តិស្សោ វិធា មានះ ៣ យ៉ាង គឺ៖
១. សេយ្យោហមស្មីតិ វិធា មានះថា អាត្មាអញប្រសើរជាងគេ
២. សទិសោហមស្មីតិ វិធា មានះថា អាត្មាអញស្មើនឹងគេ
៣. ហីនោហមស្មីតិ វិធា មានះថា អាត្មាអញអន់ជាងគេ
( បិដកលេខ ១៩ ទំព័រ ១៣៧ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងវិធា៖
ការតាំងទុកនូវអាការ ដូចក្នុងប្រយោគថា “កថំវិធំ សីលវន្តំ វទន្តិ, កថំវិធំ បញ្ញវន្តំ វទន្តិ បណ្ឌិតពោលចំពោះបុគ្គលអ្នកមានសីលថាដូចម្តេច ពោលចំពោះបុគ្គលអ្នកមានបញ្ញាថាដូចម្តេច” ដូច្នេះ ឈ្មោះថា វិធា ។ ចំណែក ក៏ឈ្មោះថា វិធា ដូចក្នុងប្រយោគថា “ឯកវិធេន ញាណវត្ថុ ទុវិធេន ញាណវត្ថុ ញាណវត្ថុដោយ ១ ចំណែក ញាណវត្ថុដោយ ២ចំណែក” មានះឈ្មោះថា វិធា ដូចក្នុងប្រយោគថា “សេយ្យោហមស្មីតិ វិធា មានះថា អាត្មាអញប្រសើរជាងគេ”, ក្នុងទីនេះ សំដៅយកវិធា ដែលប្រែថា មានះនោះ ។
តាមពិត មានះ លោកហៅថា វិធា ព្រោះចាត់ចែងដោយអំណាចដែលឲ្យកាន់យកថា ល្អជាងគេជាដើម ។ ដោយពាក្យថា សេយ្យោហមស្មិ នេះ លោកពោលដល់មានះ ៣ គឺ ល្អជាងគេ ស្មើនឹងគេ អន់ជាងគេ ។ សូម្បីក្នុងសទិសវិធា និងហីនវិធា ក៏មានន័យនេះ ដូចគ្នា ។
តាមពិត មានះនេះ មាន ៩ គឺ ជនល្អជាងគេ មានមានះ ៣ ជនស្មើនឹងគេ មានមានះ ៣ ជនអន់ជាងគេ មានមានះ ៣ ។ បណ្តាមានះទាំង ៩ នោះ សម្រាប់ជនល្អជាងគេ មានមានះថា អញល្អជាងគេ រមែងកើតឡើងដល់ព្រះរាជា និងបព្វជិត ។ ព្រះរាជារមែងមានមានះដូច្នេះថា “មាននរណាស្មើនឹងយើងបាន មិនថារាជអាណាខេត្ត រាជទ្រព្យ ឬរាជពាហនៈ” ។ ចំណែកបព្វជិតក៏រមែងមានមានះដូច្នេះថា “មាននរណាប្រៀបស្មើនឹងអាត្មាអញ ដោយសីលគុណ និងធុតង្គគុណជាដើម” ។
សូម្បីមានះថា អញស្មើនឹងគេ សម្រាប់ជនល្អជាងគេ ក៏រមែងកើតឡើង បានដល់ព្រះរាជានិងបព្វជិតនោះដូចគ្នា ។ ព្រះរាជារមែងមានមានះដូច្នេះថា “យើងមិនខុសពីព្រះរាជាអង្គដទៃ មិនថារាជអាណាខេត្ត រាជទ្រព្យ ឬពលពាហនៈ” ។ ចំណែកបព្វជិតក៏រមែងមានមានះដូច្នេះថា “យើងមិនខុសពីភិក្ខុអង្គដទៃ មិនថាដោយសីលគុណ ឬធុតង្គគុណជាដើម” ។ សូម្បីមានះថា អញអន់ជាងគេ សម្រាប់ជនល្អជាងគេ ក៏រមែងកើតឡើង បានដល់ព្រះរាជា និងបព្វជិតនោះដូចគ្នា ។ ព្រះរាជាអង្គណា មានរាជអាណាខេត្ត