អហិរិកំ សេចក្តីមិនខ្មាសបាប
អនោត្តប្បំ សេចក្តីមិនក្តៅនឹងបាប ឬមិនខ្លាចបាប
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា អហិរិក បានដល់ សេចក្តីមិនខ្មាស ដែលលោកសម្តែងទុកយ៉ាងនេះថា “យំ ន ហិរីយតិ ហិរីយិតព្វេន សេចក្តីមិនខ្មាសក្នុងវត្ថុដែលគួរខ្មាស” ។
ពាក្យថា អនោត្តប្បំ បានដល់ អាការដែលមិនភ័យខ្លាច ដែលលោកសម្តែងទុកថា “យំ ន ឱត្តប្បតិ ឱត្តប្បិតព្វេន សេចក្តីមិនភ័យខ្លាចក្នុងវត្ថុដែលគួរភ័យខ្លាច” ។
( អដ្ឋកថាសង្គីតិសូត្រ )
អហិរិក គឺសភាវធម៌ដែលមិនមែនជាហិរិ មានការមិនរង្កៀសកាយទុច្ចរិតជាដើម ជាលក្ខណៈ ឬមានការមិនខ្មាសកាយទុច្ចរិតជាដើម ជាលក្ខណៈ ( កាយទុច្ចរិតាទីនំ អជិគុច្ឆនលក្ខណំ អលជ្ជនលក្ខណំ វា ) ។
អនោត្តប្ប មានការមិនខ្លាចកាយទុច្ចរិតជាដើមទាំងនោះនុ៎ះឯង ជាលក្ខណៈ ឬមានការមិនតក់ស្លុតចំពោះកាយទុច្ចរិតជាដើមទាំងនោះ ជាលក្ខណៈ ( តេហេវ អសារជ្ជលក្ខណំ អនុត្តាសនលក្ខណំ វា ) ។