ពោលអំពីពាល និង បណ្ឌិត
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបត្តិខុសក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង ។ បុគ្គល ៤ ពួក តើដូចម្ដេចខ្លះ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលមិនឈ្លាសវៃ ជាអសប្បុរស កាលបើប្រតិបត្តិខុសក្នុងមាតា ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង តែងបានបាបដ៏ច្រើនផង ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលពាល ប្រតិបត្តិខុសក្នុងបិតា ។ល។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិខុសក្នុងព្រះតថាគត ។ល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលមិនឈ្លាសវៃ ជាអសប្បុរស កាលបើប្រតិបត្តិខុសក្នុងសាវករបស់ព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង តែងបានបាបដ៏ច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលមិនឈ្លាសវៃ ជាអសប្បុរស កាលបើប្រតិបត្តិខុសក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួន ដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង តែងបានបាបដ៏ច្រើនផង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវក្នុងបុគ្គល ៤ ពួក ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។ បុគ្គល ៤ ពួក តើដូចម្ដេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គល ជាបណ្ឌិតឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវក្នុងមាតា ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិត្រូវក្នុងបិតា ។ល។ ម្នាលភិក្ខុទាំងឡាយ កាលប្រតិបត្តិត្រូវក្នុងព្រះតថាគត ។ល។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គល ជាបណ្ឌិតឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវក្នុងសាវកនៃព្រះតថាគត ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គល ជាបណ្ឌិតឈ្លាសវៃ ជាសប្បុរស កាលប្រតិបត្តិត្រូវក្នុងបុគ្គល ៤ ពួកនេះឯង ឈ្មោះថា រក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។
មាតរិ បិតរិ ចាបិ យោ មិច្ឆាបដិបជ្ជតិ
តថាគតេ ច សម្ពុទ្ធេ អថវា តស្ស សាវកេ
ពហុញ្ច សោ បសវតិ អបុញ្ញំ តាទិសោ នរោ ។
ជនណាប្រតិបត្តិខុសក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគតជាសម្ពុទ្ធ ១ ក្នុងសាវករបស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបាបដ៏ច្រើន ។
តាយ អធម្មចរិយាយ មាតាបិតូសុ បណ្ឌិតា
ឥធេវ នំ គរហន្តិ បេច្ចាបាយញ្ច គច្ឆតិ ។
ក្នុងលោកនេះ បណ្ឌិតទាំងឡាយ រមែងតិះដៀលបុគ្គលនោះ លុះបុគ្គលនោះទៅកាន់លោកខាងមុខហើយ រមែងទៅកាន់អបាយទៀត ព្រោះការប្រព្រឹត្តមិនត្រូវតាមធម៌នោះ ក្នុងមាតា និង បិតាទាំងឡាយ ។
មាតរិ បិតរិ ចាបិ យោ សម្មាបដិបជ្ជតិ
តថាគតេ ច សម្ពុទ្ធេ អថវា តស្ស សាវកេ
ពហុញ្ច សោ បសវតិ អបុញ្ញំបិ តាទិសោ នរោ ។
ជនណាប្រតិបត្តិត្រូវក្នុងមាតា ១ ក្នុងបិតា ១ ក្នុងព្រះតថាគតជាសម្ពុទ្ធ ១ ក្នុងសាវករបស់ព្រះតថាគតនោះ ១ ជនដូច្នោះនោះ រមែងបាននូវបុណ្យដ៏ច្រើន ។
តាយ ធម្មចរិយាយ មាតាបិតូសុ បណ្ឌិតា
ឥធេវ នំ បសំសន្តិ បេច្ច សគ្គេ បមោទតិ ។
បណ្ឌិតទាំងឡាយ រមែងសរសើរជននោះ លុះជននោះទៅកាន់លោកខាងមុខហើយ រមែងរីករាយក្នុងស្ថានសួគ៌ ព្រោះការប្រព្រឹត្តត្រូវតាមធម៌នោះ ចំពោះមាតា និង បិតាទាំងឡាយ ។
( បិដកលេខ ៤២ ទំព័រ ៨-១១ )
អដ្ឋកថាទុតិយខតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយខតសូត្រទី ៤ ដូចតទៅនេះ៖
ក្នុងបទថា មាតរិ បិតរិ ច ជាដើម នាយមិត្តវិន្ទុកៈ ឈ្មោះថា បដិបត្តិខុសក្នុងមាតា ។ ព្រះបាទអជាតសត្តុ ឈ្មោះថា បដិបត្តិខុសក្នុងបិតា ។ ភិក្ខុទេវទត្ត ឈ្មោះថា បដិបត្តិខុសក្នុងព្រះតថាគត ។ ភិក្ខុកោកាលិកៈ ឈ្មោះថា បដិបត្តិខុសក្នុងសាវករបស់ព្រះតថាគត ។ បទថា ពហុញ្ច ប្រែថា ច្រើន ។ បទថា បសវតិ ប្រែថា រមែងបាន ។ បទថា តាយ សេចក្ដីថា ដោយការប្រព្រឹត្តធម៌ ពោលគឺការបដិបត្តិខុសនោះ ។ បទថា បេច្ច គឺទៅអំពីលោកនេះ ។ បទថា អបាយញ្ច គច្ឆតិ គឺនឹងកើតក្នុងអបាយមាននរកជាដើមណាមួយ ។
ចំណែកក្នុងសុក្កបក្ខ ( ធម៌មានចំណែក ស ) ក៏មានន័យនេះដូចគ្នា ។