តិស្សោ ឯសនា ការស្វែងរក ៣ យ៉ាង គឺ៖
១. កាមេសនា ការស្វែងរកកាម
២. ភវេសនា ស្វែងរកភព
៣. ព្រហ្មចរិយេសនា ស្វែងរកព្រហ្មចរិយធម៌
( បិដកលេខ ១៩ ទំព័រ ១៣៧ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងកាមេសនាជាដើម៖
រាគៈដែលស្វែងរកកាម ដែលលោកពោលទុកយ៉ាងនេះថា "តត្ថ កតមា កាមេសនា? យោ កាមេសុ កាមច្ឆន្ទោ កាមជ្ឈោសានំ, អយំ វុច្ចតិ កាមេសនា បណ្តាធម៌ទាំងនោះ កាមេសនា តើដូចម្តេច? គឺ កាមច្ឆន្ទៈ សេចក្តីពេញចិត្តក្នុងកាមទាំងឡាយ ការលិចចុះក្នុងកាម នេះហៅថា កាមេសនា ( ការស្វែងរកកាម )” ។ រាគៈដែលស្វែងរកភព ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមា ភវេសនា? យោ ភវេសុ ភវច្ឆន្ទោ ភវជ្ឈោសានំ, អយំ វុច្ចតិ ភវេសនា បណ្តាធម៌ទាំងនោះ ភវេសនា តើដូចម្តេច? គឺ ភវឆន្ទៈ សេចក្តីពេញចិត្តក្នុងភពទាំងឡាយ ការលិចចុះក្នុងភព នេះហៅថា ភវេសនា ( ការស្វែងរកភព )” ។ ទិដ្ឋិដែលស្វែងរកព្រហ្មចរិយដែលគេសន្មតិថា ជាគតិនៃទិដ្ឋិ ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមា ព្រហ្មចរិយេសនា? សស្សតោ លោកោតិ វា ។ល។ នេវ ហោតិ ន ន ហោតិ តថាគតោ បរម្មរណាតិ វា, យា ឯវរូបា ទិដ្ឋិ ទិដ្ឋិគតំ វិបរិយេសគ្គាហោ, អយំ វុច្ចតិ ព្រហ្មចរិយេសនា បណ្តាធម៌ទាំងនោះ ព្រហ្មចរិយេសនា តើដូចម្តេច? គឺទិដ្ឋិ ការយល់ខុស ការប្រកាន់ខុស យ៉ាងនេះថា លោកទៀងខ្លះ ។ល។ សត្វស្លាប់ហើយ មិនកើតទៀតខ្លះ សត្វស្លាប់ហើយនឹងមិនកើតទៀតក៏មិនមែនខ្លះ នេះហៅថា ព្រហ្មចរិយេសនា ( ការស្វែងរកព្រហ្មចរិយៈ )” ដូច្នេះ ឈ្មោះថា ព្រហ្មចរិយេសនា ។
មិនមែនចំពោះតែភវរាគទិដ្ឋិតែម្យ៉ាងប៉ុណ្ណោះទេ សូម្បីកម្ម ដែលមានសេចក្តីដូចគ្នានោះ ក៏ចាត់ជាឯសនាដូចគ្នា ។ សមដូចដែលលោកពោលទុកថា “តត្ថ កតមា កាមេសនា? កាមរាគោ តទេកដ្ឋំ អកុសលំ កាយកម្មំ វចីកម្មំ មនោកម្មំ, អយំ វុច្ចតិ កាមេសនា។ តត្ថ កតមា ភវេសនា? ភវរាគោ តទេកដ្ឋំ អកុសលំ កាយកម្មំ វចីកម្មំ មនោកម្មំ, អយំ វុច្ចតិ ភវេសនា។ តត្ថ កតមា ព្រហ្មចរិយេសនា? អន្តគ្គាហិកា ទិដ្ឋិ តទេកដ្ឋំ អកុសលំ កាយកម្មំ វចីកម្មំ មនោកម្មំ, អយំ វុច្ចតិ ព្រហ្មចរិយេសនា បណ្តាឯសនាទាំងនោះ កាមេសនា តើដូចម្តេច? គឺកាមរាគៈ កាយកម្ម វចីកម្ម មនោកម្ម ដែលជាអកុសល ដែលមានសេចក្តីតែមួយដូចគ្នានោះ នេះហៅថា កាមេសនា ។ បណ្តាឯសនាទាំងនោះ ភវេសនា តើដូចម្តេច? គឺភវរាគៈ កាយកម្ម វចីកម្ម មនោកម្ម ដែលជាអកុសល ដែលមានសេចក្តីតែមួយដូចគ្នានោះ នេះហៅថា ភវេសនា ។ បណ្តាឯសនាទាំងនោះ ព្រហ្មចរិយេសនា តើដូចម្តេច? គឺអន្តគ្គាហិកទិដ្ឋិ ( ការប្រកាន់មាំខាងក្នុង ) កាយកម្ម វចីកម្ម មនោកម្ម ដែលជាអកុសល ដែលមានសេចក្តីតែមួយដូចគ្នានោះ នេះហៅថា ព្រហ្មចរិយេសនា” ។