ទោវចស្សតា ភាវៈជាអ្នកដែលគេប្រដៅក្រ
បាបមិត្តតា ភាវៈជាអ្នកមានមិត្តអាក្រក់
( សង្គីតិសូត្រ ធម៌ពួក ២ )
អធិប្បាយ
ពាក្យថា ទោវចស្សតា នោះ មានបទវិគ្រោះដូច្នេះ ៖ ការពោលប្រដៅក្នុងបុគ្គលនេះ ដែលច្រើនតែកាន់យកខាងខុស ត្រេកអរតែក្នុងធម៌ដែលជាសឹកសត្រូវ ការមិនអើពើ មិនគោរព មិនទទួលស្តាប់បង្គាប់ ហេតុនោះ បុគ្គលនេះទើបឈ្មោះថា ទុព្វចោ ( អ្នកប្រដៅក្រ ) អំពើរបស់បុគ្គលដែលប្រដៅក្រនោះ ឈ្មោះថា ទោវចស្សំ, ភាវៈរបស់ទោវចស្សៈនោះ ឈ្មោះថា ទោវចស្សតា ( ភាវៈនៃអំពើរបស់អ្នកប្រដៅក្រ, ភាពជាអ្នកប្រដៅក្រ ) [ ទុក្ខំ វចោ ឯតស្មឹ វិប្បដិកូលគាហិម្ហិ វិបច្ចនីកសាតេ អនាទរេ បុគ្គលេតិ ទុព្ពចោ, តស្ស កម្មំ ទោវចស្សំ, តស្ស ភាវោ ទោវចស្សតា ]។ ភាពជាអ្នកដែលគេប្រដៅក្រនេះ មានសម្តែងទុកក្នុងព្រះអភិធម្មថា
“តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តាធម៌ទាំងនោះ ទោវចស្សតា តើដូចម្តេច? គឺភាពជាអ្នកដែលគេប្រដៅបានដោយកម្រ ក្នុងកាលសហធម្មិកស្តីប្រដៅ” ។ ទោវចស្សតានោះ ដោយអង្គធម៌ បានដល់ សង្ខារក្ខន្ធ តែអាចារ្យខ្លះពោលថា ពាក្យនេះជាឈ្មោះនៃខន្ធទាំង ៤ ដែលប្រព្រឹត្តទៅដោយអាការដូច្នេះ ។
[ បទថា សហធម្មិកេ វុច្ចមានេ (សហធម្មិកជន ដែលស្តីប្រដៅ ) សេចក្តីថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទឯណា ឈ្មោះថា សហធម្មិក កាលភិក្ខុត្រូវចង្អុលដល់វត្ថុក្នុងសិក្ខាបទនោះ ពិន័យអាបត្តិ ពោលថា លោកត្រូវអាបត្តិឈ្មោះនេះ និមន្តលោកសម្តែងអាបត្តិ និមន្តលោកចេញចាកអាបត្តិ និមន្តធ្វើតបអាបត្តិ ដូច្នេះ ។
បទថា ទោវចស្សាយំ ( សេចក្តីប្រដៅក្រ ) ជាដើម កម្មរបស់អ្នកដែលប្រដៅក្រ ដែលត្រូវដាស់តឿនយ៉ាងនេះ ដោយការតបតខ្លះ ដោយការមិនព្រមទទួលឱវាទដោយគោរពខ្លះ ឈ្មោះថា ទោវចស្សាយំ ( សេចក្តីប្រដៅក្រ ) កិរិយារបស់អ្នកប្រដៅក្រនុ៎ះឯង ត្រាស់ហៅថា ទោវចស្សំ ( ការស្តីថាក្រ ) ដូច្នេះក៏មាន ។ ភាវៈនៃអ្នកប្រដៅក្រនោះ ឈ្មោះថា ទោវច-ស្សិយំ ( ភាពនៃបុគ្គលដែលគេប្រដៅក្រ ) ពាក្យក្រៅអំពីនេះ មានពាក្យថា ភាពនៃបុគ្គលប្រកាន់យកខាងខុសជាដើម ជាពាក្យវេវចនៈរបស់ភាពនៃអ្នកប្រដៅក្រនុ៎ះឯង ។
បទថា វិប្បដិកុលគាហិតា ( ភាពនៃបុគ្គលប្រកាន់យកខាងខុស ) បានដល់ ការប្រកាន់ដោយមិនស្របតាម បុគ្គលឈ្មោះថា វិបច្ចនីកសាតោ ( ត្រេកអរក្នុងធម៌ជាសត្រូវ ) ព្រោះអត្ថថា មានសេចក្តីត្រេកអរដោយការពោលជំទាស់ ពោលគឺកាន់យកខាងខុស ។ ពាក្យនេះ ជាឈ្មោះរបស់បុគ្គលអ្នកបានសេចក្តីសុខ ដោយពេញចិត្តថា យើងបានធ្វើឲ្យគេអស់ពាក្យនិយាយ ដោយពាក្យដ៏សំខាន់ត្រឹមតែមួយមាត់ ។ ភាវៈរបស់បុគ្គលអ្នកពេញចិត្តក្នុងផ្លូវខាងខុសនោះ ឈ្មោះថា វិបច្ចនីកសាតតា ( ភាពនៃបុគ្គលត្រេកអរក្នុងធម៌ជាសត្រូវ ) ភាវៈនៃបុគ្គលមិនអើពើ ដោយអំណាចការមិនទទួលយកឱវាទ ឈ្មោះថា អនាទរិយំ ( ការមិនអើពើ ) ពាក្យក្រៅពីនេះ មានភាវៈនៃបុគ្គលមិនយកចិត្តទុកដាក់ជាដើម ជាវេវចនៈ នៃការមិនអើពើនោះនុ៎ះឯង ម្យ៉ាងវិញទៀត អាការដែលមិនអើពើ ឈ្មោះថា អនាទរតា ( ភាពនៃបុគ្គលមិនយកចិត្តទុកដាក់ ) ។
ភាវៈនៃការមិនគោរព ដែលកើតឡើង ដោយការមិននៅក្នុងអំណាចការគ្រប់គ្រងរបស់គ្រូ ឈ្មោះថា អគារវតា ( ភាពនៃបុគ្គលមិនគោរព ) ។ ភាវៈដែលមិនព្រមជឿស្តាប់ ដែលកើតឡើងដោយការមិននៅក្នុងអំណាចនៃការគ្រប់គ្រងរបស់បុគ្គលអ្នកមានសេចក្តីចម្រើន ឈ្មោះថា អប្បដិស្សវតា ( ភាពនៃបុគ្គលមិនទទួលស្តាប់បង្គាប់ ) ។
ពាក្យថា បាបមិត្តតា មានបទវិគ្រោះដូច្នេះ ៖ មនុស្សអាក្រក់ទាំងឡាយ មានមនុស្សមិនមានសទ្ធាជាដើម ជាមិត្តរបស់បុគ្គលនោះ ហេតុនោះ គេទើបឈ្មោះថា បាបមិត្តោ ( អ្នកមានមិត្តអាក្រក់ជាមិត្ត ), ភាវៈនៃបាបមិត្តនោះ ឈ្មោះថា បាបមិត្តតា ( ភាពជាអ្នកមានមិត្តអាក្រក់ ) [ បាបា អស្សទ្ធាទយោ បុគ្គលា ឯតស្ស មិត្តាតិ បាបមិត្តោ, តស្ស ភាវោ បាបមិត្តតា ] ។ ភាពជាអ្នកមានមិត្តអាក្រក់នេះ មានសម្តែងទុកក្នុងព្រះអភិធម្មយ៉ាងនេះថា “តត្ថ កតមា បាប-មិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តាធម៌ទាំងនោះ បាបមិត្តតា តើដូចម្តេច? គឺ ការសេព ការជិតដិតនឹងគ្នា ការត្រូវគំនិតគ្នា ការគប់រកគ្នា ការស្របគំនិតគ្នាសេចក្តីស្រឡាញ់គ្នា ការជិតស្និទ្ធនឹងគ្នា ភាពនៃបុគ្គលមូលមិត្រនឹងគ្នា នឹងមនុស្សដែលមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច ជាមនុស្សកំណាញ់ គ្មានប្រាជ្ញា” ។ សូម្បីបាបមិត្តតានោះ ដោយអង្គធម៌ ក៏គប្បីជ្រាបដូចគ្នានឹងទោវចស្សតា ។
[ ដែលឈ្មោះថា អស្សទ្ធា ( ជាអ្នកមិនមានសទ្ធា ) ព្រោះអត្ថថា សទ្ធារបស់បុគ្គលទាំងនោះមិនមាន អធិប្បាយថា គេរមែងមិនជឿវត្ថុទាំងឡាយមានព្រះពុទ្ធជាដើម ។ បទថា ទុស្សីលា ( ទ្រុស្តសីល ) បានដល់ ដែលឈ្មោះថា កំហុសរបស់សីលមិនមានទេ គឺបានន័យថា អ្នកមិនមានសីលនោះឯង ។ បទថា អប្បស្សុតា ( ចេះដឹងតិច ) គឺវៀរចាកការសិក្សា ។
ដែលឈ្មោះថា មច្ឆរី ( ជាមនុស្សកំណាញ់ ) ព្រោះអត្ថថា មានសេចក្តីកំណាញ់ ៥ យ៉ាង ។ ដែលឈ្មោះថា និប្បញ្ញា ( ទុប្បញ្ញា ) ( គ្មានប្រាជ្ញា ) ព្រោះអត្ថថា គ្មានបញ្ញា ។ ឈ្មោះថា សេវនា ( ការសេព ) ដោយអំណាចការគប់រក ។ ការសេពដ៏មានកម្លាំង ឈ្មោះថា និសេវនា ( ការជិតដិតនឹងគ្នា ) ។ ការសេពដោយប្រការទាំងពួង ឈ្មោះថា សំសេវនា
( ការត្រូវគំនិតគ្នា ) ។ ]
( សង្គីតិសុត្តវណ្ណនា និងអដ្ឋសាលិនី អដ្ឋកថា )