តយោ អាសវា អាសវៈ ៣ យ៉ាង គឺ៖
១. កាមាសវោ កាមាសវៈ1
២. ភវាសវោ ភវាសវៈ2
៣. អវិជ្ជាសវោ អវិជ្ជាសវៈ3
( បិដកលេខ ១៩ ទំព័រ ១៣៧ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា តយោ អាសវា នេះតទៅ ៖
ឈ្មោះថា អាសវៈ ដោយអត្ថថា ជាឋានៈ ទីអាស្រ័យនៅអស់កាលយូរខ្លះ ដោយអត្ថថា ហូរជានិច្ចខ្លះ [ ចិរបារិវាសិយដ្ឋេន វា អាសវនដ្ឋេន វា អាសវា ] ។ ក្នុងអត្ថទាំង ២ នោះ គប្បីជ្រាបអាសវៈដោយអត្ថថា ជាឋានៈ ទីអាស្រ័យនៅអស់កាលយូរ ជាមុនសិន “ម្នាលភិក្ខុទាំងឡាយ ខាងដើមនៃអវិជ្ជា រមែងមិនប្រាកដថា មុននេះ អវិជ្ជាមិនមាន, តមកខាងក្រោយ ទើបមាន ម្នាលភិក្ខុទាំងឡាយ ខាងដើមនៃភវតណ្ហា ភវទិដ្ឋិ រមែងមិនប្រាកដថា មុននេះ ភវទិដ្ឋិមិនមាន, តមកខាងក្រោយ ទើបមាន” ដូច្នេះ ។ គប្បីជ្រាបអាសវៈ ដោយអត្ថថា ហូរជានិច្ច យ៉ាងនេះថា “អាសវៈរមែងហូរទៅ ហូរទូទៅ ហូរជានិច្ច ប្រព្រឹត្តទៅក្នុងរូប តាមផ្លូវភ្នែក ក្នុងសំឡេង តាមផ្លូវត្រចៀក ក្នុងក្លិន តាមផ្លូវច្រមុះ ក្នុងរស តាមផ្លូវអណ្តាត ក្នុងផោដ្ឋព្វ តាមផ្លូវកាយ ។ រមែងហូរទៅ ហូរទូទៅ ហូរជានិច្ច ប្រព្រឹត្តទៅក្នុងធម្មារម្មណ៍ តាមផ្លូវចិត្ត” ដូច្នេះ ។ តែក្នុងព្រះបាលីកន្លែងខ្លះ អាសវៈមាន ២ យ៉ាងគឺ ទិដ្ឋធម្មិកាសវៈ ( អាសវៈក្នុងបច្ចុប្បន្ន ) និងសម្បរាយិកាសវៈ ( អាសវៈក្នុងបរលោក ) ។ កន្លែងខ្លះ មាន ៣ យ៉ាង ដូច “ម្នាលភិក្ខុទាំងឡាយ អាសវៈ មាន ៣ គឺ កាមាសវៈ ភវាសវៈ និងអវិជ្ជាសវៈ” ។ ក្នុងព្រះអភិធម្ម អាសវៈទាំង ៣ នោះនុ៎ះឯង រួមនឹងទិដ្ឋាសវៈ ត្រូវជា ៤ ។ ក្នុងនិព្វេធិកបរិយាយសូត្រ មាន ៥ យ៉ាង គឺ “ម្នាលភិក្ខុទាំងឡាយ អាសវៈដែលនាំឲ្យធ្លាក់នរក មាន, អាសវៈដែលនាំឲ្យកើតក្នុងកំណើតតិរច្ឆាន មាន, អាសវៈដែលនាំឲ្យកើតក្នុងកំណើតបេតវិស័យ មាន, អាសវៈដែលនាំឲ្យកើតក្នុងមនុស្សលោក មាន, អាសវៈដែលនាំឲ្យកើតក្នុងទេវលោក មាន” ។ ក្នុងអាហុនេយ្យសូត្រ ឆក្កនិបាត មាន ៦ យ៉ាងនេះ គឺ “ម្នាលភិក្ខុទាំងឡាយ អាសវៈដែលគប្បីលះដោយការសង្រួម មាន, អាសវៈដែលគប្បីលះដោយការសេពគប់ មាន, អាសវៈដែលគប្បីលះដោយការវៀរ មាន, អាសវៈដែលគប្បីលះដោយសេចក្តីអត់ធន់ មាន, អាសវៈដែលគប្បីលះដោយការបន្ទោបង់ មាន, អាសវៈដែលគប្បីលះដោយការចម្រើនភាវនា មាន” ។ ក្នុងសព្វាសវបរិយាយសូត្រ អាសវៈទាំង ៦ នេះឯង រួមជាមួយនឹងអាសវៈដែលគប្បីលះដោយទស្សនៈ ត្រូវជា ៧ ។
ចំណែកក្នុងសង្គីតិសូត្រនេះ អាសវៈមាន ៣ ។ បណ្តាអាសវៈ ៣ យ៉ាងនោះ រាគៈដែលប្រកបដោយកាមគុណ ៥ ដែលលោកពោលទុកយ៉ាងនេះថា “យោ កាមេសុ កាមច្ឆន្ទោ កាមច្ឆន្ទក្នុងកាមទាំងឡាយ” ដូច្នេះ ឈ្មោះថា កាមាសវៈ ។ រាគៈដែលប្រកបដោយសស្សតទិដ្ឋិ ដែលលោកពោលទុកយ៉ាងនេះថា “យោ ភវេសុ ភវច្ឆន្ទោ ភវច្ឆន្ទក្នុងភពទាំងឡាយ” ដូច្នេះ ឬសេចក្តីប្រាថ្នាទាក់ទងនឹងភព ឈ្មោះថា ភវាសវៈ, អវិជ្ជាដែលមកហើយដោយន័យជាដើមថា “ទុក្ខេ អញ្ញាណំ សេចក្តីមិនដឹងក្នុងទុក្ខ” ឈ្មោះថា អវិជ្ជាសវៈ ដូច្នេះឯង ។
1. សេចក្តីត្រេកត្រអាលក្នុងកាម ហៅថា កាមាសវៈ
2. សេចក្តីត្រេកត្រអាលក្នុងភព ហៅថា ភវាសវៈ
3. សេចក្តីមិនដឹងក្នុងអរិយសច្ចទាំង ៤ ជាដើម ហៅថា អវិជ្ជាសវៈ