អាជ្ជវំ សេចក្តីស្លូតត្រង់
មទ្ទវំ ( លជ្ជវំ ) ចិត្តទន់ ( ភាពជាអ្នកមានសេចក្តីអៀនខ្មាស )
អធិប្បាយ
ពាក្យថា អាជ្ជវំ បានដល់ ភាពមិនស្លូតត្រង់ ៣ ប្រភេទ គឺ គោមុត្តវង្កតា ចន្ទវង្កតា និង នង្គលកោដិវង្កតា ។ អធិប្បាយថា ភិក្ខុរូបខ្លះ ក្នុងបឋមវ័យ ប្រព្រឹត្តអនេសនៈ ២១ និងអគោចរ ៦ តែក្នុងមជ្ឈិមវ័យ និងបច្ឆិមវ័យ ជាអ្នកមានសេចក្តីខ្មាសអៀន ប្រាថ្នាការសិក្សា, នេះឈ្មោះថា គោមុត្តវង្កតា ( វៀចវេរដូចទឹកនោមគោ ) ។ ភិក្ខុរូបខ្លះក្នុងបឋមវ័យ និងបច្ឆិមវ័យ បំពេញចាតុប្បារិសុទ្ធិសីល មានសេចក្តីអៀនខ្មាស រង្កៀស ប្រាថ្នាចំពោះការសិក្សា
តែក្នុងមជ្ឈិមវ័យ ដូចគ្នានឹងភិក្ខុក្នុងឧទាហរណ៍ទីមួយ, នេះឈ្មោះថា ចន្ទវង្កតា ( វៀចវេរដូចវង់ព្រះចន្ទ្រ ) ។ ភិក្ខុរូបខ្លះ ទាំងក្នុងបឋមវ័យ និងមជ្ឈិមវ័យ បំពេញចាតុប្បារិសុទ្ធិសីល មានសេចក្តីអៀនខ្មាស រង្កៀស ប្រាថ្នាចំពោះការសិក្សា តែក្នុងបច្ឆិមវ័យ ដួចគ្នានឹងភិក្ខុរូបមុន, នេះឈ្មោះថា នង្គលកោដិវង្កតា ( វៀចវេរដូចចុងនង្គ័ល ) ។ ភិក្ខុមួយរូប លះបង់ភាពមិនត្រង់ទាំង ៣ ប្រភេទនោះចោលហើយ មានសីល មានសេចក្តីអៀនខ្មាស រង្កៀស ប្រាថ្នាចំពោះការសិក្សា ក្នុងវ័យទាំង ៣ ភាពស្លូតត្រង់របស់ភិក្ខុរូបនោះ នេះឯង ឈ្មោះថា អាជ្ជវំ ។ សូម្បីក្នុងព្រះអភិធម្មក៏ពោលទុកយ៉ាងនេះថា “តត្ថ កតមោ អជ្ជវោ។ យា អជ្ជវតា អជិម្ហតា អវង្កតា អកុដិលតា, អយំ វុច្ចតិ អជ្ជវោ បណ្តាធម៌ទាំងនោះ អជ្ជវៈ ( អាជ្ជវៈ ) តើដូចម្តេច? អជ្ជវៈនោះគឺ សេចក្តីត្រង់ មិនវៀច មិនវេរ មិនកោង នេះលោកហៅថា អជ្ជវៈ” ។
ពាក្យថា លជ្ជវំ ( មទ្ទវំ ) បានដល់ ភាពជាអ្នកមានសេចក្តីអៀនខ្មាស ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមោ លជ្ជវោ? យោ ហិរីយតិ ហិរីយិតព្វេន ហិរីយតិ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា។ អយំ វុច្ចតិ លជ្ជវោ បណ្តាធម៌ទាំងនោះ លជ្ជវៈ តើដូចម្តេច? គឺ អៀនខ្មាសចំពោះវត្ថុដែលគួរអៀនខ្មាស ខ្មាសចំពោះការប្រព្រឹត្តអកុសលធម៌ ដ៏លាមក, នេះលោកហៅថា លជ្ជវៈ” ៕