា ( ដើម្បី​ការ​តាំង​នៅ​នៃ​ព្រះ​សទ្ធម្ម  ) សេចក្តី​ថា​ សទ្ធម្មមាន​ ៣​ ប្រការ​ គឺ​ បរិយត្តិសទ្ធម្ម ១ បដិ​បត្តិសទ្ធម្ម​ ១​ អធិគមសទ្ធម្ម​ ១ ។ បណ្តា​សទ្ធម្ម​ទាំង​ ៣ ប្រការ​នោះ​ ព្រះ​ពុទ្ធវចនៈ​ទាំង​អស់​ដែល​លោក​រួប​រួម​ជា​ព្រះត្រៃ​បិដក​ ឈ្មោះ​ថា​ បរិយត្តិសទ្ធម្ម ។​ ព្រះ​សទ្ធម្ម​នេះ​ គឺ​ធុតង្គគុណ​ ១៣​ ខន្ធកវត្ត​ ១៤​ មហាវត្ត​ ៨២​ សីល​ សមាធិ​ និង​វិបស្សនា​ ឈ្មោះ​ថា​ បដិបត្តិសទ្ធម្ម ។​ ព្រះ​សទ្ធម្ម​នេះ​ គឺ​ អរិយមគ្គ​ ៤​ សាមញ្ញផល​ ៤​ និព្វាន​ ១​ ឈ្មោះ​ថា​​ អធិគមសទ្ធម្ម ។​ កាល​មាន​សិក្ខាបទ​បញ្ញត្តិ​ ភិក្ខុ​ទាំង​ឡាយ​ រមែង​រៀន​សិក្ខាបទ​ និង​វិភង្គ​នៃ​សិក្ខាបទ​នោះ​ និង​រៀន​ព្រះ​ពុទ្ធវចនៈ​ដទៃ​ ដើម្បី​បំភ្លឺ​សេចក្តី​នៃ​សិក្ខាបទ​ និង​វិភង្គ​នោះ​ ឲ្យ​ច្បាស់​ និង​កាល​បដិបត្តិ​សិក្ខាបទ​តាម​ដែល​ទ្រង់​បញ្ញត្ត​ទុក​ ញ៉ាំង​ការ​បដិបត្តិ​ឲ្យ​បរិបូណ៌​ហើយ​ រមែង​សម្រេច​លោកុត្តរធម៌​ ដែល​ខ្លួន​គប្បី​ដល់​ដោយ​ការ​បដិបត្តិ​ ព្រោះ​ហេតុ​នោះ​ សទ្ធម្ម​ទាំង​អស់​នោះ​ ទើប​ឈ្មោះ​ថា​ តាំង​នៅ​បាន​អស់​កាល​យូរ​ ដោយ​សិក្ខាបទបញ្ញត្តិ​នោះ ។

ពាក្យ​ថា​​ វិនយានុគ្គហាយ​ សេចក្តី​ថា​ មែន​ពិត​ កាល​មាន​សិក្ខាបទបញ្ញត្តិ​ វិន័យ​ទាំង​​ ៤​ គឺ​សំវរវិន័យ​ ១​ បហានវិន័យ​ ១​ សមថវិន័យ​ ១​​ បញ្ញត្តិវិន័យ​ ១​ រមែង​ជា​ការ​បាន​អនុគ្រោះ​ គឺឧបត្ថម្ភ​ គាំ​ទ្រ​ដោយ​ល្អ ។​ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា​ វិនយានុគ្គហាយ

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