ឋានកុសលតា សេចក្តីឈ្លាសក្នុងហេតុ
អដ្ឋានកុសលតា សេចក្តីឈ្លាសក្នុងមិនមែនហេតុ
អធិប្បាយ
ពាក្យថា ឋានកុសលតា គឺ បញ្ញាដែលអាចក្នុងការកំណត់ឋានៈយ៉ាងនេះថា “ចក្ខុ រូប ជាឋានៈ និងជាហេតុនៃចក្ខុវិញ្ញាណ ដែលកើតឡើងដោយធ្វើចក្ខុឲ្យជាទីតាំង និងធ្វើរូបឲ្យជាអារម្មណ៍ លោកពោលទុកក្នុងព្រះអភិធម្មយ៉ាងនេះថា “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការដឹង ការយល់ ក្នុងធម៌ទាំងឡាយ ថាជាហេតុ ជាបច្ច័យ អាស្រ័យទាំងឡាយណាៗ ធម៌នោះៗ ចាត់ថាជាឋានៈ” ។
ពាក្យថា អដ្ឋានកុសលតា គឺ បញ្ញាដែលអាចក្នុងការកំណត់អដ្ឋានៈ យ៉ាងនេះថា “សោតវិញ្ញាណជាដើម រមែងមិនកើតឡើងដោយធ្វើចក្ខុឲ្យជាទីតាំង និងធ្វើរូបឲ្យជាអារម្មណ៍, ព្រោះហេតុនោះ ចក្ខុរូបទើបមិនជាឋានៈមិនជាហេតុនៃសោតវិញ្ញាណជាដើមទាំងនោះ លោកពោលទុកក្នុងព្រះអភិធម្មថា “‘យេ យេ ធម្មា យេសំ យេសំ ធម្មានំ ន ហេតូ ន បច្ចយា ឧប្បាទាយ តំ តំ អដ្ឋានន្តិ យា តត្ថ បញ្ញា បជាននា ការដឹង ការយល់ក្នុងធម៌ទាំងឡាយថា មិនមែនជាហេតុ មិនមែនជាបច្ច័យ អាស្រ័យធម៌ទាំងឡាយណាៗ ធម៌នោះៗ ចាត់ថាជាឋានៈ” ។ ន័យម្យ៉ាងទៀត គប្បីជ្រាបសេចក្តីក្នុងធម៌ពួក ២ នេះ ដោយសូត្រនេះថា
“កិត្តាវតា បន, ភន្តេ, ឋានាឋានកុសលោ ភិក្ខូតិ អលំ វចនាយាតិ ។ ឥធានន្ទ, ភិក្ខុ អដ្ឋានមេតំ អនវកាសោ, យំ ទិដ្ឋិសម្បន្នោ បុគ្គលោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ, នេតំ ឋានំ វិជ្ជតីតិ បជានាតិ ។ ឋានញ្ច ខោ ឯតំ វិជ្ជតិ, យំ បុថុជ្ជនោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ
បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុប៉ុន្មាន ទើបគួរនឹងពោលបានថា ភិក្ខុជាអ្នកឈ្លាសក្នុងឋានៈ និងអដ្ឋានៈ? ម្នាលអានន្ទ ភិក្ខុក្នុងធម្មវិន័យនេះ រមែងដឹងច្បាស់ថា ការដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីចាប់ប្រកាន់សង្ខារយ៉ាងណានីមួយ ថាទៀង នុ៎ះមិនមែនជាឋានៈ
មិនមែនជាឱកាសឡើយ, ចំណែកការដែលបុថុជ្ជននឹងគប្បីចាប់ប្រកាន់សង្ខារណានីមួយ
ថាទៀង នុ៎ះទើបជាឋានៈ” ។
( សង្គីតិសុត្តវណ្ណនា )
ពាក្យទាំងពីរនេះ ថា ហេតូ បច្ចយា ( ជាហេតុ ជាបច្ច័យ ) ជាពាក្យវេវចនៈនៃគ្នានិងគ្នា ។ ពិតមែន ចក្ខុបសាទជាហេតុ និងជាបច្ច័យដល់ចក្ខុវិញ្ញាណ ដែលធ្វើរូបឲ្យជាអារម្មណ៍កើតឡើង ។ មួយទៀត សោតបសាទជាដើម ក៏ជាហេតុ និងជាបច្ច័យដល់សោតវិញ្ញាណជាដើម ពូជទាំងឡាយមានពូជស្វាយជាដើម ក៏ជាហេតុ និងជាបច្ច័យដល់ផ្លែស្វាយជាដើម ។
ក្នុងន័យទី ២ គប្បីជ្រាបសេចក្តីយ៉ាងនេះថា បទថា យេ ធម្មា ( ពួកធម៌ណា ) ជាពាក្យសម្តែងបច្ចយធម៌ដែលជាវិសភាគៈនឹងគ្នា ។ បទថា យេសំ យេសំ ( នៃពួកធម៌ណាៗ ) ជាពាក្យសម្តែងដល់បច្ចយសមុប្បន្នធម៌ ដែលជាវិសភាគៈនឹងគ្នា ។ បទថា ន ហេតូ ន បច្ចយា ( មិនមែនជាហេតុ មិនមែនជាបច្ច័យ ) បានដល់ ចក្ខុបសាទ មិនមែនជាហេតុ មិនមែនជាបច្ច័យ ដល់សោតវិញ្ញាណដែលកើតឡើង ធ្វើសំឡេងឲ្យជាអារម្មណ៍ ។ មួយទៀត សោតបសាទជាដើម មិនមែនជាហេតុ មិនមែនជាបច្ច័យដល់វិញ្ញាណដ៏សេសក្រៅពីនេះ
និងពូជស្វាយជាដើម ក៏មិនមែនជាហេតុ មិនមែនជាបច្ច័យដល់ការកើតឡើងនៃដើមត្នោត
ជាដើម ដូច្នោះ ៕
( អដ្ឋសាលិនី អដ្ឋកថា )