ពោលអំពីបុគ្គល ៤ ពួក ប្រាកដក្នុងលោក
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក ។ បុគ្គល ៤ ពួក តើដូចម្ដេចខ្លះ? គឺបុគ្គលមានដំណើរទៅបណ្ដោយតាមខ្សែទឹក ១ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក ១ បុគ្គលមានសភាពជាអ្នកឈរនៅ ១ បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាព្រាហ្មណ៍ឋិតនៅលើ
គោក ១ ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានដំណើរទៅបណ្ដោយតាមខ្សែទឹក តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងសេពកាមទាំងឡាយផង តែងធ្វើអំពើអាក្រក់ផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅបណ្ដោយតាមខ្សែទឹក ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានដំណើរទៅច្រាសខ្សែទឹក តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនសេពកាមទាំងឡាយផង មិនធ្វើអំពើអាក្រក់ផង តែជាអ្នកប្រកបដោយទុក្ខ និងទោមនស្ស មានមុខទទឹកដោយទឹកភ្នែក ទួញយំ ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឱ្យបរិបូណ៌ បរិសុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានដំណើរទៅច្រាសខ្សែទឹក ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសភាពជាអ្នកឈរនៅ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាឱបបាតិកៈ បរិនិព្វានក្នុងលោកនោះ មានការមិនបានត្រឡប់ចាកលោកនោះជាធម្មតា ព្រោះអស់ទៅនៃឱរម្ភាគិយសញ្ញោជនៈទាំង ៥ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសភាពជាអ្នកឋិតនៅ ។
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលបានឆ្លងទៅដល់ត្រើយនាយ ជាព្រាហ្មណ៍ឋិតនៅលើគោក តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឱ្យជាក់ច្បាស់នូវចេតោវិមុត្តិ និង បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯងហើយ សម្រេចសម្រាន្តនៅ ក្នុងបច្ចុប្បន្ននេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលបានឆ្លងទៅដល់ត្រើយនាយហើយ ជាព្រាហ្មណ៍ឋិតនៅលើគោក ។
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមាននៅក្នុងលោក ។
យេ កេចិ កាមេសុ អសញ្ញតា ជនា
អវីតរាគា ឥធ កាមភោគិនោ
បុនប្បុនំ ជាតិជរូបគា ហិ តេ
តណ្ហាធិបន្នា អនុសោតគាមិនោ ។
ជនទាំងឡាយណានីមួយ មិនសង្រួម ក្នុងកាមទាំងឡាយ មិនបានប្រាសចាករាគៈ ជាអ្នកបរិភោគកាមក្នុងលោកនេះ ជនទាំងនោះឯង តែងចូលទៅកាន់ជាតិ និង ជរាជារឿយៗ ត្រូវតណ្ហាគ្របសង្កត់ ឈ្មោះថា ជាអ្នកមានដំណើរទៅបណ្ដោយតាមខ្សែទឹក ។
តស្មា ហិ ធីរោ ឥធុបដ្ឋិតាសតំ
កាមេ ច បាបេ ច អសេវមានោ
សហាបិ ទុក្ខេន ជហេយ្យ កាមេ
បដិស្សោតគាមីតិ តមាហុ បុគ្គលំ ។
ព្រោះហេតុនោះ បុគ្គលមានប្រាជ្ញាក្នុងលោកនេះ ជាអ្នកមានសតិតម្កល់ខ្ជាប់ មិនសេពកាមទាំងឡាយផង មិនធ្វើនូវអំពើអាក្រក់ទាំងឡាយផង តែជាអ្នកប្រកបដោយទុក្ខ លះបង់កាម ទើបអ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមានដំណើរទៅច្រាសខ្សែទឹក ។
យោ វេ កិលេសានិ បហាយ បញ្ច
