ឱរម្ភាគិយសំយោជនៈ សំយោជនៈជាចំណែកខាងក្រោម មាន ៥ គឺ
១. សក្កាយទិដ្ឋិ
២. វិចិកិច្ឆា
៣. សីលព្វតបរាមាសៈ
៤. កាមច្ឆន្ទៈ
៥. ព្យាបាទៈ
( បិដកលេខ ១៩ ទំព័រ ១៧៥ )
អធិប្បាយ
ពាក្យថា សំយោជនៈ បានដល់ គ្រឿងចងរឹត ។ ក៏បណ្ដាបុគ្គលដែលត្រូវសំយោជនៈទាំងនោះចងទុក ព្រះសោតាបន្ន និងព្រះសកទាគាមី ដែលកើតក្នុងរូបភព និងអរូបភព ឈ្មោះថា មានគ្រឿងចងនៅខាងក្នុង ខ្លួនដេកនៅខាងក្រៅ ព្រោះព្រះសោតាបន្ន និងព្រះសកទាគាមីទាំងនោះ នៅមានគ្រឿងចងក្នុងកាមភព ។ ក្នុងកាមភព ព្រះអនាគាមី ឈ្មោះថា មានគ្រឿងចងនៅខាងក្រៅ ខ្លួនដេកនៅខាងក្នុង ។ ព្រោះព្រះអនាគាមីទាំងនោះ នៅមានគ្រឿងចងក្នុងរូបភព និងអរូបភព ។ ក្នុងកាមភព ព្រះសោតាបន្ន និងព្រះសកទាគាមី ឈ្មោះថា មានគ្រឿងចងនៅខាងក្នុង ខ្លួនដេកនៅខាងក្នុង ។ ក្នុងរូបភព និងអរូបភព ព្រះអនាគាមី ឈ្មោះថា ខ្លួនដេកនៅខាងក្រៅ មានគ្រឿងចងនៅខាងក្រៅ ។ ព្រះខីណាស្រពមិនមានគ្រឿងចងក្នុងភពទាំងពួង ៕