សព្វេ សត្តា សង្ខារដ្ឋិតិកា ពួកសត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យសង្ខារ
( សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៣០ )
អធិប្បាយ
ក្នុងពាក្យនេះ បច្ច័យដូចដែលបានពោលមកហើយក្នុងពាក្យខាងក្រោយនោះឯង លោកក៏ហៅថា សង្ខារ ព្រោះតាក់តែងផលរបស់ខ្លួន ។ អាហារប្បច្ច័យបានពោលមកហើយ ក្នុងខាងក្រោយ , សេចក្តីផ្សេងគ្នានៃពាក្យទាំងពីរនេះ តែបន្តិចប៉ុណ្ណោះ ក្នុងបញ្ហានេះ ក៏គឺ ក្នុងទីនេះ លោកសំដៅយកសង្ខារប្បច្ច័យ ។ ( ប៉ុន្តែ ) ព្រះមហាសិវត្ថេរពោលថា “កាលកាន់យកយ៉ាងនេះថា “អាហារដោយត្រង់ កាន់យកហើយក្នុងខាងក្រោយ, ក្នុងទីនេះ សំដៅយកអាហារដោយអម ដូច្នេះ សេចក្តីផ្សេងគ្នាក៏នឹងប្រាកដឡើង, ប៉ុន្តែលោកមិនបានកាន់យក ( យ៉ាងនោះ )” ។ តាមពិត ធម៌ដែលជាប់ទាក់ទងដោយឥន្ទ្រិយ ទាំងដែលមិនជាប់ទាក់ទងនឹងឥន្ទ្រិយគួរនឹងបានបច្ច័យនោះឯង ។ ដែលឈ្មោះថា ធម៌ វៀរចាកបច្ច័យរមែងមិនមាន, បណ្តាធម៌ទាំង ២ យ៉ាងនោះ ធម៌ដែលមិនជាប់ទាក់ទងដោយឥន្ទ្រិយ ដូច ស្មៅ ដើមឈើ និងវល្លិជាដើម រមែងមានរសផែនដី និងរសទឹកជាបច្ច័យ, ព្រោះកាលភ្លៀងមិនធ្លាក់ ស្មៅជាដើម ក៏ក្រៀមស្វិត ។ តែកាលភ្លៀងធ្លាក់ ក៏ត្រឡប់ទៅជាខៀវស្រស់ ។ រសផែនដី និងរសទឹក ជាបច្ច័យ របស់ស្មៅជាដើមទាំងនោះ ដោយប្រការដូច្នេះ ។ ធម៌ដែលជាប់ទាក់ទងដោយឥន្ទ្រិយមានជាអាទិថា អវិជ្ជា តណ្ហា កម្ម អាហារ, ជាបច្ច័យ បច្ច័យក្នុងខាងក្រោយនោះឯង លោកហៅថា អាហារ ( តែ ) ក្នុងទីនេះ លោកហៅថា សង្ខារ ព្រោះសេចក្តីផ្សេងគ្នាក្នុងរឿងនេះ មានត្រឹមប៉ុណ្ណេះ ៕