តយោធម្មជាតក
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះវេឡុវ័នមហាវិហារ ទ្រង់ប្រារព្ធការដែលភិក្ខុទេវទត្ត ខិតខំប្រឹងប្រែងធ្វើឃាតព្រះអង្គនោះឯង ទ្រង់ត្រាស់ព្រះធម៌ទេសនានេះ មានពាក្យជាអាទិ៍ថា យស្សេតេ ច តយោ ធម្មា ។
អតីតនិទាន
ក្នុងអតីតកាល គ្រាដែលព្រះបាទព្រហ្មទត្ សោយរាជសម្បត្តិនៅក្រុងពារាណសី ភិក្ខុទេវទត្ត កើតក្នុងកំណើតពានរ គ្រប់គ្រងហ្វូងស្វាក្នុងដែនដីនៃព្រៃហិមពាន្ត ។ កាលកូនពានរដែលអាស្រ័យនឹងខ្លួនចម្រើនធំហើយ ពានរជាឪពុក ចិត្តអាក្រក់ បានខាំប្រដាប់បន្តពូជនៃកូន
ពានរទាំងនោះឲ្យដាច់អស់ ព្រោះខ្លាចថា ពានរទាំងនេះនឹងដណ្តើមគ្រប់គ្រងហ្វូង ។
ក្នុងគ្រានោះ ព្រះពោធិសត្វក៏អាស្រ័យនឹងពានរចិត្តអាក្រក់នោះដែរ ហើយបដិសន្ធិក្នុងផ្ទៃនៃនាងពានរមួយដែលមានចិត្តល្អ ។ កាលដែលនាងពានរដឹងថា ខ្លួនមានគភ៌ដើម្បីនឹងថ្នមគភ៌របស់ខ្លួន ក៏បានទៅកាន់ជើងភ្នំដទៃ រហូតដល់មានគភ៌ចាស់គ្រប់កំណត់ ក៏ប្រសូតព្រះពោធិសត្វ ។ ព្រះពោធិសត្វចម្រើនវ័យ ធំដឹងក្តីឡើង ជាសត្វដែលសម្បូណ៌ទៅដោយកម្លាំង ថ្ងៃមួយក៏បានសួរម្តាយ៖
កូន៖ ម៉ែ អ្នកណាជាឪពុករបស់កូន?
ម៉ែ៖ កូនសម្លាញ់ ឪពុករបស់កូនគ្រប់គ្រងហ្វូងនៅភ្នំឯណោះ ។
កូន៖ សូមម៉ែនាំកូនទៅរកឪពុកផង ណា៎ម៉ែ ។
ម៉ែ៖ កូនអើយ កូនមិនអាចចូលទៅជិតឪពុករបស់កូនបានទេ ព្រោះឪពុករបស់កូន តែងតែខាំប្រដាប់បន្តពូជនៃកូនពានរដែលអាស្រ័យនឹងខ្លួនដាច់អស់ ដោយខ្លាចថា មានការដណ្តើមគ្រប់គ្រងហ្វូង ។
កូន៖ សូមម៉ែនាំកូនទៅចុះ កូននឹងបានដឹង ។
នាងពានរ ក៏បាននាំព្រះពោធិសត្វមកកាន់សំណាក់ពានរជាឪពុក ។
ពានរនោះឃើញកូនរបស់ខ្លួនហើយ ក៏គិតថា កាលដែលកូននេះធំពេញវ័យឡើង នឹងមិនព្រមឲ្យយើងគ្រប់គ្រងហ្វូងឡើយ ។ ដូច្នេះយើងត្រូវសម្លាប់វា ក្នុងគ្រានេះតែម្តង គឺយើងនឹងធ្វើដូចជាស្រឡាញ់វាណាស់ យើងចាប់ឱបវា រួចហើយយើងចាប់ឱបវាឲ្យណែន ច្របាច់ឲ្យស្លាប់ ឲ្យខាងតែបាន ។ ពានរចិត្តឃោរឃៅ បានពោលទៅកូនថា “មកនេះកូនសម្លាញ់ កូនទៅណាអស់កាលដ៏យូរនេះ” ។ ដូច្នេះហើយ ក៏ចាប់ព្រះពោធិសត្វឱបរឹត បន្តិចមក ក៏រឹតឲ្យណែន ។ ព្រះពោធិសត្វ មានកម្លាំងដូចដំរីសារ ដឹងខ្លួនថា មិនស្រួល ទើបឱបរឹតតបវិញរហូតដល់បាក់ឆ្អឹងពានរជាឪពុក ។
