ឥន្ទ្រិយេសុ គុត្តទ្វារតា ភាវៈជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ
ភោជនេ មត្តញ្ញុតា ភាវៈជាអ្នកដឹងប្រមាណក្នុងភោជន
អធិប្បាយ
ធម៌ទាំងពីរនេះ គប្បីជ្រាបដោយន័យផ្ទុយគ្នានឹងពួកធម៌ដែលពោលមកហើយ ។
តែសេចក្តីប្លែកគ្នា គប្បីជ្រាបដូចតទៅនេះ ៖
អង្គ ១២ របស់ភិក្ខុអ្នកឆាន់អាហារ
ក្នុងទីនេះ គួរប្រមូលអង្គទាំងឡាយ គឺ
១. នេវ ទវាយ មិនបរិភោគដើម្បីលេង
២. ន មទាយ មិនបរិភោគដើម្បីស្រវឹង
៣. ន មណ្ឌនាយ មិនបរិភោគដើម្បីប្រដាប់
៤. ន វិភូសនាយ មិនបរិភោគដើម្បីស្អិតស្អាង
៥.៦. យាវទេវ ឥមស្ស កាយស្ស ឋិតិយា យាបនាយ ដើម្បីតាំងនៅនៃកាយនេះ និងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ
៧. វិហឹសុបរតិយា ព្រហ្មចរិយានុគ្គហាយ ដើម្បីកម្ចាត់បង់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះនូវព្រហ្មចរិយធម៌
៨.៩ ឥតិ បុរាណញ្ច វេទនំ បដិហង្ខាមិ នវញ្ច វេទនំ ន ឧប្បាទេស្សាមិ ដោយឧបាយនេះ អញនឹងកម្ចាត់បង់នូវវេទនាចាស់ និងមិនញ៉ាំងវេទនាថ្មីឲ្យកើតឡើង
១០. យាត្រា ច មេ ភវិស្សតិ ការតាំងនៅនៃជីវិត នឹងមានដល់អាត្មាអញ
១១.១២. អនវជ្ជតា ច ផាសុវិហារោ ច ការមិនមានទោស និងការនៅជាសុខសប្បាយ
នេះជាអានិសង្សនៃការបរិភោគភោជន ។
ព្រះមហាសិវត្ថេរចែកអង្គមាន ៨
ចំណែកព្រះមហាសិវត្ថេរ ពោលអង្គ ៤ ខាងដើម ( នេវ ទវាយ ន មទាយ ន មណ្ឌនាយ ន វិភូសនាយ ) ឈ្មោះថា ជាខហាមប្រាមជាអង្គ ១ គប្បីប្រមូលអង្គ ៨ ខាងចុងមក ក្នុងអង្គ ៨ ខាងចុងនោះ ពាក្យថា ដើម្បីការតាំងនៅនៃកាយនេះ ចាត់ជាអង្គ ១ ពាក្យថា ដើម្បីញ៉ាំងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ចាត់ជាអង្គ ១ ពាក្យថា ដើម្បីកម្ចាត់បង់នូវសេចក្តីលំបាក ចាត់ជាអង្គ ១ ពាក្យថា ដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ចាត់ជាអង្គ ១ ពាក្យថា ដោយឧបាយនេះ អញនឹងកម្ចាត់បង់នូវវេទនាចាស់ ចាត់ជាអង្គ ១ ពាក្យថា ដោយឧបាយនេះ អញនឹងកម្ចាត់បង់នូវវេទនាចាស់ ចាត់ជាអង្គ ១ ពាក្យថា នឹងមិនញ៉ាំងវេទនាថ្មីឲ្យកើតឡើង ចាត់ជាអង្គ ១ ពាក្យថា ការតាំងនៅនៃជិវិតិន្ទ្រិយនឹងមានដល់អញ ចាត់ជាអង្គ ១ ពាក្យថា ការមិនមានទោស ចាត់ជាអង្គ ១ ក៏ការនៅជាសុខសប្បាយ ជាផលនៃការបរិភោគ ដូច្នេះ ។
