តណ្ហុប្បាទ ការកើតឡើងនៃតណ្ហា មាន ៤ យ៉ាង គឺ៖
១. ចីវរហេតុ វា អាវុសោ ភិក្ខុនោ តណ្ហា ឧប្បជ្ជមានា ឧប្បជ្ជតិ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែចីវរ
២. បិណ្ឌបាតហេតុ វា អាវុសោ ភិក្ខុនោ តណ្ហា ឧប្បជ្ជមានា ឧប្បជ្ជតិ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែបិណ្ឌបាត
៣. សេនាសនហេតុ វា អាវុសោ ភិក្ខុនោ តណ្ហា ឧប្បជ្ជមានា ឧប្បជ្ជតិ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែសេនាសនៈ
៤. អភិភវាភវហេតុ វា អាវុសោ ភិក្ខុនោ តណ្ហា ឧប្បជ្ជមានា ឧប្បជ្ជតិ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែវត្ថុថ្លៃថ្លាយ៉ាងក្រៃលែង១
( បិដកលេខ ១៩ ទំព័រ ១៦៣ )
អធិប្បាយ
ពាក្យថា ចីវរហេតុ សេចក្ដីថា កើតឡើងព្រោះមានចីវរជាហេតុថា អញនឹងបានចីវរជាទីគាប់ចិត្តពីទីណា ។ ឥតិស័ព្ទក្នុងពាក្យថា ឥតិភវាភវហេតុ នេះជានិបាតចុះក្នុងការចង្អុលប្រាប់ ។ អធិប្បាយថា ហេតុមានចីវរជាដើមយ៉ាងណា ហេតុមានភព និងអភពជាដើម ( ហេតុដ៏ប្រណីត និងប្រណីតក្រៃលែង ) ក៏យ៉ាងនោះដែរ ។ ក្នុងពាក្យថា ភវាភវោ នេះ លោកសំដៅយកប្រេង ទឹកឃ្មុំ និងទឹកអំពៅជាដើមដ៏ប្រណីត និងប្រណីតក្រៃលែង ។ គប្បីជ្រាបថា អរិយវង្ស ៤ លោកសម្ដែងទុកតាមលំដាប់នោះឯង ដើម្បីលះបង់ហេតុកើតឡើងនៃតណ្ហាទាំង ៤ នេះ ៕
១. បានដល់គិលានភេសជ្ជប្បច្ច័យ មានប្រេងទឹកឃ្មុំ ទឹកអំពៅជាដើម