តិស្សោ កង្ខា សេចក្តីសង្ស័យ ៣ យ៉ាង គឺ៖
១. អតីតំ វា អទ្ធានំ អារព្ភ កង្ខតិ វិចិកិច្ឆតិ នាធិមុច្ចតិ ន សម្បសីទតិ បុគ្គលរមែងសង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះព្រោះប្រារព្ធនូវអតីតកាល
២. អនាគតំ វា អទ្ធានំ អារព្ភ កង្ខតិ វិចិកិច្ឆតិ នាធិមុច្ចតិ ន សម្បសីទតិ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះព្រោះប្រារព្ធនូវអនាគតកាល
៣. ឯតរហិ វា បច្ចុប្បន្នំ អទ្ធានំ អារព្ភ កង្ខតិ វិចិកិច្ឆតិ នាធិមុច្ចតិ ន សម្បសីទតិ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះព្រោះប្រារព្ធនូវបច្ចុប្បន្នកាល
( បិដកលេខ ១៩ ទំព័រ ១៣៨ )
អធិប្បាយ
អវិជ្ជា ឈ្មោះថា តមៈ ( ងងឹត ) ក្នុងពាក្យថា តយោ តមា ព្រោះព្រះបាលីថា “តមន្ធការោ សម្មោហោ អវិជ្ជោឃោ មហាភយោ អន្លង់ទឹកគឺអវិជ្ជា ធ្វើឲ្យងងឹត វង្វេង មានភ័យច្រើន”។ តែក្នុងទីនេះ លោកពោលដល់វិចិកិច្ឆា ដោយប្រធានថា អវិជ្ជា ។ ពាក្យថា អារព្ភ=អាគម្ម ប្រែថា មកដល់ ឬអាស្រ័យ ។ ពាក្យថា កង្ខតិ សេចក្តីថា ឲ្យកើតសេចក្តីសង្ស័យ ។ ពាក្យថា វិចិកិច្ឆតិ សេចក្តីថា កាលជ្រើសរើសរមែងដល់នូវអាការស្ទាក់ស្ទើរ មិនអាចសម្រេចចិត្តបាន ។ បទថា នាធិមុច្ចតិ សេចក្តីថា មិនអាចជឿស៊ប់ក្នុងកាលនោះ ។ បទថា ន សម្បសីទតិ សេចក្តីថា មិនអាចដើម្បីនឹងបណ្តុះសេចក្តីជ្រះស្រឡះដោយអាស្រ័យកាលនោះ ។