( សមណៈដែលមានគ្រឿងសាំញ៉ាំ គឺកិលេស មាននៅក្នុងខ្លួន មិនប្រសើរឡើយ )
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធភិក្ខុដែលជាអ្នកបោកបញ្ឆោតគេ ១ អង្គ ។ ព្រះអង្គទ្រង់ត្រាស់សម្តែងនូវរឿងក្នុងអតីតកាលមានដូចតទៅ៖
អតីតនិទាន
ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ បដិសន្ធិក្នុងកំណើតសត្វទន្សង ។ កាលនោះ មានតាបស ១ អង្គ បានអភិញ្ញា ៥ មានតបៈដ៏ខ្លាំងក្លា អាស្រ័យនៅឯបច្ចន្តគ្រាម ក្នុងតំបន់មួយដែលមានបណ្ណសាលា នៅនឹងជាយព្រៃ ។ ពួកអ្នកស្រុក បាននាំគ្នាទំនុកបម្រុងព្រះតាបស ដោយសេចក្តីគោរព ។ ព្រះពោធិសត្វ បានរស់នៅនឹងរន្ធដំបូកមួយ ខាងចុងទីចង្ក្រមរបស់ព្រះតាបសនោះឯង ហើយ តែងតែចេញពីរន្ធមករកព្រះតាបស ១ ថ្ងៃ, ៣ ដងរាល់ៗ ថ្ងៃ ស្តាប់ពាក្យដែលប្រកបដោយហេតុ ប្រកបដោយផល ថ្វាយបង្គំព្រះតាបសហើយ ក៏ត្រឡប់ទៅកាន់ទីរបស់ខ្លួនវិញ ។ ក្រោយមក ព្រះតាបសក៏បានចម្រើនពរលាពួកអ្នកស្រុកចេញទៅ ។ កាលដែលព្រះតាបសសម្បូរដោយសីល និងវត្តនោះចេញទៅហើយ បន្ទាប់មក ក៏មានតាបស ១ អង្គទៀត មកសំណាក់នៅនឹងអាស្រមបទនោះដែរ ។ ព្រះពោធិសត្វកំណត់ថា តាបសក្រោយ ក៏ជាអ្នកមានសីល ទើបបានចូលទៅកាន់សំណាក់របស់តាបសបំពេញកិច្ចវត្តដូចមុនដែរ ។
ក្រោយមកថ្ងៃមួយ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងរដូវរាំងស្ងួត ហ្វូងមេភ្លៀងបាននាំគ្នាចេញអំពីដំបូកទាំងឡាយ ពួកសត្វទន្សងក៏បាននាំគ្នាចេញមកស៊ីមេភ្លៀងទាំងនោះ ។ ក្នុងកាលនោះ ពួកអ្នកស្រុកបាននាំគ្នាចេញចាប់ទន្សងបានយ៉ាងច្រើន ហើយចាត់ចែងស្លម្ជូរគ្រឿងដ៏មានឱជារស ប្រគេនដល់តាបស ។ តាបសឆាន់សម្លម្ជូរគ្រឿងសាច់ទន្សងឆ្ងាញ់ ជាប់ចិត្តនឹងរសនោះ ទើបសួរថា សម្លនេះឆ្ងាញ់ក្រៃលែងណាស់ តើសាច់នេះជាសាច់សត្វអ្វី? កាលដែលបានឮគេប្រាប់ថា ជាសាច់សត្វទន្សងហើយ ក៏គិតថា ទន្សងដ៏ធំនោះ មកកាន់សំណាក់របស់យើង យើងនឹងសម្លាប់វាស្លម្ជូរគ្រឿង ។ តាបសកំហូច ឲ្យគេនាំយកឆ្នាំងសម្រាប់ស្ល និងគ្រឿងផ្សំផ្សេងៗ មានទឹកដោះថ្លា និងអំបិលជាដើម ទុកនៅមួយកន្លែង ហើយលាក់ដំបងក្នុងសំពត់ដណ្តប់ រង់ចាំការមកនៃព្រះពោធិសត្វ ។ តាបសកំហូចរង់ចាំនៅនឹងទ្វារបណ្ណសាលា អង្គុយរៀបឥរិយាបថដូចជាមានសេចក្តីស្ងប់ណាស់ ។
ក្នុងវេលាល្ងាច ព្រះពោធិសត្វ គិតថា យើងនឹងទៅរកតាបស ហើយក៏ចេញដំណើរទៅ ខណៈដែលកំពុងតែចូលទៅជិតនោះឯង ក៏បានឃើញចំណុចខុសប្លែកនៃឥន្ទ្រិយរបស់តាបស ទើបគិតថា តាបសនេះ មិនបានអង្គុយដោយឥរិយាបថ ដែលធ្លាប់អង្គុយ ដូចថ្ងៃមុនៗ ទេ សូម្បីតែសម្លឹងមើលយើងក្នុងថ្ងៃនេះទៀតសោត ក៏សម្លឹងជារបៀបលួចលាក់ ។ ព្រះពោធិសត្វបានទៅពីក្រោមខ្យល់នៃតាបស ហើយក៏បានធុំក្លិនសាច់ទន្សង ក៏បានគិតថា ថ្ងៃនេះ តាបសកំហូចនេះ មុខតែបរិភោគសាច់ទន្សងជាប់ចិត្តក្នុងរសហើយ ឥឡូវនេះបំណងដើម្បីនឹងវាយសម្លាប់យើងដែលចូលទៅរកដោយដំបង