ពោលអំពីអរិយធម៌ ៤
សុត្តន្តបិដក
អង្គុត្តរនិកាយ ចតុក្កនិបាត
តតិយភាគ
បឋមបណ្ណាសក
ភណ្ឌគ្គាមវគ្គ
អនុពុទ្ធសូត្រ
ខ្ញុំបានស្ដាប់មកយ៉ាងនេះ ។
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងភណ្ឌគ្រាម ក្នុងដែនវជ្ជី ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលស្ដាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្ដី អ្នកទាំងឡាយក្ដី អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវធម៌ ៤ ។ ធម៌ ៤ តើដូចម្ដេច? ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្ដី អ្នកទាំងឡាយក្ដី អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសីល ( សីលដ៏ប្រសើរ ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្ដី អ្នកទាំងឡាយក្ដី អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសមាធិ ( សមាធិដ៏ប្រសើរ ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្ដី អ្នកទាំងឡាយក្ដី អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយបញ្ញា ( បញ្ញាដ៏ប្រសើរ ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្ដី អ្នកទាំងឡាយក្ដី អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយវិមុត្តិ ( វិមុត្តិដ៏ប្រសើរ ) ១ ។
ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះ តថាគតក្ដី អ្នកទាំងឡាយក្ដី បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយសមាធិ ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយបញ្ញា ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយវិមុត្តិ ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ សេចក្ដីប្រាថ្នាក្នុងភព ក៏បានកាត់ចោលហើយ តណ្ហាជាគ្រឿងនាំទៅក្នុងភពក៏អស់ហើយ ឥឡូវនេះ ការកើតតទៅទៀតមិនមានឡើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពាក្យនេះ លុះព្រះសុគតជាសាស្ដាទ្រង់ត្រាស់នូវពាក្យនេះរួចហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះតទៅទៀតថា
សីលសមាធិបញ្ញា ច វិមុត្តិ ច អនុត្តរា
អនុពុទ្ធា ឥមេ ធម្មា គោតមេន យសស្សិនា ។
ឥតិ ពុទ្ធោ អភិញ្ញាយ ធម្មមក្ខាសិ ភិក្ខុនំ
ទុក្ខស្សន្តករោ សត្ថា ចក្ខុមា បរិនិព្វុតោ ។
សីល សមាធិ បញ្ញា និង វិមុត្តិ ជាធម៌រកគុណជាតិដទៃប្រសើរជាងគ្មាន ធម៌ទាំងអម្បាលនេះ ព្រះគោតមមានយស បានត្រាស់ដឹងហើយ ។ ព្រះពុទ្ធសម្ដែងធម៌ដល់ភិក្ខុទាំងឡាយ ព្រោះត្រាស់ដឹងច្បាស់ដោយប្រការដូច្នេះ សាស្ដាមានចក្ខុ ធ្វើនូវទីបំផុតនៃទុក្ខហើយ ចេញចាកវានៈ គឺតណ្ហាហើយ ។
( អង្គុត្តរនិកាយ ចតុក្កនិបាត លេខ ៤២ ទំព័រ ១-៣ )
អដ្ឋកថាអនុពុទ្ធសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអនុពុទ្ធសូត្រទី ១ នៃចតុក្កនិបាត ដូចតទៅនេះ៖
បទថា អននុពោធា បានដល់ ព្រោះមិនបានត្រាស់ដឹង ព្រោះមិនជ្រាប ។ បទថា អប្បដិវេធា បានដល់ ព្រោះមិនចាក់ធ្លុះ គឺ ព្រោះមិនធ្វើឱ្យ
ប្រចក្ស ។ បទថា ទីឃមទ្ធានំ ប្រែថា អស់កាលយូរ ។ បទថា សន្ធាវិតំ បានដល់ អន្ទោលពីភពមួយទៅកាន់ភពមួយ ។ បទថា សំ សរិតំ បានដល់ ត្រាច់រង្គាត់ទៅ ដោយទៅមករឿយៗ ។ បទថា មមញ្ចេវ តុម្ហាកញ្ច ប្រែថា តថាគតក្ដី អ្នកទាំងឡាយក្ដី ។ ម្យ៉ាងទៀត ក្នុងបទថា សន្ធាវិតំ សំ សរិតំ នេះ គប្បីជ្រាបសេចក្ដីយ៉ាងនេះថា ការអន្ទោលទៅ ការត្រាច់រង្គាត់ទៅ បានមានហើយទាំងដល់តថាគត ទាំងអ្នកទាំងឡាយ ។ បទថា អរិយស្ស បានដល់ មិនមានទោស ។ ក៏ធម៌ទាំង ៣ នេះ គឺ សីល សមាធិ និងបញ្ញា គប្បីជ្រាបថា សម្បយុត្តដោយមគ្គ និងផលនោះឯង ។ ផលប៉ុណ្ណោះ លោកសម្ដែងដោយឈ្មោះថា វិមុត្តិ ។ បទថា ភវតណ្ហា បានដល់ តណ្ហាក្នុងភពទាំងឡាយ ។ បទថា ភវនេត្តិ បានដល់ តណ្ហាដូចខ្សែចងសត្វទុកក្នុងភព ។ បទនោះជាឈ្មោះរបស់តណ្ហានុ៎ះឯង ពិតមែន តណ្ហានោះនាំសត្វទាំងឡាយទៅកាន់ភពនោះៗ ដូចខ្សែចង កគោ ព្រោះហេតុនោះ តណ្ហានោះ លោកទើបហៅថា ភវនេត្តិ ។ បទថា អនុត្តរា បានដល់ លោកុត្តរ ។ បទថា ទុក្ខស្សន្តករោ បានដល់ ទ្រង់ធ្វើទីបំផុតនៃវដ្ដទុក្ខ ។ បទថា ចក្ខុមា បានដល់ ទ្រង់មានចក្ខុ ៥ ។ បទថា បរិនិព្វុតោ បានដល់ បរិនិព្វានហើយដោយកិលេសបរិនិព្វាន ( គឺរំលត់កិលេស ) ។
ទ្រង់បញ្ចប់ទេសនាតាមលំដាប់អនុសន្ធិថា នេះជាការបរិនិព្វានលើកដំបូងរបស់ព្រះសាស្ដានោះ ទៀបពោធិមណ្ឌល ។ ខាងក្រោយមក ព្រះអង្គទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុរំលត់ខន្ធទៀបគល់សាលព្រឹក្ស ( ដើមរាំង ) ដូច្នេះ ។