( បុគ្គលដែលមិនជាប់ជំពាក់ក្នុងកាម រមែងនៅជាសុខ )
ព្រះសាស្ដាកាលទ្រង់អាស្រ័យ អនុបិយនគរ ប្រថាប់នៅនាអនុបិយអម្ពវ័ន ទ្រង់ប្រារព្ធព្រះភទ្ទិយត្ថេរ ដែលមានប្រក្រតីនៅជាសុខ ទើបត្រាស់ព្រះធម៌ទេសនានេះ មានពាក្យផ្ដើមថា យញ្ច អញ្ញេ ន រក្ខន្តិ ដូច្នេះ ។
រឿងរ៉ាងក្នុងបច្ចុប្បន្ន
ព្រះភទ្ទិយត្ថេរលោកមានប្រក្រតីនៅជាសុខ មានព្រះឧបាលីជាគម្រប់ ៧ បួសក្នុងសមាគមក្សត្រ ៦ អង្គ ក្នុងចំណោមព្រះថេរៈទាំងនោះ ព្រះភទ្ទិយត្ថេរ ព្រះកិម្ពិលត្ថេរ ព្រះភគុត្ថេរ ព្រះឧបាលិត្ថេរ សម្រេចព្រះអរហត្ត ព្រះអានន្ទត្ថេរជាព្រះសោតាបន្ន ព្រះអនុរុទ្ធត្ថេរជាអ្នកមានទិព្វចក្ខុ ព្រះទេវទត្តបានឈាន រឿងរបស់ក្សត្រទាំង ៦ ព្រះអង្គនោះ នឹងមានជាក់ច្បាស់ក្នុងខណ្ឌហាលជាតកត្រឹមអនុបិយនគរ ។ ក៏ព្រះភទ្ទិយត្ថេររក្សាឃុំគ្រងព្រះអង្គក្នុងគ្រាជាព្រះរាជា ក៏ទ្រង់នៅតែឃើញភ័យដែលនឹងកើតឡើងដល់ព្រះអង្គដែលគេរក្សាដោយការរក្សាការពារយ៉ាងច្រើនដូចទេវតាចាត់ចែងការរក្សា និងភ័យដែលនឹងកើតឡើងដល់ព្រះអង្គដែលទ្រង់បម្រះននៀលទៅមកលើក្រឡាបន្ទំធំព្ធដ៏ប្រាសាទជាន់លើ ឥឡូវនេះ សម្រេចព្រះអរហត្តហើយ សូម្បីនឹងនៅក្នុងទីណាមួយ មានព្រៃជាដើម ក៏ពិចារណាឃើញភាវៈនៃខ្លួនព្រះអង្គជាអ្នកប្រាសចាកភ័យ ទើបបន្លឺឧទានថា “សុខហ្ន៎ សុខហ្ន៎” ភិក្ខុទាំងឡាយបានស្តាប់ឮពាក្យនោះ ទើបក្រាបទូលដល់ព្រះដ៏មានព្រះភាគថា “ព្រះភទ្ទិយត្ថេរព្យាករអរហត្តផល” ព្រះដ៏មានព្រះភាគត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ភទ្ទិយៈមានប្រក្រតីនៅជាសុខក្នុងកាលឥឡូវនេះប៉ុណ្ណោះក៏ទេ សូម្បីក្នុងកាលមុនក៏មានប្រក្រតីនៅជាសុខដូចគ្នា” ភិក្ខុទាំងឡាយទើបទូលអារាធនាព្រះមានព្រះភាគដើម្បីឱ្យទ្រង់សម្តែងរឿងនោះ ។ ព្រះដ៏មានព្រះភាគទើបបានទ្រង់ធ្វើហេតុដែលចន្លោះរវាងនៃភពបិទបាំងទុក ឱ្យប្រាកដ ដូចតទៅនេះ៖
អតីតនិទាន
