អាបត្តិកុសលតា សេចក្តីឈ្លាសក្នុងអាបត្តិ
អាបត្តិវុដ្ឋានកុសលតា សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា អាបត្តិកុសលតា គឺភាពជាអ្នកឈ្លាសក្នុងអាបត្តិ ដែលលោកពោលទុកយ៉ាងនេះថា “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាសក្នុងអាបត្តិ គឺការដឹង ការយល់ក្នុងអាបត្តិ ៥ កង អាបត្តិ ៧ កងនោះ” ។
ពាក្យថា អាបត្តិវុដ្ឋានកុសលតា គឺភាពជាអ្នកឈ្លាសក្នុងការចេញចាកអាបត្តិ ព្រមទាំងកម្មវាចា ដែលលោកពោលទុកយ៉ាងនេះថា “យា តាហិ អាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាពជាអ្នកឈ្លាស ជាអ្នកយល់ក្នុងវិធីនៃការចេញចាកអាបត្តិទាំងនោះ” ។
( សង្គីតិសុត្តវណ្ណនា )
បទថា បញ្ចបិ អាបត្តិក្ខន្ធា ( ពួកអាបត្តិមានកងនៃអាបត្តិ ៥ ) បានដល់ អាបត្តិទាំង ៥ ពួកនេះ តាមនិទ្ទេសនៃមាតិកា គឺ បារាជិក សង្ឃាទិសេស បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ ។ បទថា សត្តបិ អាបត្តិក្ខន្ធា ( ពួកអាបត្តិមានកងនៃអាបត្តិ ៧ ) បានដល់ អាបត្តិ ៧ ពួកនេះ តាមនិទ្ទេសនៃវិន័យ គឺ បារាជិក សង្ឃាទិសេស ថុល្លច្ច័យ បាចិត្តិយៈ បាដិទេសនីយៈ ទុក្កដ ទុព្ភាសិត ។
បណ្តាភាពជាអ្នកឈ្លាសក្នុងអាបត្តិទាំងនោះ បញ្ញាដែលដឹងការកំណត់នូវអាបត្តិទាំងនោះ ព្រមទាំងវត្ថុ ឈ្មោះថា អាបត្តិកុសលតា ( ភាពជាអ្នកឈ្លាសក្នុងអាបត្តិ ) ចំណែកបញ្ញាដែលដឹងការកំណត់ក្នុងការចេញចាកអាបត្តិព្រមទាំងកម្មវាចា ឈ្មោះថា អាបត្តិវុដ្ឋាន-កុសលតា ( សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ ) ។
( អដ្ឋសាលិនី អដ្ឋកថា )