តិស្សោ សុខុបបត្តិយោ ការបានសេចក្តីសុខ ៣ យ៉ាង
១. សន្តាវុសោ សត្តា សុខំ ឧប្បាទេត្វា ឧប្បាទេត្វា សុខំ វិហរន្តិ សេយ្យថាបិ ទេវា ព្រហ្មកាយិកា អយំ បឋមា ម្នាលអាវុសោទាំងឡាយ មានពួកសត្វធ្វើនូវសេចក្តីសុខ [ ធ្វើសេចក្តីសុខក្នុងបឋមជ្ឈានខាងក្រោមឲ្យកើត ហើយសោយនូវសេចក្តីសុខ ដែលកើតអំពីផលរបស់ឈានជាខាងលើ ] ឲ្យកើតឡើងរឿយៗ ហើយទទួលនូវសេចក្តីសុខ ( នោះ ) ដូចជាពួកទេវតានៅក្នុងពួកព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី ១
២. សន្តាវុសោ សត្តា សុខេន អភិសន្នា បរិសន្នា បរិបូរា បរិប្ផុដា តេ កទាចិ ករហចិ ឧទានំ ឧទានេន្តិ អហោ សុខំ អហោ សុខំ សេយ្យថាបិ ទេវា អាភស្សរា អយំ ទុតិយា សុខុបបត្តិ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំជ្រួតជ្រាបបរិបូណ៌ពាល់ត្រូវដោយសេចក្តីសុខហើយ ពួកសត្វទាំងនោះ ជួនកាលបន្លឺឧទានក្នុងកាលម្តងៗ ថា សុខណាស់ហ្ន៎ សុខណាស់ហ្ន៎ ដូចជាពួកទេវតានៅក្នុងជាន់អាភស្សរព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី ២
៣. សន្តាវុសោ សត្តា សុខេន អភិសន្នា បរិសន្នា បរិបូរា បរិប្ផុដា តេ សន្តំយេវ សំតុសិតា ចិត្តសុខំ បដិវេទេន្តិ សេយ្យថាបិ ទេវា សុភកិណ្ហា អយំ តតិយា សុខុបបត្តិ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំជ្រួតជ្រាបបរិបូណ៌ពាល់ត្រូវដោយសេចក្តីសុខហើយ ពួកសត្វទាំងនោះសន្តោសនឹងសេចក្តីសុខដ៏ល្អិតប៉ុណ្ណោះ ទទួលសេចក្តីសុខក្នុងចិត្តដូចពួកទេវតានៅក្នុងជាន់សុភកិណ្ហ-ព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី ៣
( បិដកលេខ ១៩ ទំព័រ ១៤១-២ )
អធិប្បាយ
បទថា សុខូបបត្តិយោ ប្រែថា ការបាននូវសេចក្តីសុខ ។ ពាក្យថា ឧប្បាទេត្វា ឧប្បាទេត្វា សុខំ វិហរន្តិ សេចក្តីថា ញ៉ាំងសេចក្តីសុខក្នុងបឋមជ្ឈានឲ្យកើតឡើងក្នុងថ្នាក់ក្រោម ហើយសោយសេចក្តីសុខក្នុងឈានដែលជាតួវិបាកក្នុងថ្នាក់ខ្ពស់ ។ ពីរបទថា សុខេន អភិសន្នា ប្រែថា ជោកជាំដោយសេចក្តីសុខ ក្នុងទុតិយជ្ឈាន ។ បទថា បរិបូរា ប្រែថា បរិបូណ៌ ។ បទថា បរិប្ឆុដា ជាវេវចនៈនៃពាក្យថា បរិបូរា នោះនុ៎ះឯង ។ សូម្បីពាក្យនេះដែលថា សុខហ្ន៎ សុខហ្ន៎ ក៏ទ្រង់ត្រាស់សំដៅយកសេចក្តីសុខដែលជាតួវិបាកនោះនុ៎ះឯង ។ បានឮថា ទេវតាទាំងឡាយនោះ កើតការចង់បានក្នុងភពច្រើនជាន់ ព្រោះហេតុនោះ ទើបបន្លឺឧទានយ៉ាងនោះក្នុងទីខ្លះ ក្នុងវេលាខ្លះ ។ បទថា សន្តមេវ ប្រែថា ប្រណីតពិត ។ បទថា សន្តុសិតា មានសេចក្តីថា ជាអ្នកសន្តោស ព្រោះមិនត្រូវការសុខក្រៃលែងជាងនោះទៀតទេ ។ ពីរបទថា សុខំ បដិវេទេន្តិ ប្រែថា សោយសុខក្នុងតតិយជ្ឈាន ។