( ទ្វារមុខនៃប្រយោជន៍ មាន ៦ )
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធកុលបុត្រម្នាក់ដែលជាអ្នកឆ្លាតក្នុងប្រយោជន៍ ព្រះអង្គទ្រង់ត្រាស់ព្រះធម៌ទេសនានេះ មានពាក្យជាអាទិថា អារោគ្យមិច្ឆេ បរមញ្ច លាភំ ។
រឿងរ៉ាវក្នុងបច្ចុប្បន្ន
មានរឿងដោយសង្ខេបថា ក្នុងនគរសាវត្ថី មានបុត្រនៃសេដ្ឋីម្នាក់ កើតមកបាន ៧ ឆ្នាំ ក៏ជាអ្នកមានបញ្ញា ឆ្លាតក្នុងប្រយោជន៍ ។ ថ្ងៃមួយ គេបានចូលទៅរកបិតា ហើយសួរនូវបញ្ហា អំពីទ្វារនៃប្រយោជន៍ ។ លោកសេដ្ឋីជាបិតា មិនជ្រាបនូវបញ្ហានោះ ទើបមានសេចក្តីត្រិះរិះថា បញ្ហានេះ ល្អិតសុខុមណាស់ វៀរចាកព្រះសម្មាសម្ពុទ្ធហើយ អ្នកដទៃក្នុងលោកសន្និវាស មិន
អាចនឹងដោះបញ្ហានេះបានឡើយ ។ លោកសេដ្ឋី បាននាំបុត្រឲ្យកាន់គ្រឿងសក្ការបូជា ទៅកាន់មហាវិហារវត្តជេតពន ដល់ហើយក៏បូជាព្រះសាស្តា ថ្វាយបង្គំរួចក៏អង្គុយក្នុងទីសមគួរ។ លោកសេដ្ឋីបានក្រាបទូលនូវសេចក្តីនេះដល់ព្រះដ៏មានព្រះភាគថា “បពិត្រព្រះអង្គដ៏ចម្រើន ក្មេងនេះ មានបញ្ញាឆ្លាតក្នុងប្រយោជន៍ គេបានសួរនូវទ្វារនៃប្រយោជន៍ដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គមិនជ្រាបនូវបញ្ហានោះទើបមកកាន់សំណាក់នៃព្រះអង្គ សូមព្រះដ៏មានព្រះភាគទ្រង់ដោះស្រាយបញ្ហានោះឲ្យទាន” ។
ព្រះបរមសាស្តា ព្រះអង្គទ្រង់ត្រាស់ថា “ម្នាលគហបតី សូម្បីក្នុងកាលមុន តថាគតក៏ត្រូវក្មេងនេះ សួរបញ្ហាហ្នឹងដែរ តថាគតបានដោះស្រាយនូវបញ្ហានោះឲ្យដល់គេហើយ ។ ក្នុងកាលនោះ ក្មេងនេះ ដឹងបញ្ហានោះ ប៉ុន្តែឥឡូវនេះ គេកំណត់មិនបាន ព្រោះការអស់ទៅនៃភពមុន” ។
លោកសេដ្ឋី បានក្រាបទូលអារាធនា ព្រះអង្គទ្រង់ក៏បាននាំយករឿងក្នុងអតីតកាលមកសាធកដូចតទៅ៖
ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិក្នុងក្រុងពារាណសី ព្រះពោធិសត្វ សោយព្រះជាតិជាសេដ្ឋី មានសម្បត្តិច្រើន ។ កាលនោះ បុត្ររបស់លោកសេដ្ឋី កើតបាន ៧ ឆ្នាំ ជាអ្នកមានបញ្ញាឆ្លាតក្នុងប្រយោជន៍ ថ្ងៃមួយបានចូលទៅរកបិតា សួរបញ្ហាអំពីទ្វារនៃប្រយោជន៍ថា “បពិត្របិតា អ្វីឈ្មោះថា ទ្វារនៃប្រយោជន៍” ។ គ្រានោះ បិតារបស់គេ កាលដែលនឹងពោលដោះបញ្ហានោះ បានពោលនូវគាថាថា៖
អារោគ្យមិច្ឆេ បរមញ្ច លាភំ
សីលញ្ច ពុទ្ធានុមតំ សុតញ្ច
ធម្មានុវត្តី ច អលីនតា ច
អត្ថស្ស ទ្វារា បមុខា ឆឡេតេ ។
“បុគ្គលគប្បីប្រាថ្នាលាភដ៏ឧត្តម គឺការមិនមានរោគ ១ សីល ( គឺមារយាទល្អ ) ១ ការយល់ឃើញតាមបណ្ឌិតអ្នកចេះដឹង ១ ការឧស្សាហ៍ស្តាប់ ១ ការអនុវត្តនូវសុចរិតធម៌ ១ ការមិនរួញរានៃចិត្ត ១ គុណធម៌ទាំង ៦ ប្រការនេះ គឺជាទ្វារមុខនៃប្រយោជន៍” ។
បណ្តាបទទាំងនោះ ច អក្សរ ក្នុងបទថា អារោគ្យមិច្ឆេ បរមញ្ច លាភំ គ្រាន់តែជានិបាត ។ ព្រះពោធិសត្វនៅពេលនោះបានសម្តែងនូវសេចក្តីនេះថា “នែកូន មុនអ្វីៗ ទៀតទាំងអស់ គប្បីប្រាថ្នាលាភដ៏ក្រៃលែង ពោលគឺ ការមិនមានរោគ” ។
