អត្តភាវប្បដិលាភ ការបាននូវអត្តភាព មាន ៤ យ៉ាង គឺ
១. អត្ថាវុសោ អត្តភាវប្បដិលាភោ យស្មឹ អត្តភាវប្បដិលាភេ អត្តសញ្ចេតនាយេវ កមតិ នោ បរសញ្ចេតនា
ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឱ្យស្លាប់ ចេតនារបស់អ្នកដទៃពុំបានធ្វើឱ្យស្លាប់ឡើយ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន
២. អត្ថាវុសោ អត្តភាវប្បដិលាភោ យស្មឹ អត្តភាវប្បដិលាភេ បរសញ្ចេតនាយេវ កមតិ នោ អត្តសញ្ចេតនា
ម្នាលអាវុសោទាំងឡាយ ចេតនារបស់អ្នកដទៃ រមែងធ្វើខ្លួនឱ្យស្លាប់ ចេតនារបស់ខ្លួនមិនបានធ្វើឱ្យស្លាប់ឡើយ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន
៣. អត្ថាវុសោ អត្តភាវប្បដិលាភោ យស្មឹ អត្តភាវប្បដិលាភេ អត្តសញ្ចេតនា ចេវ សោ កមតិ បរសញ្ចេតនា ច
ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឱ្យស្លាប់ ទាំងចេតនារបស់អ្នកដទៃ ក៏រមែងធ្វើឱ្យស្លាប់ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន
៤. អត្ថាវុសោ អត្តភាវប្បដិលាភោ យស្មឹ អត្តភាវប្បដិលាភេ នេវ អត្តសញ្ចេតនា កមតិ នោ បរសញ្ចេតនា
ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន ក៏មិនធ្វើឱ្យស្លាប់ ចេតនារបស់អ្នកដទៃ ក៏មិនធ្វើឱ្យស្លាប់ដែរ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន
( បិដកលេខ ១៩ ទំព័រ ១៦៨-១៦៩ )
អធិប្បាយ
ក្នុងការបាននូវអត្តភាព នោះ មានវិនិច្ឆ័យដូចតទៅនេះ៖
ពួកសត្វទី ១ គប្បីជ្រាបដោយអំណាចពួកទេវតាខិឌ្ឌាបទោសិកៈ ( ពួកខ្វល់ខ្វាយក្នុងលែ្បងលេង ) ពួកសត្វទី ២ គប្បីជ្រាបដោយអំណាចសត្វក្នុងខាងក្នុងជាដើម ដែលត្រូវសត្វក្នុងខាងក្នុងជាដើមទម្លាយ ពួកសត្វទី ៣ គប្បីជ្រាបដោយអំណាចពួកទេវតាមនោបទោសិកៈ ( ពួកច្រណែននឹងអ្នកដទៃ ) ពួកសត្វទី ៤ គប្បីជ្រាបដោយអំណាចទេវតាដ៏សេសជាន់ខ្ពស់តាំងពីចាតុម្មហារាជិកាឡើងទៅ ។ ព្រោះពួកទេវតាទាំងនោះ មិនស្លាប់ទាំងដោយចេតនារបស់ខ្លួន ទាំងមិនស្លាប់ដោយចេតនារបស់អ្នកដទៃ ៕