រាជទ្រព្យ ឬពលពាហនៈជាដើម មិនច្រើនពេកទេ, ព្រះរាជាអង្គនោះ រមែងមានមានះដូច្នេះថា “អាត្មាអញត្រឹមតែគេហៅថា ព្រះរាជា យ៉ាងនេះឬ ឈ្មោះថា ព្រះរាជា” ។ ចំណែកបព្វជិតដែលមានលាភសក្ការៈតិច ក៏រមែងមានមានះដូច្នេះថា “អាត្មាអញត្រឹមតែគេហៅថា ធម្មកថិក ពហូសូត មហាថេរ យ៉ាងនេះឬ បុគ្គលដូចអាត្មាអញ មិនមានលាភសក្ការៈ នឹងជាធម្មកថិក ជាពហូសូត ជាមហាថេរ យ៉ាងដូចម្តេច” ។
សម្រាប់ជនស្មើនឹងគេ មានះថា អញល្អជាងគេជាដើម រមែងកើតឡើងដល់អាមាត្យជាដើម។ អាមាត្យ ឬមន្ត្រីរាជការរមែងមានមានះដូច្នេះថា “មន្ត្រីរាជការដទៃ មាននរណាល្អជាងយើង មិនថាដោយភោគទ្រព្យ ឬយានពាហនៈជាដើម” ដូច្នេះខ្លះ ថា “យើងមិនខុសពីជនដទៃ” ដូច្នេះខ្លះ ថា “យើងត្រឹមតែគេហៅថា អាមាត្យ ប៉ុណ្ណោះ គ្រាន់តែរបស់អាហារបរិភោគ និងសម្លៀកបំពាក់ យើងក៏គ្មាន បុគ្គលដូចអាត្មាអញនេះឬនឹងឈ្មោះថា អាមាត្យ” ដូច្នេះខ្លះ ។
សម្រាប់ជនដែលអន់ជាងគេ មានះថាអញប្រសើរជាងគេ ជាដើម រមែងកើតឡើងដល់អ្នកបម្រើជាដើម ។ អ្នកបម្រើរមែងមានមានះដូច្នេះថា “ឈ្មោះថាអ្នកបម្រើដទៃ នរណាសោតនឹងប្រសើរជាងអញ មិនថាខាងម្តាយ ឬខាងឪពុក ពួកជនដទៃ នឹងមិនអាចរកស៊ីចិញ្ចឹមជីវិតបាន ទើបត្រូវមកខ្ចីបុលអាត្មាអញ តែអញនេះប្រសើរជាងគេដោយជាតិ” ដូច្នេះខ្លះ ថា “អញមិនខុសអំពីជនដទៃ ទាំងអ្នកបម្រើឯណោះ មិនថាដោយភាពជាអ្នកបម្រើ ជាប់តាមខ្សែស្រឡាយ ឬដោយភាពជាអ្នកបម្រើគេពិត ទាំងខាងម្តាយទាំងខាងឪពុក” ដូច្នេះខ្លះ ថា “អញត្រូវជាអ្នកបម្រើគេព្រោះត្រូវចិញ្ចឹមក្រពះ ប៉ុន្តែបើនិយាយដល់ជាតិត្រកូល យើងមិនមានឋានៈស្មើនឹងអ្នកបម្រើសោះឡើយ ដូចយើងនេះឬ ឈ្មោះថាជាអ្នកបម្រើ” ដូច្នេះខ្លះ ។ សូម្បីពួកអ្នកចោលសំរាម និងមនុស្សចណ្ឌាលជាដើម ក៏រមែងមានមានះបែបនេះ ដូចអ្នកបម្រើដែរ បណ្តាមានះទាំងនេះ ជនល្អជាងគេ មានមានះថាអញប្រសើរជាងគេ, ជនដែលស្មើនឹងគេ មានមានះថា អញស្មើនឹងគេ និងជនដែលអន់ជាងគេ មានមានះថា អញអន់ជាងគេ ទាំង ៣ ប្រភេទនេះបានឈ្មោះថា យាថាវមានះ ( មានះត្រូវតាមសេចក្តីពិត ) អាចសម្លាប់បានដោយអរហត្តមគ្គ ។ ធម៌ដ៏សេស បានឈ្មោះថា ជាអយាថាវមានះ ( មានះដែលមិនប្រព្រឹត្តទៅតាមសេចក្តីពិត ) សម្លាប់បានដោយមគ្គខាងដើម ។