ដែលឈ្មោះថា ភាពជាបុគ្គលមិនមានរោគ បានដល់ អាការដែលមិនមានសភាវៈចាក់ដោត មិនមានការក្រវល់ក្រវាយនៃរាងកាយ និងផ្លូវចិត្ត ។ ព្រោះថា កាលដែលរាងកាយត្រូវចាក់ដោតដោយរោគ មានការក្រវល់ក្រវាយនោះ បុគ្គលរមែងមិនអាចនឹងញ៉ាំងលាភដែលនៅមិនទាន់បាន ឲ្យកើតឡើង និងដែលបានយកមកទុកដាក់ហើយ ក៏មិនអាចនឹងប្រើប្រាស់បានឡើយ ប៉ុន្តែកាលដែលមិនមានការក្រវល់ក្រវាយដោយរោគទេ ក៏រមែងអាចបណ្តាលឲ្យកើតបានទាំង ២ ស្ថាននោះឯង ។ ម្យ៉ាងទៀត កាលបើចិត្តមានការក្តៅក្រហាយដោយឧបក្កិលេស បុគ្គលក៏មិនអាចនឹងញ៉ាំងលាភ គឺគុណវិសេសមានឈានជាដើម ដែលនៅមិនទាន់កើត ឲ្យកើតបានឡើយ ទាំងដែលបានហើយ ក៏ប្រាសចាកប្រយោជន៍ តែបើរោគមិនមានទេ គឺអាចញ៉ាំងលាភ បានដល់គុណវិសេសឲ្យកើតឡើងបាន ដែលបានហើយ ក៏អាចរីករាយដោយអំណាចនៃសមាបត្តិតទៅទៀត ។ ហេតុនោះ ការមិនមានរោគ ទើបឈ្មោះថា ជាលាភដ៏ក្រៃលែង ដែលចាំបាច់ត្រូវប្រាថ្នានូវការមិនមានរោគនេះ មុនអ្វីៗ ទាំងអស់ នេះជាទ្វារឯកនៃប្រយោជន៍ ។ ទាំងអស់នេះ ជាអត្ថាធិប្បាយក្នុងចំណុចនេះ ។
បទថា សីលញ្ច បានដល់ អាចារសីល គឺរបៀបរបបនៃមារយាទល្អ ។ ព្រះពោធិសត្វសម្តែងដល់ចរិតរបស់ពពួកជន ដោយបទនេះ ។
បទថា ពុទ្ធានុមតំ បានដល់ ការប្រព្រឹត្តតាមបណ្ឌិតអ្នកចម្រើនដោយគុណទាំងឡាយ ។ ព្រះពោធិសត្វសម្តែងឱវាទរបស់គ្រូទាំងឡាយ ដែលសម្បូណ៌ដោយការចេះដឹងដោយបទនេះ ។
បទថា សុតញ្ច គឺការស្តាប់ដោយអាងហេតុ ។ ព្រះពោធិសត្វសម្តែងពាហុសច្ចៈ ភាពនៃបុគ្គលមានការសិក្សាដ៏មុតមាំ ដែលអាស្រ័យនឹងខ្លួនឯងក្នុងលោកនេះ ដោយបទនេះ ។
បទថា ធម្មានុវត្តី ច បានដល់ ការអនុវត្តតាមសុចរិតធម៌មាន ៣ យ៉ាង ។ ព្រះពោធិសត្វសម្តែងអំពីការវៀរចាកនូវទុច្ចរិតធម៌ ហើយប្រព្រឹត្តសុចរិតធម៌ ដោយបទនេះ ។
បទថា អលីនតា ច បានដល់ ភាពនៃចិត្តដែលមិនរួញរា មិនធ្លាក់ចុះ ។ ព្រះពោធិសត្វសម្តែងអំពីសភាពនៃចិត្តដែលប្រណីត និងដែលខ្ពង់ខ្ពស់ដ៏ក្រៃលែង មានសភាពមិនបាត់បង់នូវសេចក្តីព្យាយាម ដោយបទនេះ ។
បទថា អត្ថស្ស ទ្វារា បមុខា ឆឡេតេ ដោយសេចក្តីថា ការចម្រើន ឈ្មោះថា ប្រយោជន៍ ធម៌ទាំង ៦ ប្រការនេះ ជាទ្វារ ជាឧបាយ គឺជាផ្លូវនៃការសម្រេចដ៏ខ្ពង់ខ្ពស់ ជាទ្វារមុខនៃប្រយោជន៍ ទាំងដែលជាប្រយោជន៍លោកិយ ទាំងដែលជាប្រយោជន៍លោកុត្តរ ពោលគឺសេចក្តីចម្រើន ។ ព្រះពោធិសត្វ ពោលដោះបញ្ហាទ្វារនៃប្រយោជន៍ ដល់បុត្រដោយប្រការដូច្នេះ ។ តាំងតែពីកាលនោះមក គេក៏បានប្រព្រឹត្តនៅក្នុងធម៌ទាំង ៦ ប្រការនោះ ។ ព្រះពោធិសត្វ បំពេញបុណ្យ មានទានជាដើម ហើយក៏ទៅតាមយថាកម្ម ។
ប្រជុំជាតក
ព្រះបរមសាស្តា ទ្រង់ព្រះធម៌ទេសនានេះមកហើយ ប្រជុំជាតកថា បុត្រក្នុងគ្រានោះ បានមកជាបុត្រក្នុងបច្ចុប្បន្ននេះ ចំណែកមហាសេដ្ឋីបានមកជា តថាគត ដូច្នេះឯង ៕