ខយេ ញាណំ សេចក្តីដឹងក្នុងអរិយមគ្គជាគ្រឿងអស់ទៅនៃកិលេស
អនុប្បាទេ ញាណំ សេចក្តីដឹងក្នុងអរិយផល ដែលធ្វើសត្វមិនឲ្យកើតឡើងដោយបដិសន្ធិ
អធិប្បាយ
ពាក្យថា ខយេ ញាណំ បានដល់ ញាណក្នុងអរិយមគ្គ ដែលធ្វើឲ្យកិលេសអស់ទៅ ។ ពាក្យថា អនុប្បាទេ ញាណំ បានដល់ ញាណក្នុងអរិយផល ដែលជាផលញ៉ាំងមិនឲ្យកើតដោយបដិសន្ធិ ឬដែលកើតឡើងក្នុងទីបំផុតនៃការមិនកើតឡើងនៃកិលេសដែលមគ្គនោះៗ សម្លាប់
បានហើយ ។ ដោយហេតុនោះ លោកទើបពោលថា “ខយេ ញាណន្តិ មគ្គសមង្គិស្ស ញាណំ ។ អនុប្បាទេ ញាណន្តិ ផលសមង្គិស្ស ញាណំ ពាក្យថា ខយេ ញាណំ គឺ ញាណរបស់អ្នកដែលព្រមព្រៀងដោយមគ្គ ។ ពាក្យថា អនុប្បាទេ ញាណំ គឺ ញាណរបស់អ្នកដែលព្រមព្រៀងដោយផល” ។
( អដ្ឋកថាសង្គីតិសូត្រ )
បទថា មគ្គសមង្គិស្ស ញាណំ ( សេចក្តីដឹងនៃបុគ្គល ដែលព្រមព្រៀងដោយមគ្គ ) បានដល់ មគ្គញាណទាំង ៤ ។ បទថា ផលសមង្គិស្ស ញាណំ ( សេចក្តីដឹងនៃបុគ្គល ដែលព្រមព្រៀងដោយផល ) បានដល់ ផលញាណទាំង ៤ ។
បណ្តាញាណទាំងនោះ មគ្គញាណទី ១ ឈ្មោះថា ខយេ ញាណំ (ញាណក្នុងការអស់ទៅ) ព្រោះអត្ថថា កើតឡើងញ៉ាំងកិលេស ៥ យ៉ាងឲ្យអស់ទៅ ឲ្យរលត់ទៅ ឲ្យស្ងប់ ឲ្យរម្ងាប់ ។ មគ្គញាណទី ២ ញ៉ាំងកិលេស ៤ យ៉ាង ឲ្យអស់ទៅ ។ មគ្គញាណទី ៣ ក៏ញ៉ាំងកិលេស ៤ យ៉ាងឲ្យអស់ទៅដូចគ្នា តែមគ្គញាណទី ៤ ឈ្មោះថា ខយេ ញាណំ ( ខយញ្ញាណ ) ព្រោះអត្ថថា រមែងកើតឡើងធ្វើកិលេស ៨ យ៉ាងឲ្យអស់ទៅ ឲ្យរលត់ទៅ ឲ្យស្ងប់ ឲ្យរម្ងាប់ ។
តែផលញាណរបស់មគ្គនោះៗ ឈ្មោះថា អនុប្បាទេ ញាណំ ( អនុប្បាទញ្ញាណ ) ព្រោះអត្ថថា កើតឡើងក្នុងទីបំផុតនៃការអស់ទៅ ក្នុងទីបំផុតនៃការរលត់ទៅ ក្នុងទីបំផុតនៃការស្ងប់ទៅ ក្នុងទីបំផុតនៃការរម្ងាប់ទៅ ក្នុងទីបំផុតនៃការមិនកើតឡើង ក្នុងទីបំផុតនៃការមិនប្រព្រឹត្តទៅនៃកិលេសប៉ុណ្ណោះ ដូច្នេះឯង ។
( អដ្ឋកថា អដ្ឋសាលិនី )