លំដាប់នោះ ពានរជាឪពុក កើតគំនិតថា អានេះធំឡើងវានឹងសម្លាប់យើង ។ ដូច្នេះយើងត្រូវរកឧបាយកល ប្រញាប់សម្លាប់វាមុន ។ រួចហើយក៏គិតឃើញថា មិនឆ្ងាយពីនេះ មានស្រះធំមួយដែលមានអារក្សទឹក យើងនឹងឲ្យអារក្សទឹកស៊ីវានៅនឹងស្រះនោះ ។ ពានរជាឪពុកបានពោលនឹងព្រះពោធិសត្វ៖
ឪពុក៖ កូនអើយ ឪពុកចាស់ហើយ ឪពុកចង់ប្រគល់ហ្វូងពានរទាំងអស់ឲ្យកូនគ្រប់គ្រង ។ ថ្ងៃនេះ យើងនឹងតាំងកូនឲ្យធ្វើជាប្រមុខដឹកនាំ នៅត្រង់នោះមានស្រះមួយ ក្នុងស្រះនោះ មានជលជាតច្រើនមុខ កូនទៅចុះ ទៅយកផ្កាកុមុទ ២ ផ្កា ផ្កាឧប្បល ៣ ផ្កា និងផ្កាបទុម ៥ ផ្កា ដែលកំពុងរីក អំពីស្រះនោះមក ។
កូន៖ ល្អណាស់ លោកឪពុក កូននឹងទៅភ្លាម ។
ព្រះពោធិសត្វទៅហើយ ប៉ុន្តែមិនប្រញាប់ប្រញាល់ចុះទៅក្នុងស្រះឡើយ នៅត្រួតមើលស្នាមជើងជុំវិញមាត់ស្រះនោះ ។ កាលដែលត្រួតមើល ក៏បានឃើញតែស្នាមចុះប៉ុណ្ណោះ មិនឃើញស្នាមជើងឡើងមកវិញទេ ។ ក៏ដឹងថា ស្រះនេះប្រាកដជាមានអារក្សទឹក ។ ឪពុកយើង មិនអាចសម្លាប់យើងបានដោយខ្លួនឯង ក៏មានបំណងឲ្យអារក្សទឹកស៊ីយើង ។ ដូច្នេះ យើងនឹងមិនចុះក្នុងស្រះទឹកនេះឡើយ ហើយត្រូវយកផ្កាទាំងនេះឲ្យបាន ។
ព្រះពោធិសត្វដើរទៅកាន់ទីដែលមិនមានទឹក កាច់បានផ្កា ២ ហើយលោតទៅត្រើយម្ខាង និងលោតត្រឡប់មកវិញ ស្រវាបានផ្កា ២ ទៀត ។ ដោយឧបាយនេះឯង ព្រះពោធិសត្វបានផ្កាទាំងកង ដោយមិនបាច់ចុះទៅក្នុងទឹក ដែលជាទីឋិតនៅក្នុងអាជ្ញារបស់អារក្សទឹកនោះឡើយ ។
គ្រានោះ អារក្សទឹក មានសេចក្តីត្រិះរិះថា អច្ឆរិយបុរសនេះ មានបញ្ញាណាស់ យើងមិនធ្លាប់ឃើញទេ ក្នុងជីវិតរបស់យើងនេះ ផ្កាជលជាតទាំងឡាយ ក៏យកបានតាមប្រាថ្នា ទាំងដែលមិនត្រូវចុះកាន់ស្ថានដែលជាកន្លែងឋិតក្នុងអាជ្ញារបស់យើងទៀត ។ អារក្សទឹកបានផុសចេញពីទឹក ឡើងទៅរកព្រះពោធិសត្វ ហើយបានពោលថា “វានរិន្ទ ក្នុងលោកនេះ បុគ្គលណា មានធម៌ ៣ ប្រការ បុគ្គលនោះ រមែងគ្របសង្កត់បច្ចាមិត្តបាន អស្ចារ្យណាស់ ក្នុងខ្លួនរបស់អ្នក គឺមានធម៌ទាំងនោះ គ្រប់ប្រការជាប្រាកដ” ។ កាលដែលអារក្សទឹកអបអរសាទរព្រះពោធិសត្វទើបពោលនូវគាថានេះ ដោយសេចក្តីថា៖
