តីណិ សញ្ញោជនានិ សញ្ញោជនៈ ៣ យ៉ាង គឺ ៖
១. សក្កាយទិដ្ឋិ សក្កាយទិដ្ឋិ1
២. វិចិកិច្ឆា វិចិកិច្ឆា2
៣. សីលព្វតបរាមាសោ សីលព្វតបរាមាស3
( បិដកលេខ ១៩ ទំព័រ ១៣៧ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងសំយោជនៈ ៣ យ៉ាង៖
ឈ្មោះថា សំយោជនៈ [ ឬសញ្ញោជនៈ ] ព្រោះអត្ថថា ចង រួបរឹតសត្វទុកក្នុងវដ្តៈ ។ សេចក្តីយល់ឃើញក្នុងកាយដូចរូបជាដើម ថាមាន ឬ សេចក្តីយល់ឃើញក្នុងកាយ ដែលមាន ហេតុនោះ ទើបឈ្មោះថា សក្កាយទិដ្ឋិ ។ កាលពិចារណាជ្រើសរើស រមែងសង្ស័យ គឺមិនអាចនឹងសម្រេចចិត្តបាន ព្រោះធម្មជាតិនេះ ហេតុនោះ ធម្មជាតិនោះទើបឈ្មោះថា វិចិកិច្ឆា ។ បុគ្គលរមែងស្ទាបអង្អែល ( ប្រកាន់មាំ ) នូវសីលផង នូវវ័តផង ហេតុនោះ ទើបឈ្មោះថា សីលព្វតបរាមាស, ប៉ុន្តែពោលដោយអត្ថហើយ ទិដ្ឋិដែលមានវត្ថុ ២០ ដែលមកហើយ ដោយន័យជាដើមថា “រូបំ អត្តតោ សមនុបស្សតិ រមែងពិចារណាឃើញរូបថាជាតួខ្លួន” ឈ្មោះថា សក្កាយទិដ្ឋិ ។ សេចក្តីសង្ស័យ ដែលមានវត្ថុ ៨ ដែលមកហើយ ដោយន័យជាដើមថា “សត្ថរិ កង្ខតិ សង្ស័យក្នុងព្រះសាស្តា” ឈ្មោះថា វិចិកិច្ឆា ។ ការប្រកាន់ខុស ដែលមកហើយដោយន័យជាដើមថា “ឥធេកច្ចោ សីលេន សុទ្ធិ វតេន សុទ្ធិ សីលព្វតេន សុទ្ធីតិ សីលំ បរាមសតិ, វតំ បរាមសតិ, សីលព្វតំ បរាមសតិ។ យា ឯវរូបា ទិដ្ឋិ ទិដ្ឋិគតំ ជនពួកខ្លះ ក្នុងលោកនេះ ស្ទាបអង្អែល ( ប្រកាន់មាំ ) នូវសីល ស្ទាបអង្អែល នូវវ័ត ស្ទាបអង្អែល នូវសីល និងវ័តថា បរិសុទ្ធបានដោយសីល បរិសុទ្ធបានដោយវ័ត, បរិសុទ្ធបានដោយសីលនិងវ័ត, ទិដ្ឋិ សេចក្តីយល់ឃើញមានសភាពយ៉ាងនេះ” ដូច្នេះឈ្មោះថា សីលព្វតបរាមាស ។
1. សេចក្តីយល់ខុសមាននៅក្នុងកាយ គឺខន្ធទាំង ៥ មានរូបក្ខន្ធជាដើម
2. សេចក្តីសង្ស័យក្នុងគុណព្រះរតនត្រ័យជាដើម