អបរាបិ តិស្សោ បញ្ញា បញ្ញា ៣ យ៉ាងដទៃទៀត គឺ៖
១. ចិន្តាមយា បញ្ញា បញ្ញាសម្រេចមកអំពីការគិត
២. សុតមយា បញ្ញា បញ្ញាសម្រេចមកអំពីការស្តាប់
៣. ភាវនាមយា បញ្ញា បញ្ញាសម្រេចមកអំពីការចម្រើន
( បិដកលេខ ១៩ ទំព័រ ១៤២ )
អធិប្បាយ
ក្នុងបញ្ញាដែលសម្រេចមកអំពីការគិតជាដើម មានសេចក្តីពិស្តារដូចតទៅនេះ៖
បណ្តាបញ្ញាទាំងនោះ បញ្ញាដែលសម្រេចដោយការគិត តើដូចម្តេច? ក្នុងអណ្តូងនៃការងារដែលបង្អោនទៅរកដោយបញ្ញា ឬក្នុងអណ្តូងនៃសិល្បៈ ដែលបង្អោនទៅរកដោយបញ្ញា ឬក្នុងស្ថានទីរបស់វិជ្ជាដែលបង្អោនទៅរកដោយបញ្ញា បុគ្គលមិនបានស្តាប់មកអំពីអ្នកដទៃ ត្រឡប់បានកម្មស្សកតញ្ញាណ ឬសច្ចានុលោមិកញ្ញាណ ឬអនុលោមិកខន្តិ ទិដ្ឋិ រុចិ មុនិ បេក្ខ ធម្មនិជ្ឈានក្ខន្តិ បែបនេះថា រូបមិនទៀង ។ល។ វិញ្ញាណមិនទៀង នេះហៅថា ចិន្តាមយ-បញ្ញា ។
ក្នុងបណ្តាបញ្ញាទាំង ៣ ប្រការនោះ បញ្ញាដែលសម្រេចដោយការស្តាប់ តើដូចម្តេច? ក្នុងអណ្តូងនៃការងារដែលបង្អោនទៅរកដោយបញ្ញា បានស្តាប់អំពីអ្នកដទៃប៉ុណ្ណោះ ទើបទទួលបាន ។ល។ ធម្មនិជ្ឈានក្ខន្តិ នេះ ហៅថា សុតមយបញ្ញា ។
ក្នុងបញ្ញាទាំង ៣ ប្រការនោះ បញ្ញាដែលសម្រេចដោយការចម្រើនភាវនា តើដូចម្តេច? បញ្ញាសូម្បីទាំងអស់របស់អ្នកចូលសមាបត្តិ ឈ្មោះថា ភាវនាមយបញ្ញា ។