សមាបត្តិកុសលតា សេចក្តីឈ្លាសក្នុងសមាបត្តិ
សមាបត្តិវុដ្ឋានកុសលតា សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា សមាបត្តិកុសលតា គឺការដឹង ការយល់ក្នុងរឿងកំណត់អប្បនា ព្រមទាំងបរិកម្ម ដែលលោកពោលទុកយ៉ាងនេះថា “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារ-មត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាស ដឹង យល់ក្នុងរឿងសមាបត្តិ ទាំងនោះ មានទាំងសមាបត្តិដែលមានវិតក្កវិចារ, សមាបត្តិដែលមិនមានវិតក្ក មានត្រឹមតែវិចារ, សមាបត្តិ
ដែលមិនមានទាំងវិតក្ក ទាំងវិចារ” ។
ពាក្យថា សមាបត្តិវុដ្ឋានកុសលតា គឺបញ្ញាជាគ្រឿងកំណត់វេលាដែលនឹងចេញចាកសមាបត្តិថា “ពេលវេលាថ្មើនេះ យើងនឹងចេញ” ដែលជាបញ្ញាដែលអាចចេញចាកសមាបត្តិបានត្រូវតាមពេលវេលាដែលកំណត់ ដែលលោកពោលទុកយ៉ាងនេះថា “យា តាហិ សមាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាស ដឹង យល់ ក្នុងរឿងចេញចាកសមាបត្តិទាំងនោះ” ។
( សង្គីតិសុត្តវណ្ណនា )
ដែលឈ្មោះថា សមាបត្តិ ព្រោះព្រះយោគាវចរគប្បីចូល ចំណែកបញ្ញាដែលដឹងការកំណត់អប្បនា ព្រមទាំងបរិកម្ម ឈ្មោះថា សមាបត្តិកុសលតា ( សេចក្តីឈ្លាសក្នុងសមាបត្តិ ) ឈ្មោះថា សមាបត្តិវុដ្ឋានកុសលតា ( សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ ) ព្រោះកាលតាំងចិត្តថា កាលព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនក្ខត្តឫក្សគោចរមកកាន់ទីនេះហើយ យើងនឹងចេញចាកសមាបត្តិ ដូច្នេះ មានដោយបញ្ញាជាគ្រឿងកំណត់ការចេញ ក្នុងសម័យនោះមិនខុសភ្លាំងភ្លាត់ ។
( អដ្ឋសាលិនី អដ្ឋកថា )