តីណាវុធានិ អាវុធ ៣ យ៉ាង បានដល់
១. សុតាវុធំ អាវុធគឺសុតៈ ( ពុទ្ធវចនៈ )
២. បវិវិវេកាវុធំ អាវុធគឺសេចក្តីស្ងាត់ [ ស្ងាត់កាយ ស្ងាត់ចិត្ត ស្ងាត់ចាកឧបធិ ]
៣. បញ្ញាវុធំ អាវុធគឺបញ្ញា
( បិដកលេខ ១៩ ទំព័រ ១៤២ )
អធិប្បាយ
បទថា សុតាវុធំ បានដល់ អាវុធ គឺ សុតៈ ។ អាវុធ គឺ សុតៈនោះ ដោយអត្ថបានដល់ ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដក ។ ព្រោះថា ភិក្ខុអាស្រ័យអាវុធនោះ គឺ អាស្រ័យអាវុធ ៥ ប្រការ រមែងជាអ្នកមិនញាប់ញ័រ ឆ្លងសំសារកន្តារបាន ដូចទាហានដ៏ហានក្លា មិនញាប់ញ័រឆ្លងមហាកន្តារបាន ដូច្នោះ ។ ព្រោះហេតុនោះឯង ព្រះដ៏មានព្រះភាគទើបត្រាស់ថា
សុតាវុធោ, ភិក្ខវេ, អរិយសាវកោ អកុសលំ បជហតិ, កុសលំ ភាវេតិ, សាវជ្ជំ បជហតិ, អនវជ្ជំ ភាវេតិ, សុទ្ធមត្តានំ បរិហរតិ ។
“ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលមានសុតៈជាអាវុធ រមែងលះបង់នូវអកុសល ញ៉ាំងកុសលឲ្យចម្រើនឡើង លះបង់ធម៌ដែលមានទោស ចម្រើនធម៌ដែលមិនមានទោស រក្សាខ្លួនឲ្យបរិសុទ្ធ” ។
បទថា បវិវេកាវុធំ សេចក្តីថា អាវុធ គឺ វិវេក ទាំង ៣ ប្រការនេះគឺ កាយវិវេក ចិត្តវិវេក ឧបធិវិវេក ។ វិវេកទាំង ៣ ប្រការនោះ មានការធ្វើផ្សេងៗ គ្នា ។ កាយវិវេក សម្រាប់បុគ្គលដែលមានកាយគេចចេញទៅ ត្រេកអរក្នុងនេក្ខម្មៈ ចិត្តវិវេកសម្រាប់បុគ្គលអ្នកមានចិត្តបរិសុទ្ធ ដល់នូវសេចក្តីបរិសុទ្ធជាទីបំផុត ឧបធិវិវេកសម្រាប់បុគ្គលដែលមិនមានឧបធិ ដល់នូវវិសង្ខារ ( គឺព្រះនិព្វាន ) ។ ក៏បុគ្គលអ្នកត្រេកអរក្នុងវិវេកទាំង ៣ យ៉ាងនេះ រមែងមិនខ្លាចក្នុងទីណាមួយឡើយ ព្រោះហេតុនោះ វិវេកនេះក៏ហៅថា អាវុធ ព្រោះអត្ថថា ជាទីពឹងអាស្រ័យ ។
អាវុធគឺបញ្ញា ដែលជាលោកិយ និងលោកុត្តរ ចាត់ជាអាវុធ គឺបញ្ញា ។ ព្រោះថា បុគ្គលអ្នកមានអាវុធ គឺ បញ្ញានោះ រមែងមិនខ្លាចក្នុងទីណាមួយឡើយ ទាំងអ្នកដទៃក៏មិនខ្លាចចំពោះបុគ្គលនោះ ព្រោះហេតុនោះ សូម្បីបញ្ញានោះក៏ហៅថា អាវុធ ព្រោះអត្ថថា ជាទីពឹងអាស្រ័យ [ អវស្សយដ្ឋេនេវ អាវុធំ ] ។