ភិក្ខុកាលបរិភោគអាហារ ប្រកបដោយអង្គ ៨ យ៉ាងនេះ ឈ្មោះថា ជាអ្នកស្គាល់ប្រមាណក្នុងការបរិភោគអាហារ ។ ការបរិភោគដោយការពិចារណា ប្រព្រឹត្តទៅដោយការស្គាល់ប្រមាណដ៏គួរ ក្នុងការស្វែងរក ការទទួល និងការបរិភោគនេះ ឈ្មោះថា ភោជនេ មត្តញ្ញុតា ( ភាពជាអ្នកស្គាល់ប្រមាណក្នុងភោជន ) ។
បទថា នេវ ទវាយ បានដល់ មិនបរិភោគដើម្បីលេង ។ ក្នុងព្រះបាលីនោះ អ្នករាំរែក និងអ្នកលោតកម្ពស់ជាដើម ឈ្មោះថា រមែងបរិភោគដើម្បីលេង ។ ព្រោះកាលគេបរិភោគភោជនណាហើយ ការលេង ពោលគឺរាំរែក កាព្យឃ្លោង និងការលេងពាក្យស្លោក រមែងជាក់ច្បាស់ក្រៃលែង ជនទាំងនោះ ស្វែងរកអាហារដោយធម៌មិនស្មើហើយ រមែងបរិភោគអាហារទាំងនោះ តែភិក្ខុនេះមិនបរិភោគយ៉ាងនោះឡើយ ។
បទថា ន មទាយ ( មិនមែនដើម្បីស្រវឹង ) បានដល់ រមែងមិនបរិភោគដើម្បីការកពូនសេចក្តីស្រវឹងដោយមានះ និងស្រវឹងដោយសម្គាល់ថា ជាបុរស ។ ក្នុងសេចក្តីនោះ ព្រះរាជា និងមហាមាត្យរបស់ព្រះរាជា ឈ្មោះថា រមែងបរិភោគដើម្បីស្រវឹង ព្រោះជនទាំងនោះ រមែងបរិភោគភោជនមានរសឆ្ងាញ់ និងប្រណីត ដើម្បីបន្ថែមការស្រវឹងដោយមានះ និងស្រវឹងដោយសម្គាល់ថា អញជាបុរស របស់ខ្លួន តែភិក្ខុនេះ រមែងបរិភោគយ៉ាងនេះ ។
បទថា ន មណ្ឌនាយ ( មិនមែនដើម្បីប្រដាប់ ) សេចក្តីថា មិនបរិភោគដើម្បីតាក់តែងសរីរៈ ក្នុងសេចក្តីនោះ ស្រីពេស្យា ស្រីអ្នកស្រុក ស្រីក្នុងបុរីជាដើម រមែងផឹកទឹកដោះថ្លា និងទឹកអំពៅ រមែងបរិភោគអាហារតិចតួចទាំងជាអាហារដ៏ល្អិត ដោយគិតថា ការបរិភោគយ៉ាងនេះ ការតាំងនៅនៃអវយវៈរបស់ពួកយើងនឹងតាំងនៅ ដោយល្អ ឆវីវណ្ណក្នុងសរីរៈនឹងផូរផង់ ស្រស់ថ្លា ដូច្នេះ តែភិក្ខុនេះ រមែងបរិភោគយ៉ាងនោះ ។
បទថា ន វិភូសនាយ ( មិនមែនដើម្បីស្អិតស្អាង ) បានដល់ មិនបរិភោគដើម្បីប្រាថ្នាស្អិតស្អាង ដោយសាច់ក្នុងសរីរៈ ក្នុងបុគ្គលទាំងនោះ អ្នកចំបាប់ អ្នកប្រដាល់ និងអ្នកប្រដាល់ស្ម័គ្រចិត្តជាដើម រមែងញ៉ាំងសរីរៈឲ្យមាំមួន ដោយភោជនាហារមានត្រី និងសាច់ជាដើមដ៏ល្អិត ដោយគិតថា ដោយការបរិភោគយ៉ាងនេះ សាច់របស់ពួកយើងនឹងរឹងមាំ ដើម្បីប្រយោជន៍ដល់ការធន់នឹងការវាយតប់គ្នា ដូច្នេះ តែភិក្ខុនេះ រមែងមិនបរិភោគដើម្បីប្រយោជន៍ ធ្វើសាច់ឲ្យមាំមួនក្នុងសរីរៈយ៉ាងនោះ ។
បទថា ឥមស្ស កាយស្ស ឋិតិយា ( ដើម្បីតាំងនៅនៃកាយនេះ ) បានដល់ រមែងបរិភោគដើម្បីឲ្យករជកាយដែលប្រកបដោយមហាភូតរូបទាំង ៤ នេះតាំងនៅ សេចក្តីនេះ ជាប្រយោជន៍ក្នុងការបរិភោគអាហាររបស់ភិក្ខុនេះ ។