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វជាព្រាហ្មណមហាសាលកើតក្នុងត្រកូលខ្ពស់ ឃើញទោសក្នុងកាមទាំងឡាយ និងអានិសង្សក្នុងការចេញបួស ទើបលះបង់កាមទាំងឡាយចូលទៅកាន់ព្រៃហិមពាន្ដ បួសជាតាបស ញ៉ាំងសមាបត្តិ ៨ ឱ្យកើតឡើង សូម្បីបរិវាររបស់ព្រះពោធិសត្វនោះ បានជាបរិវារធំ មានតាបសចំនួន ៥០០ រូប ។ ក្នុងរដូវភ្លៀង ព្រះពោធិសត្វចេញអំពីព្រៃហិមពាន្ត ចោមរោមដោយពួកតាបស ត្រាច់ចារិកទៅតាមស្រុក និងនិគមជាដើម រហូតទៅដល់ក្រុងពារាណសី អាស្រ័យនឹងព្រះរាជាសម្រេចការនៅក្នុងរាជឧទ្យាន លោកនៅក្នុងរាជឧទ្យាននោះ អស់ ៤ ខែនៃរដូវភ្លៀង ហើយចម្រើនពរលាព្រះរាជា ។ លំដាប់នោះ ព្រះរាជាអង្វរព្រះពោធិសត្វថា “បពិត្រលោកម្ចាស់ដ៏ចម្រើន លោកចាស់ហើយ លោកនឹងមានប្រយោជន៍អ្វីដោយព្រៃហិមពាន្ត លោកចូរបញ្ជូនអន្តេវាសិកទាំងឡាយទៅព្រៃហិមពាន្តហើយ នៅក្នុងទីនេះចុះ” ។ ព្រះពោធិសត្វបញ្ជូនតាបស ៥០០ រូប ជាមួយនឹងអន្តេវាសិកច្បង ហើយបញ្ជូនតាបសទាំងនោះទៅដោយពាក្យថា “អ្នកចូរទៅនៅក្នុងព្រៃហិមពាន្តជាមួយនឹងតាបសទាំងនេះ ចំណែកយើងនឹងនៅក្នុងទីនេះឯង” ហើយខ្លួនឯងក៏សម្រេចការនៅក្នុងរាជឧទ្យាននោះនុ៎ះឯង ក៏ប្រធានអន្តេវាសិករបស់ព្រះពោធិសត្វនោះ ជារាជបព្វជិត លះបង់រាជសម្បត្តិដ៏ធំចេញមកបួស ធ្វើកសិណកម្ម បានសម្រេចសមាបត្តិ ៨ ។ ប្រធាននៃអន្តេវាសិកនោះនៅក្នុងព្រៃហិមពាន្តជាមួយនឹងតាបសទាំងឡាយ មានបំណងចង់សួរសុខទុក្ខអាចារ្យ ទើបហៅតាបសទាំងនោះមកហើយពោលថា “អ្នកទាំងឡាយ ចូរកុំអផ្សុក ចូរនៅក្នុងទីចុះ ខ្ញុំកូណានឹងទៅសួរសុខទុក្ខអាចារ្យហើយនឹងត្រឡប់មកវិញ” ហើយទៅកាន់សម្នាក់របស់អាចារ្យ ថ្វាយបង្គំហើយធ្វើបដិសណ្ឋារ ក្រាលកន្ទេលសិងនៅក្នុងសម្នាក់អាចារ្យនុ៎ះឯង ។ ក្នុងសម័យនោះ ព្រះរាជាទ្រង់ព្រះតម្រិះថា “អញនឹងទៅជួបព្រះតាបស” ទើបស្ដេចយាងទៅកាន់រាជឧទ្យាន ថ្វាយបង្គំហហើយអង្គុយក្នុងទីដ៏សមគួរ តាបសជាអន្តេវាសិកសូម្បីឃើញព្រះរាជាហើយក៏មិនក្រោកឡើង នៅតែសិងដដែល បន្លឺឧទានថា “សុខហ្ន៎ សុខហ្ន៎” ។ ព្រះរាជាទ្រង់អាក់អន់ព្រះទ័យថា “តាបសនេះ សូម្បីឃើញអញហើយក៏មិនក្រោកឡើង” ទើបត្រាស់នឹងព្រះពោធិសត្វថា “បពិត្រលោកម្ចាស់ដ៏ចម្រើន តាបសនេះគង់នឹងឆាន់តាមសេចក្តីប្រាថ្នា ទើបសម្រេចការដេកយ៉ាងសប្បាយ ហើយបន្លឺនូវឧទាន” ។ ព្រះពោធិសត្វតបថា “មហាបពិត្រ តាបសនេះ កាលពីមុនជាព្រះរាជាមួយអង្គដូចព្រះអង្គដែរ តាបសនេះគិតថា កាលពីមុនក្នុងកាលនៅជាគ្រហស្ថ អាត្មាអញសោយសិរិរាជសម្បត្តិ សូម្បីមនុស្សជាច្រើន មានដៃកាន់អាវុធចាំការពារ ក៏មិនបានសេចក្តីសុខមានសភាពយ៉ាងនេះ ទើបប្រារព្ធសេចក្តីសុខក្នុងផ្នួស និងសុខក្នុងឈានរបស់ខ្លួនហើយបន្លឺឧទាននេះ” កាលពោលយ៉ាងនេះហើយ ដើម្បីនឹងសម្ដែងធម្មកថាដល់ព្រះរាជា ទើបពោលថា
យញ្ច អញ្ញេ ន រក្ខន្តិ យោ ច អញ្ញេ ន រក្ខតិ
សវេ រាជ សុខំ សេតិ កាមេសុ អនបេក្ខវា ។
ពួកជនដទៃ មិនរក្សាជនណា ម្យ៉ាងទៀត ជនណាមិនរក្សាពួកជនដទៃ បពិត្រព្រះរាជា ជននោះឯង មិនមានសេចក្តីអាឡោះអាល័យក្នុងកាមទាំងឡាយទេ រមែងដេកជាសុខ ។
( បិដកលេខ ៥៨ ទំព័រ ៤ )
បណ្ដាបទទាំងនោះ បទថា យញ្ច អញ្ញេ ន រក្ខន្តិ សេចក្ដីថា បុគ្គលដទៃជាច្រើន រមែងមិនរក្សាបុគ្គលណា ។ បទថា យោ ច អញ្ញេ ន រក្ខតិ សេចក្ដីថា សូម្បីបុគ្គលណាក៏មិនរក្សាជនដទៃជាច្រើន ដោយគំនិតថា “អញតែម្នាក់គត់គ្រងរាជសម្បត្តិ” ។ បទថា ស វេ រាជសុខំ សេតិ សេចក្ដីថា មហាបពិត្រ បុគ្គលនោះតែម្នាក់ឯង មិនមានសម្លាញ់ ស្ងប់ស្ងាត់ហើយ ជាអ្នកព្រមព្រៀងដោយសេចក្ដីសុខតាមផ្លូវកាយ និងផ្លូវចិត្ត រមែងដេកជា
សុខ។ ពាក្យថា ដេកជាសុខ នេះ ជាប្រធាននៃទេសនាប៉ុណ្ណោះ រមែងដេកជាសុខតែម្យ៉ាងប៉ុណ្ណោះក៏ទេ ក៏បុគ្គលមានសភាពបែបនេះទោះដើរ ឈរ អង្គុយ ឬដេក ក៏ជាសុខ គឺបានទទួលសេចក្ដីសុខគ្រប់ឥរិយាបថទាំងអស់ ។ បទថា កាមេសុ អនបេក្ខវា សេចក្ដីថា មហាបពិត្រ បុគ្គលបែបនេះ វៀរចាកការអើពើក្នុងវត្ថុកាម និងកិលេសកាម គឺប្រាសចាកឆន្ទរាគៈមិនមានតណ្ហា រមែងនៅជាសុខគ្រប់ឥរិយាបថ ។
ព្រះរាជាទ្រង់បានសណ្ដាប់ព្រះធម៌ទេសនាហើយមានព្រះទ័យត្រេកអរ ថ្វាយបង្គំហើយ ស្ដេចយាងទៅកាន់ព្រះរាជនិវេសន៍វិញ ចំណែកអន្តេវាសិកក៏ថ្វាយបង្គំអាចារ្យហើយទៅកាន់ព្រៃហិមពាន្តដូចគ្នា ឯព្រះពោធិសត្វនៅក្នុងទីនោះនុ៎ះឯង មានឈានមិនសាបសូន្យ ធ្វើកាលកិរិយាហើយទៅកើតក្នុងព្រហ្មលោក ។
ប្រជុំជាតក
ព្រះសាស្ដាគ្រាទ្រង់នាំព្រះធម៌ទេសនានេះមកសម្ដែងហើយ ត្រាស់រឿង ២ បន្ដអនុសន្ធិហើយ ទ្រង់ប្រជុំជាតកថា អន្តេវាសិកក្នុងកាលណោះ បានជាព្រះភទ្ទិយត្ថេរ ចំណែកគ្រូនៃគណៈ គឺតថាគតនេះឯង ។