តយោ អគ្គី ភ្លើង ៣ យ៉ាង គឺ៖
១. រាគគ្គិ ភ្លើងគឺរាគៈ
២. ទោសគ្គិ ភ្លើងគឺទោសៈ
៣. មោហគ្គិ ភ្លើងគឺមោហៈ
( បិដកលេខ ១៩ ទំព័រ ១៣៩ )
អធិប្បាយ
ពាក្យថា អគ្គិ មានវចនត្ថសម្តែងថា ឈ្មោះថា អគ្គិ ព្រោះអត្ថថា តាមដុតកម្តៅ [ អនុទហនដ្ឋេន អគ្គិ ] ។ ពាក្យថា រាគគ្គិ មានពាក្យដែលលោកសម្តែងថា រាគៈ កាលកើតឡើង រមែងតាមដុតសត្វឲ្យក្តៅ ហេតុនោះ លោកទើបហៅថា អគ្គិ ។ សូម្បីភ្លើង ២ យ៉ាងទៀត ក៏មានន័យនេះដូចគ្នា ។
រាគគ្គិ ភ្លើងគឺរាគៈនោះ មានរឿង ( ជាឧទាហរណ៍ ) ៖
ភិក្ខុនីក្រមុំមួយរូប ទៅកាន់រោងឧបោសថ នាចិត្តលបព្វតវិហារ ឈរសម្លឹងមើលរាងកាយរបស់នាយទ្វារបាល ( អ្នកយាមទ្វារ ) ។ គ្រានោះ រាគៈក៏កើតឡើង ខាងក្នុងចិត្តរបស់នាង នាងត្រូវរាគៈនោះឯងដុតរហូតដល់ស្លាប់ ( ក្នុងខណៈដែលឈរនៅត្រង់ទីនោះឯង ) ។ ពួកភិក្ខុនី កាលត្រឡប់ទៅវិញ ទើបពោលឡើងថា “ភិក្ខុនីរូបនេះ ឈរ ( នៅត្រង់ទីនោះឯង ), ទៅហៅនាងមក” ។ ភិក្ខុនីមួយរូបដើរទៅចាប់ដៃ និយាយថា “មកឈរធ្វើអ្វីនៅទីនេះ?” ពេលប៉ះត្រូវរាងកាយភិក្ខុនីក្រមុំនោះ ក៏ដួលចុះ ។ នេះជារឿងដែលរាគៈតាមដុតកម្តៅ ។
ចំណែករឿងដែលទោសៈតាមដុតនោះ ក៏ដូចពួកទេវតាប្រភេទមនោបទោសិកា ( ពួកទេវតាដែលប្រទូស្តដោយចិត្ត គឺ ក្រោធខឹងហើយត្រូវចុតិ ) ។ រឿងដែលមោហៈតាមដុតនោះ គប្បីឃើញដូចពួកទេវតាប្រភេទខិឌ្ឌាបទោសិកា ( ពួកទេវតាដែលត្រូវអន្តរាយដោយការលេង )។ គឺ ទេវតាពួកនោះវង្វេងភ្លេចសតិដោយអំណាចមោហៈ ។ ព្រោះហេតុនោះ ហួសពេលបរិភោគអាហារទៅហើយ រវល់តែលេង ទើបត្រូវអស់ជីវិត ។