ធាតុកុសលតា សេចក្តីឈ្លាសក្នុងធាតុ
មនសិការកុសលតា សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា ធាតុកុសលតា គឺ បញ្ញាក្នុងការស្តាប់ ការទ្រទ្រង់ ការពិចារណា និងការដឹងច្បាស់ ដែលជាគ្រឿងកំណត់សភាវៈនៃធាតុ ១៨ ដែលលោកពោលទុកយ៉ាងនេះថា “អដ្ឋារស ធាតុយោ ចក្ខុធាតុ ។ល។ មនោវិញ្ញាណធាតុ ។ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាសក្នុងធាតុ គឺការដឹង យល់ ក្នុងធាតុទាំង ១៨ គឺ ចក្ខុធាតុ ។ល។ មនោវិញ្ញាណធាតុ” ។
ពាក្យថា មនសិការកុសលតា បានដល់ បញ្ញាក្នុងការពិចារណា ដឹងច្បាស់ ការសម្លឹងពិនិត្យធាតុទាំងឡាយនោះ ដែលលោកពោលទុកយ៉ាងនេះថា “យា តាសំ ធាតូនំ មនសិការ-កុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាស ដឹង យល់ក្នុងធាតុទាំងឡាយនោះ” ។
( សង្គីតិសុត្តវណ្ណនា )
បញ្ញាដែលដឹងការកំណត់ការរៀនយក ការធ្វើទុកក្នុងចិត្ត ការស្តាប់ ការទ្រទ្រង់ទុក នូវធាតុ ១៨ ឈ្មោះថា ធាតុកុសលតា ( សេចក្តីឈ្លាសក្នុងធាតុ ) បញ្ញាដែលដឹងការរៀនយក ការមនសិការនូវធាតុទាំងនោះ ឈ្មោះថា មនសិការកុសលតា ( សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត ) ។
( អដ្ឋសាលិនី អដ្ឋកថា )