អបរេបិ តយោ អគ្គិ ភ្លើង ៣ យ៉ាងដទៃទៀត គឺ៖
១. អាហុនេយ្យគ្គិ ភ្លើងគឺអាហុនេយ្យបុគ្គល
២. ទក្ខិណេយ្យគ្គិ ភ្លើងគឺទក្ខិណេយ្យបុគ្គល
៣. គហបតគ្គិ ភ្លើងគឺគហបតី
( បិដកលេខ ១៩ ទំព័រ ១៣៩ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា អាហុនេយ្យគ្គិ ជាដើម៖
គ្រឿងសក្ការៈ លោកហៅថាអាហុនៈ។ បុគ្គលដែលគួរដល់អាហុនៈ ឈ្មោះថា អាហុនេយ្យ។ តាមពិត មាតាបិតា រមែងគួរដល់អាហុនៈ ព្រោះលោកមានឧបការៈជាច្រើនដល់បុត្រ។ បុត្រទាំងឡាយកាលបដិបត្តិខុសក្នុងមាតាបិតា ក៏រមែងទៅកើតក្នុងអបាយមាននរកជាដើម,ហេតុនោះ សូម្បីមាតាបិតាមិនបានតាមដុតបុត្រក៏ដោយ ប៉ុន្តែក៏ជាដើមហេតុនៃការដែលបុត្រនោះត្រូវដុតដែរ ។ លោកហៅថា អាហុនេយ្យគ្គិ ( ភ្លើងគឺអាហុនេយ្យបុគ្គល ) ដោយអត្ថថា តាមដុតកម្តៅ ដោយប្រការដូច្នេះ ។
សេចក្តីនេះគប្បីជ្រាបដោយរឿងមិត្តវិន្ទុកៈ ( ជាឧទាហរណ៍ ) ៖
មានតំណាលមកថា បុរសឈ្មោះមិត្តវិន្ទុកៈ ត្រូវមាតាពោលថា “កូនអើយ ថ្ងៃនេះ ឯងចូររក្សាឧបោសថ ស្តាប់ធម៌នៅវត្តអស់មួយយប់មួយថ្ងៃ ម៉ែនឹងឲ្យរង្វាន់ឯងមួយពាន់” ដោយសេចក្តីលោភលន់ចង់បានទ្រព្យ ទើបខំសមាទានឧបោសថ ទៅវត្ត ដោយគិតថា “នៅត្រង់នេះ រួចខ្លួន” ទើបលបចូលទៅដេកនៅក្រោមធម្មាសនៈ ដេកពេញមួយយប់ ( ព្រឹកឡើង ) ក៏ត្រឡប់មកផ្ទះវិញ ។ ចំណែកម្តាយដាំបបរទុក តាំងអំពីព្រលឹម រួចហើយក៏លើកយកមកឲ្យកូន ។ មិត្តវិន្ទុកៈហុតបបរទាំងដែលដៃនៅក្តាប់ប្រាក់មួយពាន់ទុក ។ តមក គេមានគំនិតយ៉ាងនេះថា អញនឹងសន្សំទ្រព្យ ។ ក៏គិតចង់ទៅ
( ជួញដូរ ) តាមនាវាឆ្លងកាត់សមុទ្រ ។ ពេលនោះម្តាយ បានហាមឃាត់គេថា “កូនអើយ ក្នុងត្រកូលយើងនេះ មានទ្រព្យដល់ ៤០ កោដិហើយ អ្នកកុំទៅឡើយ” ។ គេមិនយកចិត្តទុកដាក់ស្តាប់ពាក្យអង្វររបស់ម្តាយឡើយ ចចេសចង់ទៅឲ្យទាល់តែបាន ។ ម្តាយគេទើបឈរពាំងខាងមុខ គេខឹងនឹងម្តាយថា “មេនេះ មកឈរពាំងមុខយើង” ទើបទាត់ម្តាយឲ្យដួល ហើយដើរកន្លងគាត់ទៅ ។ ម្តាយក្រោកឡើងនិយាយថា “កូនអើយ ឯងនឹងសម្គាល់ថា ធ្វើអំពើបែបនេះក្នុងជនដែលជាម៉ែដូចយើង ហើយធ្វើដំណើរទៅ នឹងមានសេចក្តីសុខក្នុងទីដែលប្រាថ្នានឹងទៅឲ្យសោះ” ។ កាលមិត្តវិន្ទុកៈឡើងនាវាទៅ ដល់ថ្ងៃទី ៧ នាវាក៏កឿង ( ដោយមិនដឹងពីមូលហេតុ ) ។ ជនទាំងឡាយ ( ដែលនៅក្នុងនាវា ) នោះនាំគ្នានិយាយថា “ក្នុងនាវានេះ ប្រាកដជាមានមនុស្សអាក្រក់ ចូរនាំចាប់ស្លាកមើល” ។ កាលចាប់ស្លាក ក៏ធ្លាក់ទៅលើមិត្តវិន្ទុកៈនុ៎ះឯង ដល់ ៣ ដង ។ ជនទាំងនោះ ក៏យកគេដាក់លើក្បូន បណ្តែតតាមសមុទ្រ ។ គេទៅដល់កោះមួយកន្លែង សោយសម្បត្តិជាមួយនឹងនាងវេមានិកប្រេត កាលប្រេតទាំងនោះប្រាប់ថា កុំទៅអី គេនៅតែចចេសទៅបន្តទៀត ក៏ត្រឡប់ឃើញសម្បត្តិ ( ខាងមុខ ) គុណជាពីរ ច្រើនឡើងៗ រហូតទាល់តែបានជួបសត្វមួយក្បាលមានកងចក្រមុត ( កំពុងខៃក្បាល ) ។ គេឃើញកងចក្រនោះដូចជាផ្កាឈូក ។ ទើបពោលនឹងសត្វនោះថា “នែឯងចូរឲ្យផ្កាឈូកដែលឯងពាក់នេះដល់យើង” ។ សត្វនោះពោលថា “នែអ្នកកំលោះ នេះមិនមែនផ្កាឈូកទេ នេះជាកងចក្រដ៏មុត” ។ គេត្រឡប់ជានិយាយថា “ឯងកុហក ផ្កាឈូកសោះ ហេតុអីក៏យើងមិនធ្លាប់ឃើញ” ដូច្នេះហើយ ពោលបន្តទៀតថា “ឯងលាបខ្លឹមចន្ទន៍ក្រហមហើយ មិនចង់ឲ្យផ្កាឈូកជាគ្រឿងប្រដាប់ដល់ខ្ញុំទៀត” ។ សត្វនោះគិតថា “បុរសនេះគង់តែនឹងធ្វើកម្មណានីមួយដូចយើង ទើបចង់សោយផលនៃកម្មនោះ” បន្ទាប់មក ទើបពោលនឹងមិត្តវិន្ទុកៈថា “ណ្ហើយចុះ ខ្ញុំឲ្យឯង” ហើយផ្ទេរកងចក្រទៅលើក្បាលរបស់គេ ។ ដោយហេតុនោះ លោកទើបពោលថា
ចតុព្ភិ អដ្ឋជ្ឈគមា អដ្ឋាហិបិ ច សោឡស
សោឡសាហិ ច ពាត្តឹស អត្រិច្ឆំ ចក្កមាសទោ
ឥច្ឆាហតស្ស បោសស្ស ចក្កំ ភមតិ មត្ថកេ
“បានបួនហើយ ចង់បានប្រាំបី បានប្រាំបីហើយ ចង់បាន ១៦ បាន ១៦ ហើយ ចង់បាន ៣២ ទើបត្រូវមកទូលកងចក្រ ជនដែលត្រូវសេចក្តីលោភលន់គ្របសង្កត់ កងចក្ររមែងខៃក្បាលជននោះ” ។
គហបតគ្គិ
អ្នកជាម្ចាស់ផ្ទះ ( ជាធំក្នុងផ្ទះ ) លោកហៅថា គហបតី, គហបតីនោះ ឈ្មោះថា មានឧបការៈច្រើន ដល់មាតុគ្រាម ដោយការប្រគល់ឲ្យនូវទីដេក, សម្លៀកបំពាក់ គ្រឿងអលង្ការជាដើម ។ មាតុគ្រាម ប្រព្រឹត្តក្បត់ចិត្តគហបតី រមែងទៅកើតក្នុងអបាយមាននរកជាដើម ហេតុនោះ គហបតីនោះ លោកទើបហៅថា គហបតគ្គិ ដោយអត្ថថា តាមដុតដោយន័យមុនដូចគ្នា ។
ក្នុងសេចក្តីនេះ មានរឿង ( ជាឧទាហរណ៍ ) ៖
