តិស្សោ សិក្ខា សិក្ខា ៣ យ៉ាង គឺ៖
១. អធិសីលសិក្ខា អធិសីលសិក្ខា [ បានដល់បាតិមោក្ខសំវរសីល ]
២. អធិចិត្តសិក្ខា អធិចិត្តសិក្ខា [ បានដល់ឈានជាទីតាំងនៃវិបស្សនា ]
៣. អធិប្បញ្ញាសិក្ខា អធិប្បញ្ញាសិក្ខា [ បានដល់វិបស្សនា ]
( បិដកលេខ ១៩ ទំព័រ ១៤៣ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងអធិសីលសិក្ខាជាដើមតទៅ៖
សីលដ៏ក្រៃលែងនោះផង ឈ្មោះថា សិក្ខា ព្រោះត្រូវតែសិក្សាផង ព្រោះហេតុនោះ ទើបឈ្មោះថា អធិសីលសិក្ខា ។ សូម្បីក្នុងសិក្ខា ២ ទៀត ក៏មានន័យនេះដូចគ្នា ។ ក្នុងអធិសីលសិក្ខាជាដើមនោះ សីល គឺដ៏ក្រៃលែង ចិត្ត គឺចិត្តដ៏ក្រៃលែង បញ្ញា ក៏គឺបញ្ញាដ៏ក្រៃលែង ព្រោះហេតុនោះ គប្បីជ្រាបសេចក្តីផ្សេងគ្នាត្រឹមតែប៉ុណ្ណេះ ។ សីល ៥ និងសីល ១០ឈ្មោះថាសីល ។ ការសង្រួមក្នុងព្រះបាតិមោក្ខ ( បាតិមោក្ខសំវរសីល ) ឈ្មោះថា អធិសីល, សមាបត្តិ ៨ ចាត់ជាចិត្ត ( សមាធិ ) ។ ឈានដែលជាបាទនៃវិបស្សនា ចាត់ជាអធិចិត្ត ។ កម្មស្សកតាញាណ ចាត់ជាបញ្ញា ។ វិបស្សនា ចាត់ជាបញ្ញាដ៏ក្រៃលែង ។ ព្រោះថា សីល ៥ និងសីល ១០ រមែងមានក្នុងពុទ្ធុប្បាទកាល សូម្បីនៅមិនទាន់កើតឡើង ព្រោះហេតុនោះ សីល ៥ សីល ១០ ទើបគង់ជាសីលនុ៎ះឯង ។ បាតិមោក្ខសំវរសីល រមែងមានចំពោះក្នុងពុទ្ធុប្បាទកាលប៉ុណ្ណោះ ព្រោះហេតុនោះ បាតិមោក្ខសំវរ ទើបចាត់ជាអធិសីល ។ សូម្បីក្នុងចិត្ត និងបញ្ញាដ៏មានន័យនេះដូចគ្នា ។
ម្យ៉ាងទៀត សីល ៥ ក្តី សីល ១០ ក្តី ដែលបុគ្គលប្រាថ្នាព្រះនិព្វានសមាទានហើយ ចាត់ជាអធិសីលដូចគ្នា សូម្បីសមាបត្តិ ៨ ដែលបុគ្គលដល់ហើយ ក៏ចាត់ជាអធិចិត្តដូចគ្នា ។ ឬលោកិយសីលទាំងអស់ ជាសីលប៉ុណ្ណោះ ។ ( ចំណែក ) លោកុត្តរសីល ជាអធិសីល ។ សូម្បីក្នុងចិត្ត និងបញ្ញា ក៏មានន័យនេះដូចគ្នា ។