ពោលអំពីបុគ្គលដែលឃ្លាតចាកធម៌វិន័យ
ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ។ ធម៌ ៤ យ៉ាង តើដូចម្ដេចខ្លះ? ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសីល តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសមាធិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយបញ្ញា តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយវិមុត្តិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ។ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ។ ធម៌ ៤ យ៉ាង តើដូចម្ដេចខ្លះ? ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសមាធិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយវិមុត្តិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ។
និគមគាថា
ចុតា បតន្តិ បតិតា គិទ្ធា ច បុនរាគតា
កតកិច្ចំ រតំ រម្មំ សុខេនាន្វាគតំ សុខំ ។
បុគ្គលដែលឃ្លាតចាក ( ធម្មវិន័យ ) រមែងធ្លាក់ចុះ បុគ្គលដែលធ្លាក់ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក ( កាន់ជាតិ ជរា ព្យាធិ មរណៈ ) ម្ដងទៀត ( បើ ) កិច្ច ( ដោយមគ្គទាំង ៤ ) បុគ្គលនោះបានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុងគុណជាតដែលបុគ្គលគប្បីត្រេកអរ សេចក្ដីសុខបានមក ដោយសេចក្ដីសុខ ( រមែងមានដល់បុគ្គលនោះ ) ។
( បិដកលេខ ៤២ ទំព័រ ៣-៥ )
អដ្ឋកថាបបតិតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបបតិតសូត្រទី ២ ដូចតទៅនេះ៖
បទថា បបតិតោ បានដល់ ជាអ្នកឃ្លាតចាក ។ បទថា អប្បបតិតោ បានដល់ ជាអ្នកមិនឃ្លាតចាក គឺតាំងនៅហើយ ។ បណ្ដាបុគ្គលទាំងនោះ លោកិយមហាជន ឈ្មោះថា ធ្លាក់ចុះទាំងអស់ ។ ព្រះអរិយបុគ្គលមានព្រះសោតាបន្នជាដើម ឈ្មោះថា ធ្លាក់ចុះក្នុងខណៈដែលកិលេសកើតឡើង ។ ព្រះខីណាស្រព ឈ្មោះថា តាំងនៅហើយតែម្យ៉ាង ។ បទថា ចុតា បតន្តិ សេចក្ដីថា ជនទាំងឡាយណា ឃ្លាតចាក ជនទាំងឡាយនោះ ឈ្មោះថា ធ្លាក់ចុះ ។ បទថា បតិតា សេចក្ដីថា ជនទាំងឡាយណា ធ្លាក់ចុះ ជនទាំងឡាយនោះ ឈ្មោះថា ឃ្លាតចាក ។ អធិប្បាយថា ឈ្មោះថា ធ្លាក់ចុះ ព្រោះឃ្លាតចាក ឈ្មោះថា ឃ្លាតចាក ព្រោះធ្លាក់ចុះ ដូច្នេះ ។ បទថា គិទ្ធា បានដល់ បុគ្គលដែលជាប់ជំពាក់ព្រោះរាគៈ ។ បទថា បុនរាគតា សេចក្ដីថា រមែងឈ្មោះថា ជាអ្នកមកកាន់ជាតិ ជរា ព្យាធិ មរណៈម្ដងទៀត ។ បទថា កតកិច្ចំ សេចក្ដីថា ធ្វើកិច្ចដែលគួរធ្វើដោយមគ្គ ៤ ។ បទថា រតំ រម្មំ សេចក្ដីថា ត្រេកអរហើយក្នុងគុណជាតដែលគួរត្រេកអរ ។ បទថា សុខេនាន្វាគតំ សុខំ សេចក្ដីថា សុខមកតាម គឺសេចក្ដីសុខបានដល់ព្រមហើយ ដោយសេចក្ដីសុខ គឺថាសេចក្ដីសុខជាទិព្វ សម្រេចមកដោយសេចក្ដីសុខជារបស់មនុស្ស សេចក្ដីសុខរបស់វិបស្សនា សម្រេចមកដោយសេចក្ដីសុខរបស់ឈាន សេចក្ដីសុខរបស់មគ្គសម្រេចមកដោយសេចក្ដីសុខរបស់វិបស្សនា សេចក្ដីសុខរបស់ផល សម្រេចមកដោយសេចក្ដីសុខរបស់មគ្គ សេចក្ដីសុខរបស់ព្រះនិព្វាន សម្រេចមកដោយសេចក្ដីសុខរបស់ផល ។