តយោ អទ្ធា កាល ៣ យ៉ាង គឺ៖
១. អតីតោ អទ្ធា អតីតកាល
២. អនាគតោ អទ្ធា អនាគតកាល
៣. បច្ចុប្បន្នោ អទ្ធា បច្ចុប្បន្នកាល
( បិដកលេខ ១៩ ទំព័រ ១៣៧ )
អធិប្បាយ
ពាក្យថា តយោ អទ្ធា សំដៅដល់កាល ៣ ។ ក្នុងពាក្យជាដើមថា អតីតោ អទ្ធា មានបរិយាយ ២ យ៉ាង គឺ បរិយាយនៃព្រះសូត្រ និងបរិយាយនៃព្រះអភិធម្ម ។ ដោយបរិយាយនៃព្រះសូត្រ មុនបដិសន្ធិ ឈ្មោះថា អតីតទ្ធា ( អតីតកាល ), ខាងក្រោយចុតិ ឈ្មោះថា អនាគតទ្ធា ( អនាគតកាល ), ក្នុងចន្លោះនោះ ព្រមទាំងចុតិនិងបដិសន្ធិ ឈ្មោះថាបច្ចុប្បន្នទ្ធា ( បច្ចុប្បន្នកាល ) ។ ដោយបរិយាយនៃព្រះអភិធម្ម ខាងលើអំពីភង្គខណៈ ក្នុងចំណោមខណៈទាំង ៣ ឈ្មោះថា អតីតទ្ធា, ខាងមុខអំពីឧប្បាទក្ខណៈ ឈ្មោះថា អនាគតទ្ធា, ក្នុងខណៈទាំង ៣ ឈ្មោះថា បច្ចុប្បន្នទ្ធា ។ អទ្ធា មានអតីតទ្ធាជាដើមនេះ រមែងមានដល់ធម៌ទាំងឡាយ, មិនមែនមានដល់កាល ពេលវេលាទេ ។ តែអាស្រ័យធម៌មានអតីតទ្ធាជាដើម កាលពេលវេលា សូម្បីនឹងមិនមានដោយបរមត្ថក្នុងទីនេះ លោកក៏ហៅ ( ថា អតីតទ្ធាជាដើម ) ដោយវោហារនោះនុ៎ះឯង ។ គប្បីជ្រាបសេចក្តីដូចដែលពោលមកនេះ ។