បទថា យាបនាយ ( ដើម្បីញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ) បានដល់ រមែងបរិភោគដើម្បីប្រយោជន៍ដល់ការញ៉ាំងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ។
បទថា វិហឹសុបរតិយា ( ដើម្បីកម្ចាត់បង់សេចក្តីលំបាក ) បានដល់ សេចក្តីស្រេកឃ្លានកើតឡើង ព្រោះការមិនបានបរិភោគជាបច្ច័យ ឈ្មោះថា វិហឹសា រមែងបរិភោគដើម្បីកម្ចាត់បង់វិហឹសានោះ គឺដើម្បីឲ្យវិហឹសានោះស្ងប់រម្ងាប់ ។
បទថា ព្រហ្មចរិយានុគ្គហាយ ( ដើម្បីអនុគ្រោះនូវព្រហ្មចរិយធម៌ ) សេចក្តីថា ត្រៃសិក្ខា គឺសាសនា គឺពាក្យប្រៀនប្រដៅទាំងអស់ ឈ្មោះថា ព្រហ្មចរិយៈ រមែងបរិភោគដើម្បីអនុគ្រោះព្រហ្មចរិយៈនោះ ។
បទថា បុរាណញ្ច វេទនំ បដិហង្ខាមិ ( អាត្មាអញនឹងកម្ចាត់បង់ នូវវេទនាចាស់ផង ) សេចក្តីថា វេទនាដែលកើតឡើង ព្រោះការមិនបានបរិភោគអាហារជាបច្ច័យ ឈ្មោះថា វេទនាចាស់ ភិក្ខុរមែងបរិភោគអាហារ ដោយគិតថា អញនឹងកម្ចាត់បង់នូវវេទនាចាស់នោះ ។
បទថា នវញ្ច វេទនំ ន ឧប្បាទេស្សាមិ ( នឹងមិនឲ្យវេទនាថ្មីកើតឡើងបានផង ) សេចក្តីថា វេទនាដែលកើតឡើង ព្រោះការបរិភោគច្រើនពេកជាបច្ច័យ ឈ្មោះថា វេទនាថ្មី ភិក្ខុរមែងបរិភោគ ដោយគិតថា អញនឹងមិនឲ្យវេទនាថ្មីនោះកើតឡើង ដូច្នេះ ម្យ៉ាងទៀត វេទនាដែលកើតឡើង ព្រោះការបរិភោគហើយជាបច្ច័យ ឈ្មោះថា វេទនាថ្មី ភិក្ខុរមែងបរិភោគដើម្បីមិនឲ្យកើតវេទនានោះ ដែលនៅមិនទាន់កើតឡើងនុ៎ះឯង ។
បទថា យាត្រា ច មេ ភវិស្សតិ ប្រែថា ការប្រព្រឹត្តទៅនៃឥរិយាបថនឹងមានដល់អញ ។
បទថា អនវជ្ជតា ច ( ការមិនមានទោសក្តី ) នេះ បានដល់ ក្នុងការបរិភោគនេះ វត្ថុដែលមានទោសក៏មាន វត្ថុដែលមិនមានទោសក៏មាន ក្នុងការបរិភោគទាំងពីរយ៉ាងនោះ ការស្វែងរកដោយមិនត្រូវតាមធម៌ ការទទួលដោយមិនត្រូវតាមធម៌ ការបរិភោគដោយមិនត្រូវតាមធម៌ នេះឈ្មោះថា សាវជ្ជ ( មានទោស ) ។ ការស្វែងរកដោយធម៌ ការទទួល ការពិចារណាហើយបរិភោគដោយធម៌ នេះឈ្មោះថា អនវជ្ជ ( មិនមានទោស ) ។