បរិបុណ្ណសេក្ខោ អបរិហានធម្មោ
ចេតោវសិប្បត្តោ សមាហិតិន្ទ្រិយោ
ស វេ ឋិតត្តោតិ នរោ បវុច្ចតិ ។
ជនណា លះបង់នូវកិលេសទាំង ៥ មានការសិក្សាបរិបូណ៌ហើយ មានសភាពមិនបានសាបសូន្យ ជាអ្នកដល់នូវការស្ទាត់ជំនាញដោយចិត្ត មានឥន្ទ្រិយតម្កល់មាំ ជននោះឯង ហៅថា មានសភាពជាអ្នកឋិតនៅ ។
បរោបរា យស្ស សមេច្ច ធម្មា
វិធូបិតា អត្ថគតា ន សន្តិ
ស វេទគូ វុសិតព្រហ្មចរិយោ
លោកន្តគូ បារគតោតិ វុច្ចតិ ។
ធម៌ទាំងឡាយ ដ៏ឧត្តម និង លាមក ដែលខ្លួនបានត្រាស់ដឹងហើយ បានកម្ចាត់ចោលហើយ ដល់នូវសេចក្ដីវិនាសទៅ មិនមាន ដល់បុគ្គលណា បុគ្គលនោះហៅថា អ្នកចេះចប់នូវត្រៃវេទ មានមគ្គព្រហ្មចរិយៈ នៅស្រេចហើយ ដល់នូវទីបំផុតនៃត្រៃលោក ដល់នូវត្រើយហើយ ។
( បិដកលេខ ៤២ ទំព័រ ១១-១៣ )
អដ្ឋកថាអនុសោតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអនុសោតសូត្រទី ៥ ដូចតទៅនេះ៖
បុគ្គលឈ្មោះថា អនុសោតគាមី ព្រោះបណ្ដោយទៅតាមខ្សែទឹក ។ ឈ្មោះថា បដិសោតគាមី ព្រោះច្រាសខ្សែទឹក ពោលគឺកិលេស ដោយការបដិបត្តិដែលជាសឹកសត្រូវ ។ បទថា ឋិតត្តោ គឺមានភាវៈជាអ្នកឋិតនៅ ។ បទថា តិណ្ណោ បានដល់ ឆ្លងឱឃៈតាំងនៅហើយ ។ បទថា បារគតោ បានដល់ ដល់នូវត្រើយនាយ ។ បទថា ថលេ តិដ្ឋតិ បានដល់ ឋិតនៅលើគោក គឺព្រះនិព្វាន ។ បទថា ព្រាហ្មណោ បានដល់ ជាអ្នកប្រសើរ មិនមានទោស ។ បទថា ឥធ ប្រែថា ក្នុងលោកនេះ ។ បទថា កាមេ ច បដិសេវតិ បានដល់ សេពវត្ថុកាមដោយកិលេសកាម ។ បទថា បាបញ្ច កម្មំ ករោតិ បានដល់ រមែងធ្វើកម្មដ៏អាក្រក់ មានបាណាតិបាតជាដើម ។ បទថា បាបញ្ច កម្មំ ន ករោតិ បានដល់ មិនធ្វើអំពើបញ្ចវេរា ។ បទថា អយំ វុច្ចតិ ភិក្ខវេ ឋិតត្តោ សេចក្ដីថា អនាគាមិបុគ្គលនេះ ឈ្មោះថា ឋិតនៅហើយ ដោយអំណាចការមិនត្រឡប់មកចាកលោកនោះ ដោយចាប់បដិសន្ធិទៀត ។
បទថា តណ្ហាធិបន្នា សេចក្ដីថា ពួកជនដែលត្រូវតណ្ហាគ្របសង្កត់ គឺគ្របសង្កត់ទុក ឬចូលដល់ គឺឈានចុះកាន់តណ្ហា ។ បទថា បរិបុណ្ណសេក្ខោ បានដល់ តាំងនៅក្នុងសេចក្ដីបរិបូណ៌ដោយសិក្ខា ។ បទថា អបរិហានធម្មោ បានដល់ មានសភាពមិនសាបសូន្យ ។ បទថា ចេតោវសិប្បត្តោ បានដល់ ជាអ្នកជំនាញខាងផ្លូវចិត្ត ។ បុគ្គលមានសភាពបែបនេះ រមែងជាព្រះខីណាស្រប ។ តែក្នុងទីនេះ ត្រាស់ចំពោះតែអនាគាមិបុគ្គល ។ បទថា សមាហិតិន្ទ្រិយោ បានដល់ អ្នកមានឥន្ទ្រិយតម្កល់មាំហើយ ។ បទថា បរោបរា បានដល់ ធម៌ខ្ពស់ និងថោកទាប អធិប្បាយថា កុសលធម៌ និង អកុសលធម៌ ។ បទថា សមេច្ច បានដល់ មកព្រមគ្នាដោយញាណ ។ បទថា វិធូបិតា បានដល់ ដែលលោកកម្ចាត់ ឬដុតហើយ ។ បទថា វុសិតព្រហ្មចរិយោ សេចក្ដីថា មានមគ្គព្រហ្មចរិយៈ នៅស្រេចហើយ ។ បទថា លោកន្តគូ សេចក្ដីថា ដល់ទីបំផុតនៃលោកទាំង ៣ ។ បទថា បារគតោ សេចក្ដីថា ដល់នូវត្រើយដោយអាការ ៦ [ អភិញ្ញាបារគូ, បរិញ្ញាបារគូ, ភាវនាបារគូ, បហានបារគូ, សច្ឆិកិរិយាបារគូ, សមាបត្តិបារគូ ] ។ ក្នុងទីនេះ ត្រាស់តែព្រះខីណាស្រពប៉ុណ្ណោះ តែវដ្ដៈ និង វិវដ្ដៈ ( លោកិយ និង លោកុត្តរ ) ត្រាស់ទុកទាំងក្នុងព្រះសូត្រ ទាំងក្នុងគាថា ដោយប្រការដូច្នេះ ។