សញ្ញា ១០ ប្រការ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មានអានិសង្សច្រើន ឈមទៅកាន់អមតៈ មានអមតៈជាបរិយោសាន, សញ្ញា ១០ ប្រការនោះ គឺ៖
១. អសុភសញ្ញា សម្គាល់ថាមិនស្អាត
២. មរណសញ្ញា សម្គាល់ក្នុងសេចក្តីស្លាប់
៣. អាហារេ បដិកូលសញ្ញា សម្គាល់ថា គួរខ្ពើមរអើមក្នុងអាហារ
៤. សព្វលោកេ អនភិរតសញ្ញា សេចក្តីសម្គាល់ថា មិនគួរត្រេកអរក្នុងលោកទាំងអស់
៥. អនិច្ចសញ្ញា សម្គាល់ថាមិនទៀង
៦. អនិច្ចេ ទុក្ខសញ្ញា សម្គាល់ថា ជាទុក្ខក្នុងរបស់មិនទៀង
៧. ទុក្ខេ អនត្តសញ្ញា សម្គាល់ថា មិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ
៨. បហានសញ្ញា សម្គាល់ថា គួរលះបង់
៩. វិរាគសញ្ញា សម្គាល់ការប្រាសចាកតម្រេក
១០. និរោធសញ្ញា សម្គាល់ការរលត់
ន័យម្យ៉ាងទៀត សញ្ញា ១០ ប្រការ គឺ៖
១-៥. អនិច្ចសញ្ញា, អនត្តសញ្ញា, មរណសញ្ញា, អាហារេ បដិកូលសញ្ញា, សព្វលោកេ អនភិរតសញ្ញា
៦. អដ្ឋិកសញ្ញា សម្គាល់អសុភដែលមានតែរាងឆ្អឹង
៧. បុឡុវកសញ្ញា សម្គាល់អសុភដែលមានដង្កូវចុះ
៨. វិនីលកសញ្ញា សម្គាល់អសុភដែលមានពណ៌ខៀវ
៩. វិច្ឆិទ្ទកសញ្ញា សម្គាល់អសុភដែលដាច់ជាកំណាត់
១០. ឧទ្ធុមាតកសញ្ញា សម្គាល់អសុភដែលហើមប៉ោង
( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២២៩-២៣០ )
សញ្ញា ១០ ប្រការ ក្នុងគិរិមានន្ទសូត្រ
សញ្ញា ១០ ប្រការ មានសម្តែងក្នុងគិរិមានន្ទសូត្រ គឺ អនិច្ចសញ្ញា, អនត្តសញ្ញា, វិរាគសញ្ញា, និរោធសញ្ញា, សព្វ-លោកេ អនភិរតសញ្ញា, សព្វសង្ខារេសុ អនិច្ចសញ្ញា, អានាបានស្សតិ ។
ភិក្ខពិចារណាឃើញរឿយៗ ថាមិនទៀង ក្នុងឧបាទានក្ខន្ធទាំង ៥ ( រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ) នេះហៅថា អនិច្ចសញ្ញា ។
ភិក្ខុពិចារណាឃើញរឿយៗ ដូច្នេះថា មិនមែនជារបស់ខ្លួន ក្នុងអាយតនៈខាងក្នុង ៦ និងអាយតនៈខាងក្រៅ ៦ នេះ ហៅថា អនត្តសញ្ញា ។
ភិក្ខុពិចារណាឃើញរឿយៗ ថា មិនល្អ ក្នុងរូបកាយ នេះ ហៅថា អសុភសញ្ញា ។
ភិក្ខុពិចារណាឃើញរឿយៗ ថាជាទោស ក្នុងរូបកាយ នេះ ហៅថា អាទីនវសញ្ញា ។
ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត ឬដែលកើតឡើង ក៏ធ្វើឲ្យវិនាសទៅវិញ នូវកាមវិតក្ក ព្យាបាទវិតក្ក និងវិហឹសាវិតក្ក នេះហៅថា បហានសញ្ញា ។
ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះហៅថា វិរាគសញ្ញា ។
ភិក្ខុពិចារណាឃើញជារឿយៗ ថា ធម៌ជាគ្រឿងរម្ងាប់សង្ខារទាំងពួង លះបង់នូវឧបធិទាំងពួង អស់ទៅនៃតណ្ហា ប្រាសចាករាគៈ រំលត់ទុក្ខ នេះជាធម៌ស្ងប់ ធម៌ឧត្តម នេះហៅថា និរោធសញ្ញា ។
ឧបាយ ( គឺតណ្ហានិងទិដ្ឋិ ) ឧបាទាន ( គឺសេចក្តីប្រកាន់មាំ ) អភិនិវេសៈ ( គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ) អនុស័យ ( គឺកិលេសដែលដេកនៅរឿយៗ ក្នុងសត្តសន្តាន ) ណា ក្នុងលោក ភិក្ខុក្នុងសាសនានេះ កាលបើលះបង់នូវបាបធម៌ទាំងនោះ មិនបានប្រកាន់មាំដោយចិត្ត ក៏រមែងវៀរ ( ចាកបាបធម៌ទាំងនោះ ) បាន នេះហៅថា សព្វលោកេ អនភិរតសញ្ញា ។
ភិក្ខុក្នុងសាសនានេះ នឿយណាយ ធុញទ្រាន់ ស្អប់ខ្ពើម ចាកសង្ខារទាំងពួង នេះហៅថា សព្វសង្ខារេសុ អនិច្ចសញ្ញា ។
ភិក្ខុកំណត់ដឹងនូវខ្យល់ដកដង្ហើម និងខ្យល់ដកដង្ហើមចេញ នេះហៅថា អានាបានស្សតិ ។
0 មតិ:
Post a Comment