ហិរិ សេចក្តីខ្មាសបាប
ឱត្តប្ប សេចក្តីក្តៅនឹងបាប
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា ហិរិ ឱត្តប្ប បានដល់ សេចក្តីខ្មាស និងសេចក្តីតក់ស្លុត ដែលលោកសម្តែងទុកយ៉ាងនេះថា “យំ ហិរីយតិ ហិរីយិតព្វេន ឱត្តប្បតិ ឱត្តប្បិតព្វេន សេចក្តីខ្មាសដោយវត្ថុដែលគួរខ្មាស តក់ស្លុតចំពោះដោយវត្ថុដែលគួរតក់ស្លុត” ។ ប្រការមួយទៀត បណ្តាធម៌ទាំង ២ យ៉ាងនេះ ហិរិ មានសមុដ្ឋានពីខាងក្នុង ឱត្តប្ប មានសមុដ្ឋានពីខាងក្រៅ ហិរិ មានខ្លួនជាធំ ( អត្តាធិបតេយ្យ ) ឱត្តប្ប មានលោកជាធំ ( លោកាធិបតេយ្យ ) ហិរិតាំងឡើងព្រោះសេចក្តីខ្មាសអៀនក្នុងចិត្ត ឱត្តប្ប តាំងឡើងព្រោះសភាវៈ គឺសេចក្តីតក់ស្លុត ។ ពាក្យអធិប្បាយដោយពិស្តារក្នុងរឿងហិរិ និងឱត្តប្បនេះ បានពោលទុកដោយសព្វគ្រប់ក្នុងវិសុទ្ធិមគ្គ ។