សាខល្យំ ពាក្យពីរោះ
បដិសន្ថារោ ការទទួលរាក់ទាក់
អធិប្បាយ
ពាក្យថា សាខល្យំ បានដល់ភាពជាអ្នកពោលពាក្យពីរោះ ឱនលំទោន ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមំ សាខល្យំ? យា សា វាចា អណ្ឌកា កក្កសា បរកដុកា បរាភិសជ្ជនី កោធសាមន្តា អសមាធិសំវត្តនិកា, តថារូបិំ វាចំ បហាយ យា សា វាចា នេឡា កណ្ណសុខា បេមនីយា ហទយង្គមា បោរី ពហុជនកន្តា ពហុជនមនាបា, តថារូបឹ វាចំ ភាសិតា ហោតិ ។ យា តត្ថ សណ្ហវាចតា សខិលវាចតា អផរុសវាចតា។ ឥទំ វុច្ចតិ សាខល្យំ បណ្តាធម៌ទាំងនោះ សាខល្យ តើដូចម្តេច? គឺ វាចាពកកន្ទួល វាចា
ពុកស្អុយ វាចាមិនជាទីពេញចិត្តនៃអ្នកដទៃ ជាវាចាដាលវ៉ាលដល់អ្នកដទៃ ជាសម្តីជិតការក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិ បុគ្គលលះបង់នូវវាចាបែបនោះចេញ ហើយពោលតែវាចាណាដែលគ្មានទោស ជាវាចាសុខដល់ត្រចៀក វាចាជាទីស្រឡាញ់ ជាទីពេញចិត្ត ជាវាចានៃអ្នកក្រុង ជាទីត្រេកអរនៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន វាចានោះ លោកហៅថា សាខល្យ” ។
ពាក្យថា បដិសន្ថារោ បានដល់ អាមិសបដិសន្ថារ ( ការទទួលដោយអាមិស ) និងធម្មបដិសន្ថារ ( ការទទួលដោយធម៌ ) ដូចក្រាលតាំងដោយកម្រាល ដោយលក្ខណៈដែលលោកសន្និវាសនេះ មានចន្លោះប្រហោង ២ ( ឆិទ្ទៈ ) គឺ ចន្លោះប្រហោងនៃអាមិស និងចន្លោះប្រហោងនៃធម៌ នោះ នឹងមិនប្រាកដចន្លោះប្រហោងបានឡើយ; សូម្បីក្នុងព្រះអភិធម្មក៏ពោលទុកយ៉ាងនេះថា “តត្ថ កតមោ បដិសន្ថារោ? អាមិសបដិសន្ថារោ ច ធម្មបដិ-សន្ថារោ ច ។ ឥធេកច្ចោ បដិសន្ថារកោ ហោតិ អាមិសបដិសន្ថារេន វា ធម្មបដិសន្ថា-រេន វា ។ អយំ វុច្ចតិ បដិសន្ថារោ បណ្តាធម៌ទាំងនោះ បដិសន្ថារ តើដូចម្តេច? គឺបដិសន្ថារ មាន ២ គឺ បានដល់ អាមិសបដិសន្ថារ ការទទួលរាក់ទាក់ដោយអាមិស ១ ធម្មបដិសន្ថារ ការទទួលរាក់ទាក់ដោយធម៌ ១ បុគ្គលជាអ្នកទទួលរាក់ទាក់ក្នុងលោកនេះ រមែងទទួលរាក់ទាក់ដោយអាមិសខ្លះ ដោយធម៌ខ្លះ នេះហៅថា បដិសន្ថារ” ។