ហើយយកសាច់របស់យើងស្លស៊ីជាប្រាកដ ។ ព្រះពោធិសត្វ គិតឃើញដូច្នេះ ក៏មិនបានចូលទៅជិត ហើយបែរត្រឡប់ក្រោយរត់ចេញមកវិញ ។ តាបសកំហូច ដឹងថាសត្វទន្សងមិនព្រមមក ព្រោះដឹងខ្លួនថា យើងប្រុងសម្លាប់ ទោះជាយ៉ាងនេះ ក៏មិនរួចពីកណ្តាប់ដៃអញ ហើយបានយកដំបងចេញគ្រវែងតម្រង់ទៅរកព្រះពោធិសត្វ ។ ដំបងបានចោលទៅប៉ះចុងកន្ទុយបន្តិចប៉ុណ្ណោះ ព្រះពោធិសត្វចូលក្នុងដំបូកដោយរហ័ស ហើយចេញក្បាលមកតាមរន្ធមួយទៀត ពោលថា “វ៉ឺយ! ជដិលកំហូច កាលដែលយើងចូលទៅរកអ្នកឯង គឺចូលទៅដោយសម្គាល់ថា ជាអ្នកមានសីល ប៉ុន្តែឥឡូវនេះ ល្បិចកំហូចរបស់អ្នក យើងបានដឹងហើយ មហាចោរដូចជាអ្នកឯងអ៊ីចឹងបួសធ្វើអ្វីទៅ”។ កាលដែលតិះដៀលតាបសហើយ ទើបពោលនូវគាថា ដោយសេចក្តីថា៖
កិន្តេ ជដាហិ ទុម្មេធ កិន្តេ អជិនសាដិយា
អព្ភន្តរន្តេ គហនំ ពាហិរំ បរិមជ្ជសិ ។
“ម្នាលតាបស ឥតបញ្ញា ប្រយោជន៍អ្វីដោយជដារបស់អ្នក និងប្រយោជន៍អ្វីដោយស្បែកខ្មាឃ្មុំរបស់អ្នក ព្រោះគ្រឿងសាំញ៉ាំ គឺកិលេស មាននៅខាងក្នុងខ្លួនអ្នក អ្នកខំដុសខាត់តែខាងក្រៅទេ” ។
បណ្តាបទទាំងនេះ បទថា កិន្តេ ជដាហិ ទុម្មេធ ដោយសេចក្តីថា នែវ៉ឺយ ជដិលដ៏ល្ងង់ខ្លៅ ប្រាសចាកការចេះដឹង ការបួងសក់នេះ ចំពោះបុគ្គលដែលវៀរចាកនូវការបៀតបៀន ទើបគួរ ចំណែកអ្នកប្រាសចាកនូវគុណនេះ នឹងទ្រទ្រង់ទុកនូវជដាធ្វើអ្វី ។
បទថា កិន្តេ អជិនសាដិយា ដោយសេចក្តីថា ចាប់ផ្តើមតាំងតែអំពីអ្នកឯងដែលមិនមាននូវសំវរគុណមក អ្នកឯងមិនសមនឹងដណ្តប់ស្បែកខ្លាទេ ប្រយោជន៍អ្វីដោយស្បែកខ្លាដែលអ្នកទ្រទ្រង់ ។
បទថា អព្ភន្តរន្តេ គហនំ ដោយសេចក្តីថា ខាងក្នុងសន្តានចិត្តរបស់អ្នក ទ្រុបទ្រុលទៅដោយកិលេសគឺរាគៈ ទោសៈ មោហៈ ។
បទថា ពាហិរំ បរិមជ្ជសិ ដោយសេចក្តីថា អ្នកឯងហ្នឹង កាលដែលខាងក្នុងមានភាពសាំញ៉ាំ ទ្រុបទ្រុលក្រាស់ចង្អៀតទៅដោយកិលេស ដូច្នេះ បែរជាមករវល់តែដុសខាត់ខាងក្រៅ ដោយការងូតទឹកជាដើម និងដោយការទ្រទ្រង់នូវភេទជាអ្នកបួស ។ កាលបើរវល់តែដុសខាត់ខាងក្រៅយ៉ាងនេះ អ្នកឯងប្រៀបដូចជាសំបកឃ្លោកស្មោកគ្រោកខាងក្នុង ឬដូចជាពាងដែលពេញទៅដោយថ្នាំពិស ឬម្យ៉ាងទៀត ដូចជាដំបូកដែលពេញទៅដោយអាសិរពិស ពុំនោះសោតទេ ដូចជាឆ្នាំងដ៏វិចិត្រដែលពេញទៅដោយលាមក សឹងរលើបរលោងតែខាងក្រៅប៉ុណ្ណោះ អ្នកឯងគឺជាចោរ នឹងនៅក្នុងទីនេះធ្វើអ្វី ប្រញាប់ចេញឲ្យឆាប់ទៅ បើអ្នកឯងមិនប្រញាប់ទៅទេ យើងនឹងប្រាប់អ្នកស្រុក ឲ្យធ្វើការបណ្តេញអ្នកឯង ។
ព្រះពោធិសត្វ គំរាមតាបសកំហូចយ៉ាងនេះហើយ ក៏ចូលទៅក្នុងដំបូកវិញ រីឯតាបសកំហូច ក៏គេចអំពីទីនោះទៅ ។
ប្រជុំជាតក
ព្រះបរមសាស្តា ទ្រង់នាំព្រះធម៌ទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តាបសកំហូចក្នុងគ្រានោះ បានមកជាភិក្ខុអ្នកបោកបញ្ឆោតគេក្នុងគ្រានេះ ឯព្រះតាបសមានសីលនោះ បានមកជាសារីបុត្ត ចំណែកគោធបណ្ឌិត ( ទន្សងពោធិសត្វ ) បានមកជាតថាគត ដូច្នេះឯង ៕