តិស្សោ កាមុបបត្តិយោ ការសេពកាម ៣ យ៉ាង គឺ៖
១. សន្តាវុសោ សត្តា បច្ចុបដ្ឋិតកាមា តេ បច្ចុបដ្ឋិតេសុ កាមេសុ វសំ វត្តេន្តិ សេយ្យថាបិ មនុស្សា ឯកច្ចេ ច ទេវា ឯកច្ចេ ច វិនិបាតិកា អយំ បឋមា កាមុបបត្តិ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាមតាំងឡើង ពួកសត្វទាំងនោះធ្វើអំណាចឲ្យប្រព្រឹត្តទៅក្នុងកាមទាំងឡាយដែលតាំងឡើង ដូចជាមនុស្សទាំងអស់ និងទេវតាពួកខ្លះ១ និងវិនិបាតិកពួកខ្លះ២ នេះជាការសេពកាមទី ១
២. សន្តាវុសោ សត្តា និម្មិតកាមា តេ និម្មិនិត្វា និម្មិនិត្វា កាមេសុ វសំ វត្តេន្តិ សេយ្យថាបិ ទេវា និម្មានរតី អយំ ទុតិយា កាមុបបត្តិ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាមដែលខ្លួននិម្មិតហើយ ពួកសត្វទាំងនោះ លុះនិម្មិតហើយៗ ក៏ធ្វើអំណាចឲ្យប្រព្រឹត្តទៅក្នុងកាមទាំងឡាយ ដូចជាពួកទេវតាក្នុងជាន់និម្មានរតី នេះជាការសេពកាមទី ២
៣. សន្តាវុសោ សត្តា បរនិម្មិតកាមា តេ បរនិម្មិតេសុ កាមេសុ វសំ វត្តេន្តិ សេយ្យថាបិ ទេវា បរនិម្មិតវសវត្តី អយំ តតិយា កាមុបបត្តិ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាមដែលទេវតាដទៃនិម្មិតឲ្យ ពួកសត្វទាំងនោះ ធ្វើអំណាចឲ្យប្រព្រឹត្តទៅក្នុងកាមទាំងឡាយដែលទេវតាដទៃនិម្មិតឲ្យ ដូចជាពួកទេវតាក្នុងជាន់បរនិម្មិត-វសវត្តី នេះជាការសេពកាមទី ៣
( បិដកលេខ ១៩ ទំព័រ ១៤០-១ )
អធិប្បាយ
បទថា កាមុបបត្តិ ( ការសេពកាម ) មានសេចក្តីថា ចូលទៅសេពកាមឬបានចំពោះនូវកាម។ បទថា បច្ចុបដ្ឋិតកាមា ( មានកាមតាំងឡើង ) បានដល់ អ្នកមានកាមចងរួបរឹតទុក គឺ អ្នកមានអារម្មណ៍ត្រូវកាមរួបរឹត ។ ពាក្យថា សេយ្យថាបិ មនុស្សា ( ដូចជាមនុស្សទាំងអស់ ) គឺ ដូចពួកមនុស្ស ។ ព្រោះថា ពួកមនុស្ស រមែងញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅក្នុងវត្ថុដែលជាប់ជំពាក់ប៉ុណ្ណោះ មានចិត្តប្រតិព័ទ្ធក្នុងមាតុគ្រាមណា ក៏ឲ្យប្រាក់មួយរយខ្លះ ពីររយខ្លះ ហើយនាំមាតុគ្រាមនោះមកបរិភោគភោគៈដែលជាប់ពាក់ព័ន្ធ ។ ទេវតាដែលនៅក្នុងទេវលោក ៤ ពួក ឈ្មោះថា ទេវតាពួកខ្លះ ។ សូម្បីពួកទេវតាទាំងនោះ ក៏ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅក្នុងវត្ថុដែលពាក់ព័ន្ធនុ៎ះឯង ។ ពួកទេវតាដ៏សេស វៀរសត្វនរកចេញ ឈ្មោះថា ពួកវិនិបាត ។ ព្រោះសូម្បីត្រី និងអណ្តើកជាដើម ក៏ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅក្នុងវត្ថុដែលជាប់ជំពាក់នោះឯង ។ អធិប្បាយថា ត្រីក៏ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅជាមួយនឹងត្រី អណ្តើកក៏ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅជាមួយនឹងអណ្តើក ។
ពីរបទថា និម្មិនិត្វា និម្មិនិត្វា ( និម្មិតហើយៗ ) សេចក្តីថានិម្មិតរូបនោះៗ ជាទីប្រាថ្នាសម្រាប់ខ្លួន មានរូបពណ៌ខៀវ និងរូបពណ៌លឿងជាដើម ដូចទេវតាពួកមនាបកាយិកា និម្មិតរូបទុកខាងមុខព្រះភក្ត្រព្រះអនុរុទ្ធត្ថេរ ដូច្នោះ ។ បទថា និម្មានរតី សេចក្តីថា ឈ្មោះថា ទេវតាពួកនិម្មានរតី ព្រោះអត្ថថា ទេវតាទាំងនោះ ត្រេកអរក្នុងរបស់និម្មិតដែលខ្លួននិម្មិតហើយៗ យ៉ាងនោះ ។ បទថា បរនិម្មិតកាមា ប្រែថា អ្នកមានកាមដែលអ្នកដទៃនិម្មិតឲ្យ ។ ព្រោះថា ពួកទេវតាដទៃដឹងចិត្តរបស់ទេវតាទាំងនោះ ហើយក៏និម្មិតកាមភោគៈតាមសេចក្តីពេញចិត្តឲ្យ ទេវតាទាំងនោះ រមែងញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅក្នុងកាមភោគៈនោះនុ៎ះឯង ។
សួរថា អ្នកដទៃដឹងចិត្តរបស់អ្នកដទៃបានយ៉ាងដូចម្តេច?
ឆ្លើយថា ដឹងបានដោយអំណាចការសេពតាមប្រក្រតី ។ ឧបមាដូចចុងភៅដ៏ឈ្លាសវៃ កាលព្រះរាជាសោយ រមែងដឹងបានថា ព្រះរាជាអង្គនោះទ្រង់ទទួលវត្ថុណាច្រើន ព្រះអង្គទ្រង់សព្វព្រះទ័យក្នុងវត្ថុនោះ ។ អ្នកដទៃដឹងអារម្មណ៍ដែលគេគាប់ចិត្តច្រើនតាមប្រក្រតី ដោយអាការយ៉ាងនេះហើយ ទើបនិម្មិតអារម្មណ៍បែបនោះឯងឲ្យ ពួកគេរមែងញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅក្នុងវត្ថុដែលគេនិម្មិតឲ្យនោះ គឺសេពមេថុន ។
ចំណែកព្រះថេរៈអង្គខ្លះពោលថា កាមកិច្ចរមែងសម្រេចដល់ពួកគេ ដោយអាការគ្រាន់តែសើច គ្រាន់តែសម្លឹងមើល និងគ្រាន់តែឱបរឹត ។ ពាក្យរបស់ព្រះថេរៈទាំងនោះ ត្រូវជំទាស់ទុកក្នុងអដ្ឋកថាថា ពាក្យនោះមិនមាន ។
ន ហិ កាយេន អផុសន្តស្ស ផោដ្ឋព្វំ កាមកិច្ចំ សាធេតិ ។
កាមកិច្ចដែលគប្បីប៉ះពាល់ នឹងសម្រេចដល់អ្នកដែលមិនប៉ះពាល់ដោយកាយ មិនមានទេ ។
ព្រោះថា កាមទាំងឡាយរបស់ពួកទេវតាទាំង ៦ ជាន់ ( ឆកាមាវចរ ) ប្រព្រឹត្តទៅតាមប្រក្រតីដូចគ្នា ។ សមដូចពាក្យដែលព្រះតម្រាស់ដែលត្រាស់ទុកថា៖
ឆ ឯតេ កាមាវចរា សព្វកាមសមិទ្ធិនោ
សព្វេសំ ឯកសង្ខាតំ អាយុ ភវតិ កិត្តកំ ។
“ពួកទេវតាឆកាមាវចរទាំងនោះ ដល់ព្រមដោយកាមទាំងពួង អាយុរបស់ពួកទេវតាទាំងនោះ កាលរាប់រួមគ្នានឹងមានប៉ុន្មាន” ។
១. បានដល់ កាមាវចរទេវតាទាំង ៤ ជាន់ គឺ ចាតុម្មហារាជិកា ១ តាវត្តឹង្ស ១ យាមា ១ តុសិត ១
២. បានដល់ អបាយិកសត្វទាំង ៣ វៀរលែងនរកចេញ