អាយតនកុសលតា សេចក្តីឈ្លាសក្នុងអាយតនៈ
បដិច្ចសមុប្បាទកុសលតា សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទធម៌
អធិប្បាយ
ពាក្យថា អាយតនកុសលតា គឺ បញ្ញាក្នុងការរៀនយក ការធ្វើទុកក្នុងចិត្ត ការយល់ អាយតនៈ ១២ ដែលលោកពោលទុកយ៉ាងនេះថា “ទ្វាទសាយតនានិ ចក្ខាយតនំ ។ល។ ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតនកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាសក្នុងអាយតនៈ គឺ ការដឹង ការយល់ក្នុងអាយតនៈ ១២ គឺ ចក្ខាយតនៈ ។ល។ ធម្មាយតនៈ” ។ ន័យម្យ៉ាងទៀត ទាំងភាពជាអ្នកឈ្លាសក្នុងធាតុ ឈ្លាសក្នុងមនសិការ ទាំង
ភាពជាអ្នកឈ្លាសក្នុងអាយតនៈ រមែងគួរ ក្នុងការរៀនយក ការធ្វើទុកក្នុងចិត្ត ការស្តាប់ ការពិចារណា ការដឹងច្បាស់ និងការសម្លឹងពិនិត្យ ។ ចំណែកសេចក្តីផ្សេងគ្នា ក្នុងធម៌ទាំងនេះ មានដូច្នេះ ការស្តាប់ ការរៀនយក និងការសម្លឹងពិនិត្យ ជាលោកិយ ។ ការដឹងច្បាស់ ជាលោកុត្តរ, ការពិចារណា ការធ្វើទុកក្នុងចិត្ត ជាលោកិយ និងលោកុត្តរលាយគ្នា ។
ពាក្យថា បដិច្ចសមុប្បាទកុសលតា គឺ បញ្ញាដែលប្រព្រឹត្តទៅដោយអំណាចជាដើមថា ការរៀនយកបច្ចយាការ ១២ ដែលលោកពោលទុកយ៉ាងនេះថា ការដឹង ការយល់ ក្នុងបច្ចយាការដែលថា ព្រោះអវិជ្ជាជាបច្ច័យ ទើបមានសង្ខារ ។ល។ ការកើតឡើងនៃកងទុក្ខទាំងពួងនេះ រមែងមាន ដោយប្រការដូច្នេះ” ។
បញ្ញាដែលដឹង កំណត់ការរៀនយក ការធ្វើទុកក្នុងចិត្ត ការស្តាប់ ការទ្រទ្រង់ នូវអាយតនៈ ១២ ឈ្មោះថា អាយតនកុសលតា ( សេចក្តីឈ្លាសក្នុងអាយតនៈ ) ។
ម្យ៉ាងវិញទៀត បណ្តាកុសលតាទាំងនេះ សូម្បីទាំង ៣ ( ធាតុកុសលតា មនសិការកុសលតា អាយតនកុសលតា ) ការដឹងទាំងពួង គឺ ការរៀនយក មនសិការ ការស្តាប់ ការយល់ ការចាក់ធ្លុះ ការពិចារណាឃើញ រមែងសមគួរ ។ ក្នុងបណ្តាការដឹងទាំង ៦ នោះ ការស្តាប់ ការរៀនយក ការពិចារណាឃើញ ជាលោកិយ ការចាក់ធ្លុះជាលោកុត្តរ ការយល់ និងមនសិការជាមិស្សកៈ គឺជាលោកិយក៏មាន ជាលោកុត្តរក៏មាន ។
បញ្ញាដែលដឹងថា ធម៌នេះជាបច្ច័យដល់ធម៌នេះ ដូច្នេះឈ្មោះថា បដិច្ចសមុប្បាទកុសលតា ( សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទ ) ។ [ បដិច្ចសមុប្បាទនេះ មានសម្តែងដោយពិស្តារក្នុងបដិច្ចសមុប្បាទវិភង្គ ] ។