បុគ្គលខ្លះ រមែងធ្វើអាហារដែលមិនមានទោសនុ៎ះឯង ឲ្យមានទោស គឺធ្វើអាហារដែលខ្លួនបានមក ដោយធម៌ហើយ បរិភោគហួសប្រមាណ គេរមែងមិនអាចដើម្បីឲ្យអាហារនោះរលួយបានស្រួល រមែងលំបាកដោយការក្អួតចង្អោរ និងបញ្ចុះលាមកជាដើម ពួកភិក្ខុមួយវត្តត្រូវនាំគ្នាជួយខ្វល់ខ្វាយក្នុងការបដិបត្តិរាងកាយ និងស្វែងរកថ្នាំជាដើម ឲ្យភិក្ខុនោះ កាលត្រូវសួរថា មានរឿងអ្វី ពួកភិក្ខុនឹងនិយាយថា ភិក្ខុរូបឯណោះហើមពោះ ដូច្នេះជាដើម ភិក្ខុទាំងឡាយក៏នឹងនាំគ្នានិន្ទាតិះដៀលថា លោកអង្គនេះ មានប្រក្រតីយ៉ាងនេះ ជានិច្ចជាកាលយ៉ាងហ្នឹងឯង រមែងមិនស្គាល់ប្រមាណផ្ទៃរបស់ខ្លួន ដូច្នេះ ភិក្ខុនេះ ឈ្មោះថា រមែងធ្វើអាហារដែលមិនមានទោសឲ្យមានទោស យ៉ាងនេះ ។ ភិក្ខុមិនធ្វើដូចយ៉ាងនោះ រមែងឆាន់អាហារដោយធ្វើទុកក្នុងចិត្តថា ការមិនមានទោស នឹងមានដល់អញ ។
សូម្បីក្នុងបទថា ផាសុវិហារោ ច ( ការនៅជាសុខសប្បាយក្តី ) នេះ សេចក្តីថា ការនៅជាសុខសប្បាយក៏មាន ការនៅមិនជាសុខសប្បាយក៏មាន ។
ព្រាហ្មណ៍ល្មោភស៊ី ៥ នាក់
ក្នុងការបរិភោគនោះ ការបរិភោគរបស់ព្រាហ្មណ៍ទាំង ៥ នាក់នេះ គឺ ព្រាហ្មណ៍ឈ្មោះ អាហារហត្ថកៈ ១ ព្រាហ្មណ៍ឈ្មោះ អលំសាដកៈ ១ ព្រាហ្មណ៍ឈ្មោះ តត្ថវដ្តកៈ ១ ព្រាហ្មណ៍ឈ្មោះ កាកមាសកៈ ១ ព្រាហ្មណ៍ឈ្មោះ ភុត្តវមិតកៈ ១ ឈ្មោះថា ការនៅមិនជាសុខសប្បាយ ។
បណ្តាព្រាហ្មណ៍ទាំង ៥ នាក់នោះ ព្រាហ្មណ៍ឈ្មោះ អាហារហត្ថកៈ បរិភោគច្រើន មិនអាចក្រោកឡើងបានតាមធម្មតារបស់ខ្លួន ទើបនិយាយថា ជួយទាញដែយើងផង ដូច្នេះ ។ ព្រាហ្មណ៍ឈ្មោះអលំសាដកៈ បរិភោគអាហារច្រើន សូម្បីនឹងក្រោកឡើងបាន តែមិនអាចស្លៀកសំពត់បាន ។ ព្រាហ្មណ៍ឈ្មោះ តត្ថវដ្តកៈ បរិភោគច្រើន មិនអាចក្រោកឡើងបាន រមែងរមៀលទៅមកក្នុងទីនោះនុ៎ះឯង ។ ព្រាហ្មណ៍ឈ្មោះ កាកមាសក បរិភោគអាហារច្រើន ទាល់តែហៀរដល់មាត់ រហូតដល់ពួកក្អែកអាចចឹកស៊ីបាន ។ ព្រាហ្មណ៍ឈ្មោះ ភុត្តវមិតកៈ បរិភោគច្រើន មិនអាចដើម្បីបិទមាត់បាន រមែងក្អួតក្នុងទីនោះនុ៎ះឯង ។
ភិក្ខុរមែងមិនធ្វើយ៉ាងនេះទេ រមែងឆាន់អាហារ ដោយគិតថា ការនៅជាសុខសប្បាយ នឹងមានដល់អញ ដូច្នេះ ។ ការដែលពោះខ្វះពំនូតបាយ ៤-៥ មាត់ ឈ្មោះថា ការនៅជាសុខសប្បាយ ព្រោះកាលភិក្ខុបរិភោគអាហារត្រឹមប៉ុណ្ណេះ ហើយផឹកទឹក ឥរិយាបថ ៤ រមែងប្រព្រឹត្តទៅដោយស្រួល ព្រោះហេតុនោះ ព្រះធម្មសេនាបតី ទើបពោលគាថាទុកយ៉ាងនេះថា
ចត្តារោ បញ្ច អាលោបេ អភុត្វា ឧទកំ បិវេ
អយំ ផាសុវិហារាយ បហិតត្តស្ស ភិក្ខុនោ
ភិក្ខុឈប់បរិភោគ ៤ ឬ ៥ ពំនូត ( ក្នុងកាលជិតឆ្អែត ) ហើយគប្បីផឹកទឹក នេះជាការល្មមដល់កិរិយានៅជាសុខ នៃភិក្ខុអ្នកមានចិត្តស្លុងទៅរក ( ព្រះនិព្វាន ) ។