ក្នុងសម័យនៃព្រះកស្សបសម្ពុទ្ធ ភរិយារបស់ឧបាសកជាសោតាបន្នបុគ្គល បានប្រព្រឹត្តក្បត់ចិត្តស្វាមី ។ ឧបាសកឃើញហេតុការណ៍នោះដោយប្រចក្ស ទើបពោលថា “ហេតុអ្វី នាងទើបធ្វើយ៉ាងនេះ” ភរិយាតបថា “បើនាងខ្ញុំធ្វើអំពើបែបនោះ ( ពិតដូចលោកនិយាយ ) សូមឲ្យឆ្កែមួយក្បាលនេះ ខាំស៊ីខ្ញុំចុះ” ដូច្នេះហើយ ពេលស្លាប់ទៅកើតជាវេមានិកប្រេតនៅនាស្រះកណ្ណមុណ្ឌក ។ ពេលថ្ងៃសោយទិព្វសម្បត្តិ ពេលយប់សោយទុក្ខទោស ។ គ្រានោះ ព្រះបាទពារាណសី ទ្រង់យាងបរបាញ់ម្រឹគ ចូលទៅក្នុងព្រៃ ស្តេចយាងទៅដល់ស្រះកណ្ណមុណ្ឌក តាមលំដាប់ បានសោយទិព្វសម្បត្តិជាមួយនឹងនាង ។ ស្រីប្រេតបញ្ឆោតព្រះរាជា ពេលយប់ឡើងសោយសេចក្តីទុក្ខ ។ ព្រះរាជាទ្រង់ជ្រាបរឿងនោះហើយ ទ្រង់សង្ស័យថា “នាងទៅណាហ្ន៎?” ទើបស្តេចយាងតាមទៅខាងក្រោយ ទ្រង់ឈប់នៅក្នុងទីមិនឆ្ងាយ ទតឃើញឆ្កែមួយក្បាលចេញមកពីស្រះកណ្ណមុណ្ឌក ខាំស៊ីនាង ឮសូរក្រុបៗ ទើបទ្រង់កាប់ដោយព្រះសែងដាច់ជាពីរកំណាត់ ។ ឆ្កែនោះក៏កើតជា ២ ក្បាល ។ កាលត្រូវកាប់ដាច់ទៀត ក៏ឡើងទៅជា ៤ ក្បាល ។ កាលត្រូវកាប់ដាច់ទៀត ក៏ឡើងជា ៨ ក្បាល ។ កាលត្រូវកាប់ដាច់ទៀត ក៏ឡើងជា ១៦ ។ នាងក្រាបទូលសួរថា “បពិត្រព្រះស្វាមី ព្រះអង្គទ្រង់ធ្វើអី?" ទ្រង់ត្រាស់សួរទៅវិញថា "នេះជាស្អី?" ។ នាងក្រាបទូលថា "ក្រាបទូលព្រះអង្គ ទ្រង់កុំធ្វើយ៉ាងនោះទៀត សូមទ្រង់ស្តោះទឹកមាត់លើដីហើយហើយឈ្លីដោយព្រះបាទ" ទ្រង់ធ្វើតាមពាក្យប្រាប់របស់នាង ។ ឆ្កែទាំងឡាយក៏បាត់មួយរំពេច ។ ថ្ងៃនោះ ដល់ពេលដែលនាងអស់បាបកម្ម ។ ព្រះរាជាទ្រង់មិនសប្បាយព្រះទ័យ ទើបទ្រង់ចង់យាងត្រឡប់ទៅវិញ ។ នាងឃាត់ថា “បពិត្រស្វាមី កម្មរបស់ខ្ញុំម្ចាស់អស់ហើយ ទ្រង់កុំយាងទៅឡើយ” ។ ព្រះរាជាទ្រង់មិនស្តាប់ នៅតែយាងត្រឡប់ទៅវិញទាល់តែបាន ។
ទក្ខិណេយ្យគ្គិ
ចំណែកឯក្នុងពាក្យថា ទក្ខិណេយ្យគ្គិ នេះ ពាក្យថា ទក្ខិណា គឺបច្ច័យ ៤ ។ ភិក្ខុសង្ឃ ឈ្មោះថា ទក្ខិណេយ្យបុគ្គល ។ ភិក្ខុសង្ឃ ឈ្មោះថា មានឧបការច្រើនដល់គ្រហស្ថ ដោយការបបួលដឹកនាំ ឲ្យប្រព្រឹត្តក្នុងកល្យាណធម៌ទាំងឡាយជាដើមថា សរណៈ ៣ សីល ៥ សីល ១០ ការចិញ្ចឹមមើលថែមាតាបិតា ការទំនុកបម្រុងសមណព្រាហ្មណ៍ជាអ្នកមានធម៌ ។ គ្រហស្ថដែលបដិបត្តិខុសក្នុងភិក្ខុសង្ឃ ជេរប្រទេចផ្តាសាចំពោះភិក្ខុសង្ឃ រមែងទៅកើតក្នុងអបាយមាននរកជាដើម ហេតុនោះ សូម្បីភិក្ខុសង្ឃ លោកក៏ហៅថា ទក្ខិណេយ្យគ្គិ ដោយអត្ថថា តាមដុត ដោយន័យមុនដូចគ្នា ។ ហើយដើម្បីឲ្យសេចក្តីនេះជាក់ច្បាស់ គួរនឹងសម្តែងរឿងវេមានិកប្រេតដោយពិស្តារផងចុះ ។