ពោលដោយធម៌ ៤ ប្រការ របស់ជនពាល និង បណ្ឌិត
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួនដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង ។ ធម៌ ៤ យ៉ាង តើដូចម្ដេចខ្លះ? គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលសរសើរ បុគ្គលដែលគួរតិះដៀល ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយកើតសេចក្ដីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយកើតសេចក្ដីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរសប្រកបដោយធម៌ទាំង ៤ យ៉ាងនេះឯង រមែងរក្សាខ្លួនដែលខ្លួនជីកគាស់ កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង រមែងបាននូវបាបដ៏ច្រើនផង ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរសប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។ ធម៌ ៤ តើដូចម្ដេចខ្លះ? គឺបុគ្គលនោះ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលតិះដៀលបុគ្គលដែលគួរតិះដៀល ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលសរសើរបុគ្គលដែលគួរសរសើរ ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្ដីមិនជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្ដីជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរសប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងរក្សាខ្លួនដេលខ្លួនមិនបានជីកគាស់ មិនបានកម្ចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។
យោ និន្ទិយំ បសំសតិ
តំ វា និន្ទតិ យោ បសំសិយោ
វិចិនាតិ មុខេន សោ កលឹ
កលិនា តេន សុខំ ន វិន្ទតិ ។
អប្បមត្តោ អយំ កលិឮ
យោ អក្ខេសុ ធនបរាជយោ
សព្វស្សាបិ សហាបិ អត្តនា
អយមេវ មហត្តរោ កលិ
យោ សុគតេសុ មនំ បទោសយេ
សតំ សហស្សានំ និរព្វុទានំ
ឆត្តឹសតិ បញ្ច ច អព្វុទានំ
យមរិយំ គរហីយំ និរយំ ឧបេតិ
វាចំ មនញ្ច បណិធាយ បាបកំ ។
បុគ្គលណាសរសើរបុគ្គល ដែលគួរតិះដៀលក្ដី តិះដៀលបុគ្គល ដែលគួរសរសើរក្ដី បុគ្គលនោះឈ្មោះថា ជ្រើសរើសយកកំហុស ដោយមាត់ពាក្យ រមែងមិនបានសេចក្ដីសុខ ព្រោះកំហុសនោះឡើយ ។ ការចាញ់ដោយទ្រព្យណា ព្រមទាំងទ្រព្យរបស់ខ្លួនក្ដី ទាំងខ្លួនក្ដី ព្រោះល្បែងភ្នាល់ ការចាញ់ដោយទ្រព្យនេះ ជាកំហុស មានប្រមាណតិចទេ បុគ្គលណាញ៉ាំងចិត្តឱ្យប្រទូស្ដ ក្នុងពួកបុគ្គលដែលស្រុះស្រួលមូលមិត្រគ្នា កំហុសរបស់បុគ្គលនោះឯង ទើបធំជាង បុគ្គលដែលតម្កល់វាចា និង ចិត្តដ៏លាមក តិះដៀលព្រះអរិយៈរមែងទៅកើតក្នុងនរកអស់ ១ សែនកប្ប និង ៣៦ និរព្វុទៈផង និង ៥ អព្វុទៈផង ។
( បិដកលេខ ៤២ ទំព័រ ៥-៧ )
អដ្ឋកថាបឋមខតសូត្រ
បទថា និន្ទិយំ បានដល់ អ្នកដែលគួរតិះដៀល ។ បទថា និន្ទតិ បានដល់ រមែងតិះដៀល ។ បទថា បសំសិយោ បានដល់ អ្នកដែលគួរសរសើរ ។ បទថា វិចិនាតិ មុខេន សោ កលឹ សេចក្ដីថា បុគ្គលនោះប្រព្រឹត្តយ៉ាងនេះហើយ ឈ្មោះថា ជ្រើសរើសយកកំហុសដោយមាត់នោះ ។ បទថា កលិនា តេន សុខំ ន វិន្ទតិ សេចក្ដីថា គេរមែងមិនបានសេចក្ដីសុខព្រោះកំហុសនោះ ។ បទថា សព្វស្សាបិ សហាបិ អត្តនា សេចក្ដីថា ការចាញ់ល្បែងភ្នាល់ អស់ទាំងទ្រព្យរបស់ខ្លួនក្ដី ទាំងខ្លួនក្ដី ឈ្មោះថា ជាកំហុសមានប្រមាណតិចទេ ។ បទថា យោ សុគតេសុ សេចក្ដីថា ចំណែកបុគ្គលណាញ៉ាំងចិត្តឱ្យប្រទូស្ដក្នុងបុគ្គលទាំងឡាយ ដែលបដិបត្តិដោយប្រពៃហើយ ចិត្តគិតប្រទូសរ៉ាយរបស់បុគ្គលនោះឯង ជាកំហុសមានប្រមាណធំជាង ។ ឥឡូវនេះ កាលទ្រង់សម្ដែងអំពីគំនិតប្រទូសរ៉ាយនោះមានទោសច្រើនជាង ទើបត្រាស់ព្រះតម្រាស់ថា សតំ សហស្សានំ ជាដើម ។ បណ្ដាបទទាំងនោះ បទថា សតំ សហស្សានំ បានដល់ ១ សែន ដោយការរាប់តាមនិរព្វុទៈ ។ បទថា ឆត្តឹសតិ បានដល់ ៣៦ និរព្វុទៈ ។ បទថា បញ្ច ច គឺ ៥ អព្វុទៈដោយការរាប់តាមអព្វុទៈ ។ បទថា យមរិយំ គរហិ សេចក្ដីថា បុគ្គលកាលតិះដៀលព្រះអរិយៈទាំងឡាយ រមែងកើតក្នុងនរកណា ក្នុងនរកនោះ មានអាយុប្រមាណប៉ុណ្ណេះ ។