តីណិន្ទ្រិយានិ ឥន្ទ្រិយ ៣ យ៉ាង គឺ៖
១. អនញ្ញតញ្ញស្សាមីតិន្ទ្រិយំ ឥន្ទ្រិយដែលកើតឡើងដល់បុគ្គលអ្នកប្រតិបត្តិដោយគិតថា អាត្មាអញនឹងបានដឹងនូវធម៌ដែលមិនទាន់បានដឹង ( សោតាបត្តិមគ្គញ្ញាណ )
២. អញ្ញិន្ទ្រិយំ ឥន្ទ្រិយគឺញាណជាគ្រឿងដឹងច្បាស់ ( សោតាបត្តិផលញាណ ។ល។ អរហត្តមគ្គញាណ )
៣. អញ្ញាតាវិន្ទ្រិយំ ឥន្ទ្រិយគឺសេចក្តីដឹងក្នុងធម៌ដែលបុគ្គលគួរដឹងច្បាស់ ជាធម៌ដល់នូវទីបំផុតនៃកិច្ចដោយកិរិយាដឹង ( អរហត្តផលញ្ញាណ )
( បិដកលេខ ១៩ ទំព័រ ១៤២-៣ )
អធិប្បាយ
បទថា អនញ្ញតញ្ញស្សាមីតិន្ទ្រិយំ មានសេចក្តីថា ឥន្ទ្រិយដែលកើតឡើងដល់អ្នកបដិបត្តិដោយបំណងថា អាត្មាអញ្នឹងបានដឹងនូវធម៌ដែលមិនទាន់បានដឹង នៅមិនទាន់ជាក់ច្បាស់ក្នុងកាលមុន ។ ពាក្យថា អនញ្ញតញ្ញស្សាមីតិន្ទ្រិយំ នេះ ជាឈ្មោះរបស់សោតាបត្តិមគ្គញ្ញាណ ។
បទថា អញ្ញិន្ទ្រិយំ បានដល់ ឥន្ទ្រិយដែលជាការដឹងទូទៅ គឺ ការដឹងច្បាស់ ។ ពាក្យថា អញ្ញិន្ទ្រិយំ នេះជាឈ្មោះរបស់ញាណ ក្នុងឋានៈ ៦ ប្រការ ចាប់ផ្តើមពីសោតាបត្តិផលទៅ ។
បទថា អញ្ញាតាវិន្ទ្រិយំ នេះ បានដល់ ឥន្ទ្រិយក្នុងធម៌ទាំងឡាយដែលជារបស់អ្នកដឹងច្បាស់ គឺដល់នូវទីបំផុតនៃការត្រាស់ដឹង ។ ពាក្យថា អញ្ញាតាវិន្ទ្រិយំ នេះជាឈ្មោះរបស់អរហត្តផលញ្ញាណ ។