អបស្សេនធម៌ គឺធម៌ជាទីពឹងផ្អែក មាន ៤ យ៉ាង គឺ៖
១. ឥធាវុសោ ភិក្ខុ សង្ខាយេកំ បដិសេវតិ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយទើបសេពនូវរបស់ដែលគួរសេព [ ការប្រើប្រាស់បច្ច័យមានចីវរជាដើម ]
២. សង្ខាយេកំ អធិវាសេតិ ពិចារណាហើយ អត់សង្កត់នូវហេតុដែលគួរអត់សង្កត់ [ ការអត់ទ្រាំនូវហេតុមានត្រជាក់ និងក្តៅជាដើម ]
៣. សង្ខាយេកំ បរិវជ្ជេតិ ( ពិចារណា ) ហើយ វៀរនូវរបស់ដែលគួរវៀរ [ ការចៀសវាងនូវសត្វកាចមានដំរីជាដើម ]
៤. សង្ខាយេកំ វិនោទេតិ ( ពិចារណា ) ហើយ បន្ទោបង់នូវហេតុដែលគួរបន្ទោបង់
[ ការបន្ទោបង់នូវអកុសលធម៌មានកាមវិតក្កជាដើម ]
( បិដកលេខ ១៩ ទំព័រ ១៥៤ )
អធិប្បាយ
ពាក្យថា អបស្សេនានិ សេចក្តីថា ទីសម្រាប់ពឹងផ្អែក ។ ពាក្យថា សង្ខាយ សេចក្តីថា ដោយញាណ ។ ពាក្យថា បដិសេវតិ សេចក្តីថា ភិក្ខុដឹងដោយញាណហើយ រមែងសេពចំពោះរបស់ដែលគួរសេពបានប៉ុណ្ណោះ ។ ក៏សេចក្តីពិស្តារនៃការសេពនោះ គប្បីជ្រាបដោយន័យជាដើមថា ភិក្ខុពិចារណាដោយឧបាយត្រូវទំនងហើយ ទើបសេពចីវរ ។ ពាក្យថា សង្ខាយេកំ អធិវាសេតិ សេចក្តីថា ភិក្ខុដឹងដោយញាណហើយ រមែងអត់សង្កត់អារម្មណ៍ដែលគួរនឹងអត់សង្កត់បាននុ៎ះឯង ។ ក៏ក្នុងពាក្យនេះ គប្បីជ្រាបសេចក្តីពិស្តារដោយន័យជាដើមថា ភិក្ខុពិចារណាដោយឧបាយត្រូវទំនងហើយ រមែងអត់សង្កត់ចំពោះត្រជាក់បាន ។
ពាក្យថា បរិវជ្ជេតិ សេចក្តីថា ភិក្ខុដឹងដោយញាណហើយ រមែងវៀរវត្ថុដែលគួរវៀរនុ៎ះឯង ។ សេចក្តីពិស្តារនៃការវៀរនោះ គប្បីជ្រាបដោយន័យជាដើមថា ភិក្ខុពិចារណាដោយឧបាយត្រូវទំនងហើយ រមែងចៀសវាងនូវដំរីកាចជាដើម ។ ពាក្យថា វិនោទេតិ សេចក្តីថា ភិក្ខុដឹងដោយញាណហើយ រមែងបន្ទោបង់នូវវត្ថុដែលគួរបន្ទោបង់នុ៎ះឯង គឺ បណ្តេញ នាំចេញ មិនឲ្យនៅក្នុងខាងក្នុង ។ សេចក្តីពិស្តារនៃការបន្ទោបង់នោះ គប្បីជ្រាបដោយន័យជាដើមថា ភិក្ខុមិនអាចអត់សង្កត់ចំពោះកាមវិតក្កដែលកើតឡើង ដូច្នេះ ។