យស្សេតេ ច តយោ ធម្មា វានរិន្ទ យថា តវ
ទក្ខិយំ សួរិយំ បញ្ញា ទិដ្ឋំ សោ អតិវត្តតិ ។
បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៣ ប្រការ ដូចអ្នក គឺសេចក្តីសង្វាត ១ សេចក្តីក្លៀវក្លា ១ បញ្ញា ១ បុគ្គលនោះ រមែងកន្លងបង់នូវសត្រូវបាន ។
បណ្តាបទទាំងនោះ បទថា ទក្ខិយំ បានដល់ ភាពជាអ្នកមានព្យាយាមខ្លាំងក្លា ។ បទនេះ ជាឈ្មោះនៃសេចក្តីព្យាយាមដ៏ខ្ពស់ ដែលប្រកបព្រមដោយមូលគឺបញ្ញា កម្ចាត់បង់ភ័យគ្រប់ប្រការដែលមកដល់ខ្លួន ។
បទថា សូរិយំ បានដល់ ភាពជាអ្នកក្លាហាន ។ បទនេះ ជាឈ្មោះរបស់ធម៌ដែលមិនញញើតខ្លាច ។
បទថា បញ្ញា នេះជាឈ្មោះនៃការដឹងឧបាយ ដែលជាចំណុចចាប់ផ្តើមនៃប្រាកដផល ។
អារក្សទឹកនោះ អបអរសាទរដល់ព្រះពោធិសត្វ ដែលមានគុណធម៌ទាំង ៣ ប្រការ ដោយគាថានេះហើយ ក៏សួរព្រះពោធិសត្វ៖
អារក្សទឹក៖ លោកយកផ្កាជលជាតទាំងនេះទៅធ្វើអ្វី?
ព្រះពោធិសត្វ៖ ឪពុករបស់យើង ប្រាថ្នានឹងតាំងយើងឲ្យជាអ្នកដឹកនាំ យើងយកទៅព្រោះហេតុនោះឯង ។
អារក្សទឹក៖ ឧត្តមបុរសដូចលោក មិនគួរនឹងនាំយកផ្កាទាំងនេះ ទៅដោយខ្លួនឯងទេ ខ្ញុំជាអ្នកនាំយកទៅឲ្យ ។
អារក្សទឹកបានចាប់ក្តោបយកផ្កា ដើរតាមក្រោយព្រះពោធិសត្វទៅ ។
គ្រានោះ បិតារបស់ព្រះពោធិសត្វ បានមើលឃើញពីចម្ងាយ ហើយគិតថា យើងបញ្ជូនវាទៅ ឲ្យវាទៅជាអាហាររបស់អារក្សទឹក ឥឡូវនេះ វាត្រឡប់ជាប្រើឲ្យអារក្សទឹកកាន់ផ្កាដើរមកតាមក្រោយវា ពេលនេះយើងវិនាសហើយ យើងសែនឈឺចាប់ណាស់ ។ ពេលនោះ ពានរចិត្តឃោរឃៅ បានស្លាប់បាត់បង់ជីវិត ដោយបែកធ្លាយបេះដូចជា ៧ ចំណែក ។ ហ្វូងពានរ បានប្រជុំគ្នាលើកព្រះពោធិសត្វ ឲ្យជាស្តេច ដឹកនាំពួកខ្លួន ក្នុងដែនដីនៃព្រៃហិមពាន្តនោះឯង ។
ប្រជុំជាតក
ព្រះបរមសាស្តា កាលដែលទ្រង់នាំយកព្រះធម៌ទេសនានេះមកហើយ ទ្រង់បន្តអនុសន្ធិប្រជុំជាតកថា ពានរជាមេហ្វូងក្នុងកាលនោះ បានមកជាភិក្ខុទេវទត្តក្នុងកាលនេះ ឯចំណែកពានរជាកូន បានមកជា តថាគត ដូច្នេះឯង ។