អសន្តុដ្ឋិតា ច កុសលេសុ ធម្មេសុ សេចក្តីមិនសន្តោសក្នុងកុសលធម៌ទាំងឡាយ
អប្បដិវានិតា ច បធានស្មឹ មិនរួញរាក្នុងសេចក្តីព្យាយាម
អធិប្បាយ
ពាក្យថា អសន្តុដ្ឋិតា ច កុសលេសុ ធម្មេសុ បានដល់ សេចក្តីប្រាថ្នាក្រៃលែងឡើងៗ របស់អ្នកដែលនៅមិនពេញចិត្តដោយការចម្រើនកុសលធម៌ ។ តាមពិត បុគ្គលដែលព្រមព្រៀងដោយអសន្តុដ្ឋិតានោះ បំពេញសីលហើយរមែងញ៉ាំងឈានឲ្យកើតឡើង បានឈានហើយ រមែងចម្រើនវិបស្សនា ចម្រើនវិបស្សនាហើយ នៅមិនទាន់បានសម្រេចព្រះអរហត្ត រមែងមិនរាថយពាក់កណ្តាលទី ។
ពាក្យថា អប្បដិវានិតា ច បធានស្មឹ សេចក្តីថា អាការដែលនៅមិនទាន់សម្រេចព្រះអរហត្តហើយ មិនរាថយ ក្នុងសេចក្តីព្យាយាមប្រារព្ធឡើងដោយអំណាចជាគរិយានុយោគ ដែលធ្វើមួយថ្ងៃមួយយប់ឲ្យជា ៦ ចំណែក ដែលលោកពោលទុកយ៉ាងនេះថា “កុសលានំ ធម្មានំ ភាវនាយ សក្កច្ចកិរិយតា សាតច្ចកិរិយតា អដ្ឋិតកិរិយតា អនោលីនវុត្តិតា អនិក្ខិត្ត-ឆន្ទតា អនិក្ខិត្តធុរតា អាសេវនា ភាវនា ពហុលីកម្មំ ការធ្វើដោយគោរព ការធ្វើរឿយៗ ការធ្វើមិនឈប់ ការប្រព្រឹត្តមិនរួញរា ការមិនដាក់ចោលនូវសេចក្តីប៉ុនប៉ង ការមិនដាក់ចោលនូវធុរៈ ការសេពគប់ ការចម្រើន ការធ្វើឲ្យច្រើន ក្នុងការចម្រើនកុសលធម៌ទាំងឡាយ” ។
( សង្គីតិសុត្តវណ្ណនា )
បទថា ភិយ្យោ កម្យតា ( សេចក្តីប្រាថ្នាក្រៃលែង ) បានដល់ សេចក្តីពេញចិត្តយ៉ាងក្រៃលែង ពិតមែន បុគ្គលខ្លះ ក្នុងលោកនេះ រមែងប្រគេនបក្ខិកភត្ត ( ភត្តដែលប្រគេនប្រចាំខែ ) ខ្លះ សលាកភត្ត ( ភត្តដែលប្រគេនដោយវិធីចាប់ស្លាក ) ខ្លះ ឧបោសថិកភត្ត ( ភត្តដែលប្រគេនក្នុងថ្ងៃឧបោសថ ) ខ្លះ បាដិបទិកភត្ត ( ភត្តដែលប្រគេនក្នុងថ្ងៃបាដិបទ ) ខ្លះ តាំងពីដើមនុ៎ះឯង បុគ្គលនោះជាអ្នកមិនឆ្អែតដោយការឲ្យទាននោះៗ ទើបប្រគេនធុវភត្ត ( ប្រគេនភត្តជាប្រចាំ=និច្ចភត្ត ) សង្ឃភត្ត ( ប្រគេនភត្តដល់សង្ឃ ) វស្សាវាសិកភត្ត ( ប្រគេនភត្តដល់ភិក្ខុអ្នកនៅចាំវស្សា ) ទៀត រមែងកសាងអាវាស រមែងប្រគេនបច្ច័យសូម្បីទាំង ៤ ។ គេក៏នៅជាអ្នកមិនឆ្អែត សូម្បីក្នុងការឲ្យនោះៗ ទើបទទួលសរណៈទាំងឡាយ សមាទានបញ្ចសីល គេក៏នៅជាអ្នកមិនឆ្អែតសូម្បីក្នុងការធ្វើកុសលនោះៗ ទើបបួស កាលបួសហើយ ក៏រៀនព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក គឺនិកាយមួយ និកាយពីរ រមែងញ៉ាំងសមាបត្តិ ៨ ឲ្យកើត ចម្រើនវិបស្សនា កាន់យកព្រះអរហត្ត ចាប់ផ្តើមអំពីការសម្រេចព្រះអរហត្តហើយ រមែងជាអ្នកឈ្មោះថា មហាសន្តុដ្ឋ ( ឆ្អែតចិត្តយ៉ាងធំ ) សេចក្តីពេញចិត្តដ៏ឆ្នើម រហូតដល់ព្រះអរហត្តយ៉ាងនេះ ឈ្មោះថា ភិយ្យោកម្យតា ( សេចក្តីប្រាថ្នាក្រៃលែងឡើងៗ ) ។
បទថា អប្បដិវានិតា ច បធានស្មឹ ( សេចក្តីមិនបន្ធូរបន្ថយក្នុងព្យាយាម ) ដូច្នេះ ព្រោះភិក្ខុជិនណាយក្នុងការចម្រើនកុសលធម៌ដ៏ក្រៃលែងទាំងឡាយ ក្នុងសេនាសនៈដ៏ស្ងាត់ទាំងឡាយ ឈ្មោះថា ញ៉ាំងសេចក្តីព្យាយាមឲ្យធូរថយ ភិក្ខុកាលមិននឿយណាយ ឈ្មោះថា មិនបន្ធូរបន្ថយសេចក្តីព្យាយាម ព្រោះហេតុនោះ ទ្រង់ដើម្បីសម្តែងន័យនោះ ទើបត្រាស់ពាក្យមានជាអាទិថា យា កុសលានំ ធម្មានំ ( នូវកុសលធម៌ ) ដូច្នេះ ។
ក្នុងព្រះបាលីទាំងនោះ បទថា សក្កច្ចកិរិយតា ( ការធ្វើដោយគោរព ) បានដល់ ភាពជាអ្នកធ្វើដោយគោរពក្នុងការធ្វើកុសលទាំងឡាយ ។
បទថា សាតច្ចកិរិយតា ( ការធ្វើរឿយៗ ) គឺ ធ្វើជាប់តគ្នានុ៎ះឯង ។
បទថា អដ្ឋិតកិរិយតា ( ការធ្វើមិនឈប់ ) គឺ ធ្វើមិនឲ្យដាច់ ធ្វើមិនឈប់ឈរ ។
បទថា អនោលីនវុត្តិតា ( ការប្រព្រឹត្តមិនរួញរា ) គឺ ការចិញ្ចឹមជីវិតមិនរួញរា ឬការប្រព្រឹត្តមិនរួញរា ។
បទថា អនិក្ខិត្តឆន្ទតា ( ការមិនដាក់ចោលនូវសេចក្តីប៉ុនប៉ង ) គឺ មិនដាក់ចោលនូវកុសលច្ឆន្ទៈ ។
បទថា អនិក្ខិត្តធុរតា ( ការមិនដាក់ចោលនូវធុរៈ ) គឺ មិនដាក់ចោលនូវធុរៈ សេចក្តីព្យាយាមក្នុងការបំពេញកុសល ។
( អដ្ឋសាលិនីអដ្ឋកថា )