ក្នុងទីនេះ ការសង្គ្រោះដោយអាមិស ឈ្មោះថា អាមិសបដិសន្ថារ ។ កាលនឹងធ្វើអាមិសបដិ-សន្ថារនោះ ដល់មាតាបិតា ក្មេងវត្ត វេយ្យាវច្ចករ ដល់ព្រះរាជា និងដល់ចោរ មិនគួរនឹងយកតែចំណែកល្អៗ ទុកហើយឲ្យ ( តែចំណែកដែលមិនល្អ ) ទេ ព្រោះកាលកាន់យកមុនហើយ ទើបឲ្យ ( ដូច្នោះ ) ព្រះរាជា និងចោរ រមែងធ្វើសេចក្តីវិនាសខ្លះ ឲ្យដល់នូវការអស់ជីវិតខ្លះ, កាលមិនកាន់យកមុនហើយឲ្យ ព្រះរាជា និងចោររមែងពេញចិត្ត ។ ក្នុងករណីបែបនេះ គួរនឹងលើកយករឿងចោរនាគជាដើម ( ជាឧទាហរណ៍ ) ។ រឿងទាំងនោះ មានសម្តែងក្នុងសមន្តប្បាសាទិកា អដ្ឋកថាព្រះវិន័យ ។ ការតាំងចិត្តសង្គ្រោះដោយធម៌យ៉ាងនេះ គឺ ឲ្យឧទ្ទេស អធិប្បាយព្រះបាលិ ពោលធម្មកថា ឈ្មោះថា ធម្មបដិសន្ថារ ។
( សង្គីតិសុត្តវណ្ណនា )
បទថា អាមិសបដិសន្ថារោ ( ការទទួលរាក់ទាក់ដោយអាមិសៈ ) បានដល់ប្រហោង ( ស្នាមបែកបាក់នៃភាពសាមគ្គី ) របស់ពួកជនដទៃជាមួយនឹងខ្លួន ព្រោះការមិនបានអាមិស រមែងបិទជិតបានដោយប្រការណា ការទទួលរាក់ទាក់ភ្ញៀវដោយអាមិសៈ ដោយប្រការនោះ ។
បទថា ធម្មបដិសន្ថារោ ( ការទទួលរាក់ទាក់ដោយធម៌ ) បានដល់ ចន្លោះប្រហោងរបស់ពួកជនដទៃជាមួយនឹងខ្លួន ព្រោះការមិនបានធម៌ រមែងបិទជិតបានដោយប្រការណា ការទទួលរាក់ទាក់ភ្ញៀវដោយធម៌ដោយប្រការនោះ។
បទថា បដិសន្ថារកោ ហោតិ ( បុគ្គលជាអ្នកទទួលរាក់ទាក់ ) សេចក្តីថា ចន្លោះប្រហោងរបស់លោកសន្និវាស មាន ២ ប៉ុណ្ណោះ បុគ្គលជាអ្នកទទួលរាក់ទាក់ ( អ្នកចុកនូវប្រហោង ) ទាំង ២ នោះ គឺ បុគ្គលជាអ្នកទទួលរាក់ទាក់នោះ រមែងចុកប្រហោង គឺធ្វើជានិច្ច ដោយការបដិសន្ថារទាំង ២ នេះ គឺ ដោយអាមិសបដិសន្ថារ ឬដោយធម្មបដិសន្ថារ ។
អាមិសបដិសន្ថារ និងធម្មបដិសន្ថារ
ពិតមែន ភិក្ខុអ្នកធ្វើបដិសន្ថារ កាលឃើញអាគន្តុកភិក្ខុមក គប្បីក្រោកឡើងទទួលរាក់ទាក់ ទទួលបាត្រចីវរ ប្រគេនអាសនៈ បក់ដោយផ្លិតស្លឹកត្នោត លាងជើង លាបប្រេង កាលមានទឹកដោះថ្លា និងទឹកអំពៅ ក៏គប្បីប្រគេនជាភេសជ្ជៈគប្បីអើពើដោយទឹកផឹក គប្បីចាត់ទីអាស្រ័យដោយអាការយ៉ាងនេះ ឈ្មោះថា អាមិសបដិសន្ថារដែលភិក្ខុធ្វើដោយឯកទេស ។
មួយទៀត ក្នុងវេលាល្ងាច កាលភិក្ខុដែលនៅខ្ចីជាង នៅមិនទាន់មកកាន់ទីបម្រើរបស់ខ្លួននុ៎ះឯង គួរទៅកាន់សម្នាក់របស់ភិក្ខុអាគន្តុកៈនោះ គប្បីអង្គុយសួរបញ្ហាក្នុងវិស័យ មិនមែនសួរបញ្ហាដែលហួសអំពីវិស័យរបស់លោក គឺមិនសួរថា ពួកលោករៀននិកាយណា គប្បីសួរថា អាចារ្យ និងឧបជ្ឈាយ៍ របស់លោកជំនាញគម្ពីរណា ដូច្នេះ ហើយសួរបញ្ហាក្នុងឋានៈដែលសមគួរ ។ បើលោកអាចឆ្លើយបាន ការនុ៎ះជាការល្អ ។ បើលោកមិនអាចឆ្លើយបានក៏គប្បីឆ្លើយដោយខ្លួនឯង ដោយអាការយ៉ាងនេះ ឈ្មោះថា ធម្មបដិសន្ថារដែលភិក្ខុធ្វើដោយឯកទេស ។
បើលោកនៅក្នុងសំណាក់របស់ខ្លួន គប្បីនាំលោកទៅបិណ្ឌបាតជានិច្ច បើលោកប្រាថ្នាដើម្បីនឹងទៅ ថ្ងៃស្អែកឡើង ក៏គប្បីនាំលោកទៅក្នុងទិសដែលគួរទៅ ត្រាច់បិណ្ឌបាតក្នុងស្រុកមួយហើយ ក៏គប្បីបញ្ជូនលោកត្រឡប់មកវិញ ។ បើពួកភិក្ខុត្រូវនិមន្តក្នុងទិសដទៃ ក៏គប្បីនាំភិក្ខុនោះ អ្នកប្រាថ្នាទៅផង កាលមិនប្រាថ្នានឹងទៅ ដោយគិតថា ទិសនេះមិនគួរដល់យើង ដូច្នេះ ក៏គប្បីបញ្ជូនពួកភិក្ខុដទៃទៀតឲ្យទៅ ហើយនាំលោកត្រាច់បិណ្ឌបាត អាមិសដែលខ្លួនបានហើយ គប្បីប្រគេនលោក យ៉ាងនេះឈ្មោះថា អាមិសបដិសន្ថារដែលភិក្ខុធ្វើហើយ ។
សំណួរ៖ អាមិសដែលខ្លួនបានហើយ បដិសន្ថារកភិក្ខុ ( ភិក្ខុអ្នកទទួលរាក់ទាក់ ) គប្បីប្រគេនអ្នកណា?
ចម្លើយ៖ គប្បីប្រគេនភិក្ខុអាគន្តុកៈមុន បើភិក្ខុមានអាពាធ ឬនៅមិនទាន់មានវស្សា ក៏គប្បីប្រគេនដល់ភិក្ខុមានអាពាធជាដើមទាំងនោះ គប្បីប្រគេនដល់អាចារ្យ និងឧបជ្ឈាយ៍ គប្បីប្រគេនដល់ភិក្ខុអ្នកចែកភណ្ឌៈ តែភិក្ខុអ្នកបំពេញសារាណីយធម៌ គប្បីប្រគេនដល់ភិក្ខុទាំងឡាយដែលមកហើយៗ សូម្បីមួយរយលើក មួយពាន់លើក ចាប់ផ្តើមអំពីថេរាសនៈទៅ ចំណែកភិក្ខុអ្នកទទួលរាក់ទាក់ គប្បីឲ្យដល់ភិក្ខុដែលនៅមិនទាន់បាន ចេញទៅកាន់ស្រុកហើយឃើញភិក្ខុ ឬភិក្ខុនីដែលជរា ឬគ្មានទីពឹង ក៏គប្បីប្រគេនដល់ពួកលោកទាំងនោះ ។ នេះឈ្មោះថា អាមិសបដិសន្ថារ ។
ក្នុងសេចក្តីនោះ មានរឿងនេះ ជាឧទាហរណ៍៖
បានឮថា កាលពួកចោរប្លន់ស្រុក ឈ្មោះថា គុត្តសាលា ក្នុងខណៈនោះ ព្រះខីណាសវត្ថេរីមួយរូប ចេញអំពីនិរោធសមាបត្តិហើយ ឲ្យភិក្ខុនីកាន់យករបស់ទៅកាន់ផ្លូវ ជាមួយនឹងមហាជន ដល់ទ្វារស្រុកនកុលនគរអង្គុយនៅក្បែរគល់ឈើក្នុងវេលាថ្ងៃត្រង់ ក្នុងសម័យនោះ ព្រះមហានាគត្ថេរអ្នកនៅក្នុងវិហារកាឡវល្លិមណ្ឌប ត្រាច់បិណ្ឌបាតក្នុងស្រុកនកុលនគរ ចេញមកវិញ ឃើញព្រះថេរី ទើបសួរអើពើដោយភត្ត ព្រះថេរីឆ្លើយថា ខ្ញុំម្ចាស់ មិនមានបាត្រ ព្រះថេរៈបានឲ្យភត្ត ព្រមទាំងបាត្រថា និមន្តនាងឆាន់ ដោយបាត្រនេះ ។ ព្រះថេរីធ្វើភត្តកិច្ចស្រេចហើយ លាងបាត្រថ្វាយព្រះថេរៈហើយពោលថា លោកម្ចាស់លំបាកដោយភិក្ខាចារ ត្រឹមតែមួយថ្ងៃនេះប៉ុណ្ណោះ ចាប់តាំងអំពីថ្ងៃនេះទៅ ដែលឈ្មោះថា ការលំបាកដោយភិក្ខាចាររបស់លោកម្ចាស់ នឹងមិនកើតឡើងដល់លោកម្ចាស់ទៀតទេ ដូច្នេះ ចាប់តាំងអំពីថ្ងៃនោះ ដែលឈ្មោះថា បិណ្ឌបាតមានតម្លៃជាងមួយកហាបណៈ មិនបានកើតឡើងដល់ព្រះថេរៈឡើយ ( មានតែបិណ្ឌបាតដែលមានតម្លៃថ្លៃប៉ុណ្ណោះ ដែលកើតឡើង ) ដល់លោក នេះឈ្មោះថា អាមិសបដិសន្ថារ ។
ភិក្ខុអ្នកធ្វើបដិសន្ថារនេះ គួរតាំងនៅក្នុងផ្នែកសង្គ្រោះប្រាប់កម្មដ្ឋាន ដល់ភិក្ខុនោះ គប្បីប្រាប់ធម៌ គប្បីកម្ចាត់សេចក្តីសង្ស័យ គប្បីធ្វើករណីយកិច្ចដែលកើតឡើង គប្បីឲ្យអព្ភាន វុដ្ឋាន មានត្ត និងបរិវាស អ្នកដែលគួរបព្វជ្ជា ក៏គប្បីឲ្យបព្វជ្ជា អ្នកដែលគួរឧបសម្បទ ក៏គប្បីឲ្យឧបសម្បទ ។ ការធ្វើកម្មវាចា សូម្បីដល់ភិក្ខុនីដែលប្រាថ្នាឧបសម្បទ ក្នុងសំណាក់របស់ខ្លួនក៏គួរ នេះឈ្មោះថា ធម្មបដិសន្ថារ ។
អានិសង្សនៃបដិសន្ថារ
ភិក្ខុអ្នកធ្វើបដិសន្ថារទាំង ២ នេះ រមែងញ៉ាំងលាភ ដែលនៅមិនទាន់កើតឡើងឲ្យកើតឡើងបាន រមែងធ្វើបានដែលកើតឡើងហើយ ឲ្យរឹងរឹតតែមាំទាំឡើង រមែងរក្សាជីវិតរបស់ខ្លួន ក្នុងឋានៈដែលតានតឹង ( គឺប្រកបដោយភ័យដ៏កាចសាហាវ ) បាន ដូចព្រះថេរៈ ( ដែលឋិតនៅក្នុងស្ថានការណ៍ដ៏តានតឹង ) យកដៃចាប់បាត្រនុ៎ះឯង កាន់យកភត្តដ៏ប្រសើរ កៀរភត្តក្នុងបាត្រទាំងអស់ ថ្វាយព្រះបាទចោរនាគ ដូច្នោះ ។
ចំណែកការញ៉ាំងលាភដែលនៅមិនទាន់កើតឡើង ឲ្យកើតឡើង បណ្ឌិតគប្បីសម្តែងដល់រឿងការថ្វាយមហាភេសជ្ជៈ ដែលព្រះបាទមហានាគ យាងគេចអំពីត្រើយអាយទៅកាន់ត្រើយនាយ ហើយបានទទួលការអនុគ្រោះ ក្នុងសំណាក់របស់ព្រះថេរៈមួយរូប បានត្រឡប់មកតាំងនៅ ក្នុងរាជសម្បត្តិទៀត ទ្រង់ឲ្យប្រព្រឹត្តទៅក្នុងទីលានសេតម្ពវិហារ អស់មួយជីវិតរបស់ទ្រង់ ។ ក្នុងការធ្វើលាភដែលកើតឡើងហើយ ឲ្យរឹងរឹតតែមាំទាំឡើង គប្បីសម្តែងរឿងដែលពួកចោរ ទទួលបដិសន្ថារអំពីដៃ របស់ព្រះទីឃភាណកអភយត្ថេរហើយ មិនប្លន់ភណ្ឌៈក្នុងចេតិយបព៌ត ។
( អដ្ឋសាលិនី អដ្ឋកថា )