Search

Loading

Content

15 January 2012

សាច់​ដែល​ព្រះមាន​ព្រះ​ភាគ​ទ្រង់​ហាម​ឃាត់​ ១០

សាច់ដែលព្រះមានព្រះភាគ ទ្រង់ហាមឃាត់មិនឲ្យភិក្ខុសាមណេរឆាន់ លោក​ហៅថា អកប្បិយមំសៈ មានន័យ​ថា សាច់ដែលមិនគួរ; អកប្បិយមំសៈ​នោះ មាន ១០ យ៉ាង គឺ

១. មនុស្សមំសំ      សាច់មនុស្ស

២. ហត្ថិមំសំ         សាច់ដំរី

៣. អស្សមំសំ       សាច់សេះ

៤. សុនខមំសំ      សាច់ឆ្កែ

៥. អហិមំសំ        សាច់ពស់

៦. សីហមំសំ       សាច់រាជសីហ៍

៧. ព្យគ្ឃមំសំ      សាច់ខ្លាធំ

៨. ទីបិមំសំ        សាច់ខ្លាដំបង

៩. អច្ឆមំសំ        សាច់ខ្លាឃ្មុំ

១០. តរច្ឆមំសំ    សាច់ខ្លារខិន

សាច់ទាំង ១០ យ៉ាងនោះ ភិក្ខុសាច់មនុស្ស ត្រូវអាបត្តិថុល្លច្ច័យ ចំណែកសាច់ ៩ យ៉ាង​ទៀត​ ត្រូវអាបត្តិទុក្កដ ។​ក្នុងអដ្ឋកថា លោកពន្យល់ដូច្នេះ៖

ឥតិ ឥមេសំ មនុស្សាទីនំ ទសន្នំ មំសម្បិ អដ្ឋិបិ លោហិតម្បិ ចម្មម្បិ លោមម្បិ សព្វំ ន វដ្តតិ ។

សាច់ក្តី ឆ្អឹងក្តី ឈាមក្តី ស្បែកក្តី រោមក្តី របស់សត្វទាំង ១០ យ៉ាង មាន​មនុស្ស​ជា​ដើមនេះ​មិន​​គួរទាំងអស់ ដោយ​ប្រការដូច្នេះ ។

យង្កិញ្ចិ ញត្វា វា អញត្វា វា ខាទន្តស្ស អាបត្តិយេវ ។

កាលភិក្ខុដឹងក៏ដោយ មិនដឹងក៏ដោយ ឆាន់សាច់យ៉ាងណានីមួយ ( ក្នុង​សាច់​ទាំង ១០ ) រមែង​ត្រូវអាបត្តិដោយ​ពិត ។

ម្យ៉ាង​ទៀត​ ភិក្ខុមិនទាន់បានពិចារណាជាមុន មិនត្រូវឆាន់សាច់ បើ​ឆាន់​ត្រូវ​អាបត្តិ​ទុក្កដ មាន​ពុទ្ធប្បញ្ញត្តថា៖

ន ច ភិក្ខវេ អប្បដិវេក្ខិត្វា មំសំ បរិភុញ្ជិតព្វំ យោ បរិភុញ្ជេយ្យ អាបត្តិ ទុក្កដស្ស

“ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនបានពិចារណាជាមុនហើយ មិន​ត្រូវ​ឆាន់​សាច់ទេ ភិក្ខុ​ណា​ឆាន់​ ត្រូវអាបត្តិទុក្កដ”

ពាក្យថា មិនបានពិចារណាជាមុន ហើយឆាន់សាច់ ក្នុង​អដ្ឋកថា​លោក​បាន​ពន្យល់​ដូច្នេះ

អប្បដិវេក្ខិត្វាតិ អប្បដិបុច្ឆិត្វា; សចេ បន អសុក មំសន្តិ ជានាតិ បដិបុច្ឆនកិច្ចំ នត្ថិ អជានន្តេន បន បុច្ឆិត្វាវ ខាទិតព្វំ ។

បទថា អប្បដិវេក្ខិត្វា ( មិនទាន់បានពិចារណា ) បានដល់ មិនទាន់សាកសួរ ប្រសិន​បើ​ភិក្ខុ​ដឹង​ថា នេះជាសាច់​អ្វី កិច្ចដែលនឹងត្រូវសាកសួរ រមែងមិនមាន តែ​កាលមិនដឹង ( មិន​ស្គាល់ )​ ត្រូវសាកសួរជាមុនសិន សឹមឆាន់ ៕

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