ធម្មបទ ចំណែកធម៌ មាន ៤ យ៉ាង គឺ៖
១. អនភិជ្ឈា ធម្មបទំ សេចក្ដីមិនលោភ ជាចំណែកធម៌
២. អព្យាបាទោ ធម្មបទំ សេចក្ដីមិនព្យាបាទ ជាចំណែកធម៌
៣. សម្មាសតិ ធម្មបទំ ការនឹករឭកត្រូវ ជាចំណែកធម៌
៤. សម្មាសមាធិ ធម្មបទំ ការតាំងចិត្តទុកត្រូវ ជាចំណែកធម៌
( បិដកលេខ ១៩ ទំព័រ ១៦៤ )
អធិប្បាយ
ពាក្យថា ធម្មបទានិ ( ចំណែកធម៌ ) សេចក្ដីថា ចំណែកនៃធម៌ ។ ការមិនសម្លឹងរំពៃ ឈ្មោះថា បទនៃធម៌ ។ ម្យ៉ាងទៀត សេចក្ដីមិនលោភមានមិនលោភក្នុងភាពជាធំ ឬការសម្រេចឈាន វិបស្សនា មគ្គ ផល និងនិព្វាន ក៏ឈ្មោះថា បទនៃធម៌ ។ សេចក្ដីមិនព្យាបាទ ឈ្មោះថា បទនៃធម៌ ឬ សេចក្ដីមិនក្រោធដោយមានមេត្តាជាគោល ឬការសម្រេចឈាន ជាដើម ឈ្មោះថា បទនៃធម៌ ។ សម្មាសតិ ឈ្មោះថា បទនៃធម៌ ម្យ៉ាងវិញទៀត ការតម្កល់សតិមាំ ដោយមានសតិជាគោល ឬការសម្រេចឈាន ជាដើម ឈ្មោះថា បទនៃធម៌ ។ សម្មាសមាធិ ឈ្មោះថា បទនៃធម៌ ម្យ៉ាងវិញទៀត សមាបត្តិ ៨ ឬការសម្រេចឈាន វិបស្សនា មគ្គ ផល និងនិព្វាន ឈ្មោះថា បទនៃធម៌ ។ ការសម្រេចឈាន ជាដើម ដោយអំណាចអសុភ ១០ ឬការមិនសម្លឹងរំពៃ ឈ្មោះថា បទនៃធម៌ បទនៃធម៌ដែលសម្រេចបានដោយអំណាចព្រហ្មវិហារ ៤ ( ឬ ) សេចក្ដីមិនព្យាបាទ ឈ្មោះថា បទនៃធម៌ ។ បទនៃធម៌ដែលសម្រេចដោយអំណាចអនុស្សតិ ១០ និងអាហារេបដិកូលសញ្ញា ( ឬ ) សម្មាសតិ ឈ្មោះថា បទនៃធម៌ ។ បទនៃធម៌ដែលសម្រេចដោយអំណាចកសិណ ១០ និងអានាបានស្សតិ ( ឬ ) សម្មាសមាធិ ឈ្មោះថា បទនៃធម៌ យ៉ាងនេះឯង ៕