តយោ អន្តា អន្តៈ គឺចំណែក ៣ យ៉ាង គឺ៖
១. សក្កាយោ អន្តោ សក្កាយ [ បានដល់ឧបាទានក្ខន្ធទាំង ៥ ] ជាចំណែក ១
២. សក្កាយសមុទយោ អន្តោ ធម៌ជាគ្រឿងកើត [ បានដល់បុរិមតណ្ហា ] នៃសក្កាយជាចំណែក ១
៣. សក្កាយនិរោធោ អន្តោ ធម៌ជាគ្រឿងរលត់ [ បានដល់ព្រះនិព្វាន ] នៃសក្កាយជាចំណែក ១
( បិដកលេខ ១៩ ទំព័រ ១៣៧-៨ )
អធិប្បាយ
ពាក្យថា តយោ អន្តា សំដៅដល់ ចំណែកទាំង ៣, ទីបំផុតនុ៎ះឯង ឈ្មោះថា អន្តៈ ( រឹម ឬជាយ ) ដូចក្នុងប្រយោគថា “កាយពន្ធនស្ស អន្តោ ជីរតិ ជាយកាយពន្ធ ចាស់រិចរិល” ចំណែកដទៃ ឈ្មោះថា អន្តៈ ដូចក្នុងប្រយោគថា “ឯសេវន្តោ ទុក្ខស្ស នុ៎ះជាចំណែកដទៃនៃទុក្ខ” ធម៌ថោក ឈ្មោះថា អន្តៈ ដូចក្នុងប្រយោគនេះថា “អន្តមិទំ, ភិក្ខវេ, ជីវិកានំ ម្នាលភិក្ខុទាំងឡាយ នេះជាភាពថោកទាប នៃការចិញ្ចឹមជីវិត” ។ ចំណែក ឈ្មោះថា អន្តៈ ដូចក្នុងប្រយោគថា “សក្កាយោ ខោ, អាវុសោ, បឋមោ អន្តោ ម្នាលអាវុសោទាំងឡាយ សក្កាយជាចំណែកទី ១” ។ ក្នុងទីនេះ សំដៅយកអន្តៈ ដែលប្រែថា ចំណែក ។
ពាក្យថា សក្កាយោ សំដៅដល់ ឧបាទានក្ខន្ធ ទាំង ៥ ។ ពាក្យថា សក្កាយសមុទយោ សំដៅដល់ បុរិមតណ្ហា តណ្ហាក្នុងខាងដើម ជាអ្នកធ្វើឲ្យកើតឧបាទានក្ខន្ធទាំងនោះ ។ ពាក្យថា សក្កាយនិរោធោ សំដៅដល់ ការរលត់ដែលធ្វើឲ្យឧបាទានក្ខន្ធ និងតណ្ហាទាំងគូនោះមិនប្រព្រឹត្តទៅបាន ។ ចំណែកមគ្គគប្បីជ្រាបថា កាលពោលដល់និរោធហើយ ក៏ជាការពោលដល់ផងដែរ ( ក៏ជាការដែលកាន់យកផង ) ព្រោះជាឧបាយនៃការដល់នូវនិរោធ ។