សំវេគោ ច សំវេជនីយេសុ ឋានេសុ សេចក្តីសង្វេគក្នុងហេតុទាំងឡាយគួរសង្វេគ [ បានដល់ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ និងព្យាធិទុក្ខ ]
សំវិគ្គស្ស ច យោនិសោ បធានំ សេចក្តីព្យាយាម [ បានដល់សម្មប្បធាន ៤ ] ដោយឧបាយរបស់បុគ្គលអ្នកមានចិត្តសង្វេគ
អធិប្បាយ
ក្នុងពាក្យថា សំវេគោ ច សំវេជនីយេសុ ឋានេសុ នេះ ដែលឈ្មោះថា សំវេគ បានដល់ ញាណទស្សនៈ ដោយការឃើញ ការកើតជាដើមដោយភាពជាភ័យ យ៉ាងនេះថា ជាតិភ័យ
( ការកើតជាភ័យ ) ជរាភ័យ ( ការចាស់ជាភ័យ ) ព្យាធិភ័យ ( ការឈឺជាភ័យ ) មរណភ័យ
( ការស្លាប់ជាភ័យ ) ។ ពាក្យថា សំវេជនីយំ ឋានំ សំដៅដល់ ជាតិ ជរា ព្យាធិ និងមរណៈ។ ធម៌ទាំង ៤ ប្រការនេះ លោកហៅថា ធម៌ជាទីតាំង ជាហេតុនៃសេចក្តីសង្វេគតក់ស្លុត ព្រោះជាហេតុនាំឲ្យកើតសេចក្តីសង្វេគយ៉ាងនេះថា ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ ។
ពាក្យថា សំវិគ្គស្ស ច យោនិសោ បធានំ គឺសេចក្តីព្យាយាមដោយឧបាយត្រូវទំនង របស់អ្នកដែលកើតសេចក្តីសង្វេគយ៉ាងនេះ ។ ពាក្យនេះជាឈ្មោះនៃសេចក្តីព្យាយាមដែលមកហើយយ៉ាងនេះថា “ឥធ ភិក្ខុ អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ ភិក្ខុក្នុងសាសនានេះ រមែងញ៉ាំងឆន្ទៈឲ្យកើតឡើង ដើម្បីការមិនកើតឡើងនៃអកុសលធម៌ដ៏លាមក ដែលនៅមិនទាន់កើតឡើង” ។
( សង្គីតិសុត្តវណ្ណនា )
បទថា ជាតិភយំ ( ជាតិភ័យ ) បានដល់ ញាណដែលឃើញជាតិ ( ការកើត ) ដោយភាពជាភ័យតាំងនៅ ។ សូម្បីក្នុងញាណ ដែលឃើញជរា និងមរណៈ ដោយភាពជាភ័យជាដើម ក៏មានន័យនេះឯង ។
បទថា អនុប្បន្នានំ បាបកានំ ( ដើម្បីញ៉ាំងអកុសលធម៌ដ៏លាមកដែលមិនទាន់កើត ) ជាដើម ព្រះដ៏មានព្រះភាគត្រាស់សេចក្តីព្យាយាមដែលជាហេតុរបស់ភិក្ខុអ្នកឃើញជាតិជាដើម ដោយភាពជាភ័យហើយ ប្រាថ្នាដើម្បីនឹងរួចផុតចាកជាតិ ជរា ព្យាធិ និងមរណៈ ។
( អដ្ឋសាលិនី អដ្ឋកថា )